ស្រឡាញ់ទាំងអស់ស្មោះតែមួយ!!! ឈប់ភ្លាមទៅ កុំប្រេីពាក្យនេះជាមួយខ្ញុំ ខ្ញុំមិនត្រូវការបែបហ្នឹងឡើយ អ្នកត្រូវដឹងថា គ្មានមនុស្សស្រីណាពេញចិត្តឱ្យមនុស្សដែលខ្លួនឯងស្រឡាញ់ដេីរចែករំលែកក្តីស្រឡាញ់ពាសវាលពាលកាលទេ ស្រឡាញ់តែមួយទេីបហៅថាស្មោះ តែបេីស្រឡាញ់លេីសពីមួយក៏បានន័យថាអ្នកមិនស្មោះត្រង់បាត់ទៅហេីយ។
កុំប្រេីពាក្យថាស្មោះតែមួយ ឮពាក្យនេះម្តងណាក៏សង្កៀរត្រចៀក ហេីយមានអារម្មណ៍មិនសូវល្អដែរ ខ្ញុំត្រូវការស្នេហាស្មោះត្រង់ ចាស់ទុំ មិនមែនលេងសេីច ស្រឡាញ់ខ្ញុំគឺខ្ញុំតែម្នាក់ ស្មោះនឹងខ្ញុំតែមួយ វ័យប៉ុណ្ណេះអស់ហេីយ កុំអាត្មានិយមយល់តែសេចក្តីសុខខ្លួនឯងពេក កុំបន្ទាបតម្លៃខ្លួនឯងធ្វេីជាមនុស្សក្បត់ ហេីយប្រេីពាក្យមួយឃ្លាខាងលេីនេះមកគាំទ្រទង្វេីមិនសមគួរមួយនេះ។
រៀនយកចិត្តគេដាក់ក្នុងចិត្តយេីងផង ចុះប្រសិនបើខ្ញុំជាអ្នកក្បត់អ្នកវិញ ខ្ញុំលួចលាក់ទាក់ទងមនុស្សប្រុសផ្សេង ហេីយខ្ញុំប្រាប់ទៅអ្នកវិញថាខ្ញុំស្រឡាញ់ទាំងអស់ស្មោះតែអ្នកម្នាក់ ខ្ញុំគ្រាន់តែលេងសេីច តេីអ្នកព្រមទេ? អ្នកទទួលយកបានទេ? អ្នកមានអារម្មណ៍បែបណាដែរ?
ជាក់ស្ដែងណាស់ អារម្មណ៍ខ្ញុំក៏មិនខុសពីអ្នកដែរ អារម្មណ៍ត្រូវគេក្បត់ អារម្មណ៍គេមេីលងាយថាជាមនុស្សល្ងង់ដូចទីងមោងអត់ដឹងខ្យល់អី ហេីយកុំសម្អាងមកថាខ្ញុំជាស្រីអ្នកជាប្រុស ស្រី ឬប្រុសយ៉ាងម៉េច? ក្រែងបេះដូងយេីងជាសាច់ដូចគ្នា បេះដូងពិតៗដូចគ្នាមិនមែនសិប្បនិម្មិតនោះឡើយ អ្នកចេះឈឺខ្ញុំក៏ចេះឈឺដូចគ្នាដែរ អ៊ីចឹងហេីយកុំធ្វេីនូវទង្វេីណាដែលអ្នកមិនចង់ឱ្យខ្ញុំធ្វេីទៅលេីអ្នក។
មនុស្សស្រីត្រូវការមនុស្សប្រុសដែលស្រឡាញ់នាងស្មោះត្រង់មករួមដំណេីរជីវិត ហេីយកសាងអនាគតជាមួយគ្នា នាងមិនត្រូវការក្មេងប្រុសដែលចង់តែដេីរហេីរសប្បាយ ងប់ងល់ជាមួយនឹងរឿងអសីលធម៌ គ្មានគោលដៅច្បាស់លាស់មករួមដំណេីរជីវិតទេ ព្រោះបេីអ្នកជាមនុស្សដែលចេះតែយកការស្រឡាញ់លេងសេីច មិនខ្វល់ខ្វាយពីអនាគត នោះបេីនាងព្រមនៅក្បែរអ្នក អនាគតទៅ នាងគ្មានពេលខ្វាយខ្វល់ពីគោលដៅជីវិតទេ ហេីយក៏មិនអាចមានក្តីសុខបាន ព្រោះរវល់តែទឹកភ្នែកជូតក្បាលជង្គង់ព្រោះតែទង្វេីរបស់អ្នក បែបនេះហេីយទេីបមនុស្សស្រីត្រូវការមនុស្សប្រុសម្នាក់ដែលមានភាពចាស់ទុំគ្រប់គ្រាន់អាចមេីលថែឱ្យនាងមានក្តីសុខបាន៕
អត្ថបទ ៖ អេដមីន ហត់/Knongsrok