យើងធ្លាប់តែលឺគេទិញបណ្ដុំ GPU ច្រើនគ្រាប់ មករៀបជាម៉ាស៊ីនជីកកាក់អេឡិចត្រូនិក តែថ្មីៗនេះស្រាប់តែចេញដំណឹងពាក់ព័ន្ធនឹងរថយន្តអគ្គិសនីជីកកាក់វិញម្តង ដែលអភិវឌ្ឍដោយក្រុមហ៊ុន Daymak របស់កាណាដា។
នោះគឺជារថយន្តម៉ូដែល Spiritus ដែលវាជារថយន្តអគ្គិសនីដំបូងក្នុងលោក ដែលមានមុខងារអាចជីកកាក់ Bitcoin កំឡុងពេលអ្នកចតរថយន្តចោល ឬពេលសាកភ្លើង។ តាមការបញ្ជាក់ពីគេហទំព័រក្រៅស្រុក រថយន្តថ្មីនេះនឹងចេញលក់លើទីផ្សារនៅឆ្នាំ ២០២៣។
ដំណើរការដោយប្រព័ន្ធ Daymak Nebula Mining Hardware ដែលមានន័យថា ម្ចាស់រថយន្តថែមទាំងអាចរកលុយបានទៀត នៅពេលដែលអ្នកចតរថយន្តចោល។ នៅក្នុងប្រព័ន្ធ Nebula Wallet វាអាចគាំទ្រនូវរូបិយប័ណ្ណអេឡិចត្រូនិកធំៗជាច្រើនដូចជា Bitcoin, Ethereum, DOGE និង Cardano ជាដើម។
តាមប្រភពបានឲ្យដឹងថា ក្រុមហ៊ុននឹងដាក់លក់នូវ ២ សេរ៊ីផ្សេងគ្នា ដោយមានម៉ូដែល Spiritus Deluxe ស្ថិតនៅតម្លៃ ១៩ ៩៩៥ ដុល្លារ ខណៈម៉ូដែល Ultimate ស្ថិតនៅតម្លៃ ១៤៩ ០០០ ដុល្លារ។ វាខុសគ្នាតែត្រង់កម្លាំងម៉ាស៊ីន និងមុខងារបើកបរមួយចំនួន តែមុខងារជីកកាក់គឺមានដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក