លោក RYU HIROSE គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មានមុនការប្រកួត FIFA World Cup Qatar 2022 Qualifiers ជាមួយជម្រើសជាតិបារ៉ែនដោយនិយាយថាលោក គោលដៅរបស់កម្ពុជាគឺការប្រកួតក្នុងស៊ីហ្គេម ហើយជម្រើសជាតិបារ៉ែនមានកាយសម្បទាល្អតែ ប៉ុន្តែយើងមិនស្ទាក់ស្ទើរនឹងការប្រជែងជាមួយពួកគេទេ។
បន្ទាប់ពីខកខានលេងតាំងពីចុងឆ្នាំ២០១៩ នៅយប់នេះ ក្រុមជម្រើសជាតិកម្ពុជាចាប់ផ្ដើមបង្ហាញខ្លួនវិញហើយដោយត្រូវជួបក្រុមម្ចាស់ផ្ទះបារ៉ែនក្នុងពានរង្វាន់ 2022 FIFA World Cup &2023 AFC Asian Cup វគ្គជម្រុះជុំទី២ និងជើងទី២នៅកីឡដ្ឋាន Bahrain National Stadium ក្នុងទីក្រុង Riffa។ ក្នុងសន្និសីទកាសែតមុនការប្រកួតកាលពីម្សិលមិញ គ្រូបង្វឹកសញ្ជាតិជប៉ុនបាននិយាយថា៖
« វាពិតជាមានការប្រកួតប្រជែងខ្លាំងណាស់ ដើម្បីទទួលបានលទ្ធផល ដែលយើងចង់បាន នៅក្នុងពូលC នេះ ប៉ុន្តែយើងមិនដែលបោះបង់ឆន្ទៈ ដើម្បីប្រជែងនឹងក្រុមដទៃទេ »។
« យើងបានជ្រើសរើសកីឡាករថ្មី និងក្មេងមួយចំនួន សម្រាប់វគ្គជម្រុះនេះពីព្រោះគោលដៅផ្សេងទៀតរបស់យើងគឺ SEA GAMES ។ យើងចង់ឱ្យពួកគេមានឱកាសលេង និងទទួលបទពិសោធន៍ដ៏មានតម្លៃ សម្រាប់ពួកគេ និងអនាគតនៃបាល់ទាត់កម្ពុជា។ យើងគិតថា ពូកគេមានសក្តានុពលក្នុងការប្រយុទ្ធ បើប្រៀបធៀបជាមួយកីឡាករដែលមានបទពិសោធន៍មួយចំនួន ពួកគេមានទំនុកចិត្តខ្ពស់។ បារ៉ែនគឺជាក្រុមល្អទាក់ទងនឹងសមត្ថភាពរាងកាយ ប៉ុន្តែយើងមិនស្ទាក់ស្ទើរនឹងការប្រជែងជាមួយពួកគេទេ»។
ក្រៅពីជំនួបជាមួយម្ចាស់ផ្ទះ បារ៉ែន ក្រុមជម្រើជាតិកម្ពុជានឹងត្រូវបន្តជួប២ប្រកួតទៀត នៅទឹកដីបារ៉ែននេះដែរ គឺប៉ះជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក