ក្រោយឈ្នះពានរង្វាន់ UEFA Champions League ស្ថានភាពនៅក្លឹបមួយចំនួនក៏មានការប្រែប្រួល ហើយសម្រាប់កីឡាករនិងអ្នកចាត់ការរបស់ Chelsea ក៏ទទួលបានឱកាសបន្តកុងត្រាថ្មីជាបន្តបន្ទាប់ដែរ។
ទោះបុគ្គលខ្លះមិនសូវសំខាន់ និងមិនសូវបានជ្រើសរើសប្រើប្រាស់លើទីលាន ក៏ Chelsea នៅតែផ្តល់ឱកាសបន្តការឈរជើងសម្រាប់ពួកគេ ពោលហាក់ដូចជាមានផែនការណ៍អ្វីថ្មីសម្រាប់រដូវកាល ២០២១/២២ អ៊ីចឹង។
កាលពីថ្ងៃទី ៤ មិថុនាកន្លងទៅ ក្លឹបតោខៀវ Chelsea បានប្រកាសព្រមគ្នានៅការបន្តកុងត្រាថ្មីសម្រាប់កីឡាករ Thiago Silva, Olivier Giroud និងអ្នកចាត់ការលោក Thomas Tuchel។
ក្នុងនោះសម្រាប់ Silva និង Giroud ដែលត្រូវផុតកុងត្រានៅចុងខែមិថុនា ឆ្នាំ ២០២១ ខាងមុខ បានសម្រេចបន្តរយៈពេល ១ ឆ្នាំទៀត ពោលគឺមានសុពលភាពដល់ក្រោយបញ្ចប់រដូវកាលក្រោយ។ ចំណែកឯ Tuchel បន្ថែមសុពលភាពកុងត្រាថ្មីដល់ចុងខែមិថុនា ឆ្នាំ ២០២៤ ឯណោះ ក្រោយឆ្លងកាត់ការដឹកនាំ ៣០ ប្រកួត ឃើញថាបង្កើតផ្លែផ្កាគួរឲ្យចាប់អារម្មណ៍។
គោលដៅបន្ទាប់នៅរដូវកាលក្រោយរបស់ Chelsea ជាការពិតក៏នៅតែជាពាន UCL ដែលជាអាទិភាព ប៉ុន្តែពួកគេក៏នឹងផ្តោតបន្ថែមទៀតទៅលើការប្រជែងពាន Premier League ដែលក្លឹបខកខានស្គាល់រសជាតិរយៈពេល ៤ ឆ្នាំហើយ៕
ប្រភព៖ BR/Football | ប្រែសម្រួល៖ ក្នុងស្រុក