រោគសញ្ញា PMS កើតមានជាទូទៅ ចំពោះស្ត្រីដែលស្ថិតក្នុងវ័យបន្តពូជ ជារឿយៗកើតឡើងប្រហែលមួយសប្តាហ៍មុនពេលមានរដូវ។ វាគឺជាការកើនឡើងនៃអរម៉ូនប្រូសេស្តេរ៉ូន ជាលទ្ធផលធ្វើឲ្យមានអាការៈឈឺដើមទ្រូង ហើម ទល់លាមក ជាដើម ។ ការប្រែប្រួលអ័រម៉ូនស្ត្រីដែលមានរោគសញ្ញា PMS ច្រើនតែមានអារម្មណ៍ធុញទ្រាន់ងាយ ឆាប់ខឹង ហើយអ្នកខ្លះអាចមានចំណង់អាហារខុសធម្មតា ឬជំងឺធ្លាក់ទឹកចិត្ត រហូតក្លាយជាបញ្ហាធំនៅក្នុងជីវិត ។
ថ្ងៃនេះ គេហទំព័រ Knongsrok យើងខ្ញុំ សូមលើកយកវិធីមួយចំនួន ដើម្បីថែរក្សាខ្លួនអ្នកពីរោគសញ្ញាទាំងនេះ ជាមួយនឹងអាហារដែលងាយស្រួលញ៉ាំ ងាយស្រួលរក ជាអាហារដែលគួរទទួលទានមុនពេលមានរដូវ ដើម្បីកាត់បន្ថយភាពប្រែប្រួលនៃអរម៉ូន ។
១. ផលិតផលធ្វើចេញពីសណ្តែកសៀង
តាមការសិក្សាបានបង្ហាញថា isoflavones គឺជាសារធាតុស្ថិតនៅក្នុងក្រុម flavonoid វាមានប្រសិទ្ធភាពក្នុងការបំបាត់រោគសញ្ញា PMS ។ ទៀតសោត សារធាតុ isoflavones បានមកសណ្តែកសៀង វាមានប្រសិទ្ធភាពដូចគ្នាទៅនឹងអ័រម៉ូនភេទស្រី ។ ដូច្នេះបើអ្នកបរិភោគផលិតផលសណ្តែកមុនពេលមានរដូវ វាអាចកាត់បន្ថយអាការៈឈឺដើមទ្រូង ឈឺក្បាល ជំងឺធ្លាក់ទឹកចិត្ត អារម្មណ៍ឆាប់ខឹង រួមទាំងអាការៈអារម្មណ៍ងាយប្រែប្រួលផ្សេងៗ ដែលបណ្តាលមកពីការផ្លាស់ប្តូរកម្រិតអរម៉ូននៅក្នុងខ្លួន មុនពេលមករដូវនោះឯង ។
២. អាហារមានជាតិកាល់ស្យូមខ្ពស់
រោគសញ្ញា PMS មុនពេលមានរដូវ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរកម្រិតអរម៉ូននៅក្នុងខ្លួន។ ជារឿយៗវាបណ្តាលមកពីកង្វះវីតាមីន ឬសារធាតុរ៉ែ ដូច្នេះបរិមាណវីតាមីន និងសារធាតុរ៉ែដ៏ត្រឹមត្រូវ គួរតែត្រូវបានទទួលទានជាប្រចាំ។ ជាពិសេសអាហារមានជាតិកាល់ស្យូមខ្ពស់ ដែលបានចូលរួមចំណែកដោយផ្ទាល់ ដល់ការបន្ធូរបន្ថយរោគសញ្ញា PMS រួមមានទឹកដោះគោ និងផលិតផលទឹកដោះគោគ្រប់ប្រភេទ រួមទាំងត្រីតូចៗ បន្លែបៃតងចាស់ជាដើម ។
3. អាហារកាបូអ៊ីដ្រាត ដែលមិនបានកែច្នៃ ឬចម្រាញ់
សម្រាប់អ្នកដែលមានទំនោរមានរោគសញ្ញា PMS ក្នុងទំរង់ នៃការមានចំណង់អាហារខ្ពស់។ អ្នកគួរតែជ្រើសរើសញ៉ាំអាហារកាបូអ៊ីដ្រាតដែលមិនបានកែច្នៃ ឬចម្រាញ់ ជាងអាហារកាបូអ៊ីដ្រាតសាមញ្ញ។ ដោយសារតែវាមានជាតិសរសៃខ្ពស់ ធ្វើឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងធ្វើអោយកម្រិតជាតិស្ករក្នុងឈាមមានស្ថេរភាព ដូច្នេះវាអាចគ្រប់គ្រងភាពអត់ឃ្លាននៅពេលថ្ងៃបានប្រសើរ។ អាហារដែលមានជាតិកាបូអ៊ីដ្រាតដែលមិនបានកែច្នៃ ឬចម្រាញ់ រួមមាន ស្រូវសាលី,oatmeal, អង្ករសំរូប, នំបុ័ងស្រូវសាលីជាដើម ។
៤. ប្រេង Evening Primrose
ប្រេង Evening primrose មានអាស៊ីដ ខ្លាញ់អូមេហ្គា ៦ និងជាសារធាតុឈានមុខគេក្នុងការផលិតអរម៉ូន។ ដូច្នេះវាអាចត្រូវបានប្រើដើម្បីការពាររោគសញ្ញាផ្សេងៗ មុនពេលមានរដូវដូចជាឈឺក្បាល ឈឺសុដន់ ឬកាត់បន្ថយការផ្លាស់ប្តូរអារម្មណ៍ ក្នុងករណីខ្លះការឈឺពោះ ឬរាគអាចកើតមានដែរ។ ទោះជាយ៉ាងណាក៏ដោយប្រេង Evening primrose មានសមត្ថភាពទប់ស្កាត់ការប្រមូលផ្តុំប្លាកែតបាន ដូច្នេះអ្នកជំងឺដែលមានប្រវត្តិ នៃជំងឺហូរឈាម និងអ្នកដែលធ្លាប់ធ្វើការវះកាត់ ឬធ្វើធ្មេញ គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញ មុនពេលទទួលទាន ៕
ប្រភព៖ Undubzapp/ Knongsrok