ត្រៀម​តែ​លុយ​ទៅ! ដឹង​ចំណុច​ខ្លាំង ២ របស់ iPhone 13 ឆ្នាំ ២០២១ នេះ​ហើយ

ព្រឹត្តិការណ៍​នៃ​ការ​ប្រកាស​ស្មាតហ្វូន​ជំនាន់​ថ្មី​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក Apple នឹង​ឈាន​ចូល​មក​ដល់​នៅ​រយៈ​ពេល​ជាង ៣ ខែ​ទៀត ពោល​គឺ​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​កំឡុង​ខែ​កញ្ញា ហើយ​មាន​លក់​លើ​ទីផ្សារ​ចាប់​ពី​ចុង​ខែ​នោះ ឬ​ហៀរ​ចូល​ខែ​តុលា។

យ៉ាង​ណា​នៅ​ឆ្នាំ ២០២១ នេះ យើង​ក៏​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ iPhone 13 ដែល​លឺ​ថា​មាន​ការ​អភិវឌ្ឍ​ច្រើន ហើយ​មុខងារ​ខ្លះ​មិន​ធ្លាប់​មាន​លើ​ម៉ូឌែល iPhone សេរ៊ី​មុនៗ​ទាល់​តែ​សោះ។

Galaxy S21 Ultra IPhone 12 Pro Max 25

បើ​តាម​ចចាមអារ៉ាម​ដែល​ផ្ទុះ​ខ្លាំង​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​មាន​ចំណុច​រសើប​ពី​លើ​សេរ៊ី iPhone 13 នោះ​គឺ​មួយ​ដែល​ទាក់ទិន​នឹង​ការ​អាប់ដែត​នៅ​ល្បឿន Refresh Rate ​លើ​អេក្រង់​ឡើង​ដល់ 120Hz និង​ទី​ពីរ គឺ​ថាមពល​ថ្ម​កាន់​តែ​ធំ​ជាង​មុន។

ចំពោះ​ល្បឿន​អេក្រង់ Refresh Rate លើ iPhone នៅ​ពេល​បច្ចុប្បន្ន គឺ​ដំណើរការ​បាន​ត្រឹម 60Hz ប៉ុណ្ណោះ ដែល​វា​មិន​ទាន់​រត់​បាន​រលូន​ល្អ​ដូច​បណ្តា​ស្មាតហ្វូន​គូ​ប្រជែង​ដែល​ខ្លះ​មាន​ដល់ 90Hz ឬ 120Hz នោះ​ទេ ពោល​ប្រសិន Apple អាច​ធ្វើ​រឿង​នេះ​បាន នោះ​វា​នឹង​ក្លាយ​ជា​លើក​ដំបូង​សម្រាប់​អតិថិជន​របស់​ខ្លួន​ហើយ។ ​ល្ហៀងៗ​ថា​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​នេះ គឺ Apple ពឹង​ឲ្យ Samsung ជា​អ្នក​ផលិត​អេក្រង់​ឲ្យ ​ដែល​ជា​ប្រភេទ​អេក្រង់ LTOP OLED សម្រាប់​ផ្គត់ផ្គង់​លើ​ម៉ូដែល iPhone 13 Pro និង iPhone 13 Pro Max ខណៈ​ប្រភេទ iPhone 13 និង iPhone 13 Mini ធម្មតា គឺ​បន្ត​ប្រើ​អេក្រង់ LTPS ដែល​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន LG ដដែល។ នេះ​បើ​តាម​របាយការណ៍​ពី The Elec បាន​ចុះ​ផ្សាយ។

Gsmarena_001

ដោយឡែក​ក្រឡេក​ទៅ​មើល​ថាមពល​ថ្ម តាម​ការ​បែកធ្លាយ​ព័ត៌មាន​ពី​គណនី Lovetodream គឺ​ iPhone ទាំង ៣ សេរ៊ី​នឹង​មាន​ការ​បំពាក់​ថាមពល​ថ្ម​ធំ​ជាង​មុន​ដូច​ខាង​ក្រោម៖

iPhone 13 mini មានថាមពលថ្ម ២ ៤០៦mAh ធំជាងមុន ៨ ភាគរយបើធៀបនឹង iPhone 12 mini ដែលមាន ២ ២២៧mAh

iPhone 13 និង iPhone 13 Pro មានថាមពលថ្ម ៣ ០៩៥mAh ធំជាងមុន ៩,៩ ភាគរយបើធៀបនឹង iPhone 12 និង iPhone 12 mini ដែលមាន ២ ៨១៥ mAh

iPhone 13 Pro Max មានថាមពលថ្ម ៤ ៣៥២ ធំជាងមុន ១៨ ភាគរយបើធៀបនឹង iPhone 12 Pro Max ៣ ៦៨៧mAh៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក