ឈានដល់ជីវិតគូហើយ ការនិយាយស្តីក៏ជារឿងចាំបាច់មួយដែលត្រូវគិតឲ្យបានល្អិតល្អន់ដែរ ព្រោះគ្រប់ពាក្យទាំងអស់គឺងាយនឹងប៉ះពាល់អារម្មណ៍មនុស្ស ជាពិសេសគឺការនិយាយរបស់បុរសទៅកាន់នារី។
ក្នុងនាមយើងជាស្វាមី ឬប្តីដ៏ល្អម្នាក់ នោះយើងត្រូវតែជៀសឲ្យបាននូវការពោលពាក្យមិនល្អទាំង ៥ ឃ្លាខាងក្រោម ទៅកាន់ភរិយា ឬនារីដែលមានទំនាក់ទំនងជាមួយយើង ព្រោះវាពិតជាឈឺចាប់ ហើយជាមួយមនុស្សស្រីខ្លះ ល្មមៗគេនឹងចាកចេញពីអ្នកក៏មានដែរ៖
៥) សំលៀកបំពាក់ពេញទូ ហើយទៅរកទិញអីទៀត?
មនុស្សស្រីមានចំណូលចិត្តដូចៗគ្នាទៅលើគ្រឿងសម្អាង និងសំលៀកបំពាក់ គ្រាន់តែខ្លះចូលចិត្តតិចឬខ្លាំងទៅតាមហ្នឹង។ គ្មានស្រ្តីណាដែលចង់ចំណាយច្រើនពេកនោះទេ ឬចំណាយលើសអ្វីដែលខ្លួនមានទេ តែបើយូរៗនាងចង់ទិញម្តង សុំកុំប្រកែកនាងអី ហើយយើងជាបុរសគួរបើកចិត្តឲ្យទូលាយ រឿងស្លៀកពាក់ហ្នឹង ប្រសិនជាមានលទ្ធភាព។
៤) មួយថ្ងៃៗនៅផ្ទះមើលតែកូន ហើយរអ៊ូថាហត់
ពាក្យនេះ លុះត្រាតែអ្នកជានារីទើបអ្នកយល់។ ការងារផ្ទះពុំបានចេញទៅក្រៅពិតមែន តែធ្វើមិនចេះចប់នោះទេ ហើយបើមានកូនតូចទៀត គឺកាន់តែរវល់ខ្លាំង។
យល់ថាអ្នកទៅរកស៊ីខាងក្រៅមានការហត់នឿយ ឬមានបញ្ហាជាប់ខ្លួន តែត្រូវចាំថា នាងក៏ជានារីដែលអ្នកស្រលាញ់ ក៏ជានារីដែលពពោះកូន ៩ ខែ ១០ ថ្ងៃរបស់អ្នក បែបនេះមិនគួរពោលពាក្យមិនសមរម្យបែបនេះទៅកាន់នាងឡើយ។ បើមិនបានជួយអ្វីទេ ក៏សុំត្រឹមពាក្យផ្អែមល្ហែម លើកទឹកចិត្ត ប៉ុណ្ណឹងក៏ល្អណាស់ហើយ។
៣) មិនបាច់ទៅគិតរឿងរកស៊ីទេ នៅតែផ្ទះទៅ
អ្នកនិយាយបែបនេះបាន តែការដែលអ្នកនិយាយ ក្នុងគោលដៅផ្តល់តម្លៃឲ្យនាងដែរឬអត់។ ដ្បិតនាងមិនបានបង្កើតចំណូលចូលគ្រួសារក៏ពិតមែន តែការដែលនាងរវល់ឬមើលថែក្នុងផ្ទះ ក៏អ្នកគួរតែឲ្យតម្លៃនាងដែរ។ ឧទាហរណ៍៖ ចូរសួរទៅនាងថាថ្ងៃនេះហត់ឬអត់ នៅផ្ទះមានបញ្ហាអីឬអត់ ហើយគួរចំណាយពេលមកជួបជុំគ្រួសារឲ្យបានច្រើនជាងការទៅជួបជុំមិត្តភ័ក្ដិនៅខាងក្រៅ។
២) សម្រស់អូនពីមុនទៅណាបាត់ហើយ
ស្រ្តីខ្លះរវល់នឹងការងារផ្ទះ មើលថែកូនខ្លាំងពេក ណាមួយមានប្តីទៅហើយនោះ ក៏លែងសូវខ្វល់ពីរឿងរ៉ាវសម្រស់។ វាជារឿងដែលនារីសម័យនេះ គួរតែយកចិត្តទុកដាក់ តែខាងបុរសក៏មិនគួរដាក់សម្ពាធមកលើនាងពេកដែរ។
ជាធម្មតាក្រោយមានកូនស្បែកនឹងចាប់ផ្តើមប្រែប្រួលចាស់ជាងមុន មើលទៅមិនខ្ចីដូចកាលស្រលាញ់គ្នាដំបូង ក៏អ្នកគួរតែបន្តប្រើប្រាស់អារម្មណ៍ស្រលាញ់នាងដូចមុន ហើយកុំស្រលាញ់សម្រស់របស់នាង ហើយបើអ្នកចង់ឲ្យនាងស្អាតពិតប្រាកដ គួរតែព្យាយាមរកផលិតផលល្អៗ ឬណែនាំឲ្យនាងនូវរបស់ប្រើល្អៗ ដែលជួយលើកសម្រស់នាងវិញល្អជាង។
១) ខ្ញុំធុញទ្រាន់នឹងរស់នៅជាមួយអ្នក
ការនិយាយបែបនេះ ក៏ជាពាក្យដែលមិនគប្បី ហើយគួរតែជៀសវាងឲ្យបាន ដ្បិតប៉ះពាក្យប៉ះសម្តីគ្នាខ្លាំងកម្រិតណាក៏ដោយ។ នាងនឹងមានអារម្មណ៍ថាចំណងអាពាហ៍ពិពាហ៍ច្រើនឆ្នាំមកនេះ ហាក់គ្មានន័យអ្វីឡើងសម្រាប់នាង ហើយនាងកាន់តែគិតថាខ្លួនឯងឥតតម្លៃការដែលបន្តអត់ធ្មត់ជាមួយមនុស្សដូចជាអ្នក៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក