បច្ចុប្បន្ននេះ ការប្រើប្រាស់ធូបមូសបណ្តេញមូស នៅតែពេញនិយមប្រើជារៀងរាល់ថ្ងៃ ពិសេសអ្នកដែលមានលំនៅដ្ឋាននៅជាយក្រុង ជនបទ និងកន្លែងដែលមានដើមឈើស៊ុបទ្រុពជាដើម។
យ៉ាងណាមិញ ការប្រើប្រាស់ធូបមូស ប្រភេទចាស់ជារង្វង់ពេលនេះមិនសូវមានអ្នកប្រើប្រាស់ទេ ដោយសម័យនេះអ្នកលក់បាននាំយកធូបមូសដូចជាធូបអុជជាដើមៗ មកលក់ ដែលធូបរបៀបនេះត្រូវគេដឹងថាមានប្រសិទ្ធភាពបណ្តេញមូសបានយ៉ាងល្អ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា ធូបនេះបែរជាត្រូវបានគេយកមកលក់ និងប្រើប្រាស់មិនបានត្រឹមត្រូវទេ ថែមទាំងមានគ្រោះថ្នាក់ដល់សុខភាពទៀត។
នេះជាអត្ថបទដកស្រង់ទាំងស្រុងពី កំលោះ កូនបី ដូចខាងក្រោម ៖
☠️ ខ្ញុំមានរឿងគ្រោះថ្នាក់មួយចង់ចែករំលែកអំពីធូបមូស ⚠️៖
ដូចឃើញក្នុងរូបភាព ខ្ញុំបានប្រើធូបមូសប្រភេទនេះ ប្រហែលមួយឆ្នាំមកហើយ ។ ដំបូងឡើយខ្ញុំធ្លាប់ប្រើតែធូបមូសមានរាងរង្វង់គូថខ្យង ដែលមានវត្តមាននៅក្នុងប្រទេសយើងច្រើនឆ្នាំមកហើយ ប៉ុន្តែកាលពីជាងមួយឆ្នាំមុន ខ្ញុំបានទៅទិញធូបមូស នៅផ្ទះលក់ចាប់ហួយក្នុងបុរី ហើយអ្នកលក់ប្រាប់ថា អស់ធូបមូសស៊េរីចាស់ហើយមានតែប្រភេទថ្មី ដែលមានប្រអប់រាងទ្រវែង ហើយរូបរាងនិងការប្រើប្រាស់ដូចទៅនឹងធូបមូសដែលយើងអុជសែនអញ្ចឹងដែរ ហើយអ្នកលក់ប្រាប់ទៀតថា ធូបមូសនេះពូកែ មានប្រសិទ្ធភាពខ្លាំងជាងស៊េរីចាស់...
លឺចឹងខ្ញុំក៏ទិញមកប្រើដោយមិនបានចាប់អារម្មណ៍អានការណែនាំនិងពិនិត្យមើលមើលរូបភាពនៅលើកញ្ចប់ទាល់តែសោះ។
⚡ពេលប្រើ ខ្ញុំសង្កេតឃើញថា ពិតជាមានប្រសិទ្ធភាពមែន ជាពិសេស មិនពិបាក ដោះប្រើដូចធូបម៉ូសសេរីចាស់ផង ពេលបំបែកចេញពីគ្នាពេលណា បាក់ពេលហ្នឹង ដូចនេះហើយ ខ្ញុំក៏បន្តប្រើប្រភេទថ្មីរហូតមក ជាពិសេសមិនត្រឹមតែផ្ទះខ្ញុំទេ ផ្ទះអ្នកជិតខាងខ្ញុំឃើញឧស្សាហ៍ប្រើដែរ។
អ្វីដែលគួរឲ្យកត់សម្គាល់ ខ្ញុំតែងដុតធូបម៉ូសនេះនៅពេលបរិភោគអាហារពេលល្ងាចនិងពេលយប់នៅបរិវេណសួនច្បារខាងមុខផ្ទះ(នៅខាងក្រៅផ្ទះសំបូរមូសណាស់) គឺអត់សូវមានប្រតិកម្មអ្វីនឹងក្លិនធូបម៉ូសនោះឡើយ ប៉ុន្តែនៅពេលដែលខ្ញុំដុតនៅក្នុងបន្ទប់គេងវិញ ( ដុតសម្លាប់ម៉ូសអោយហើយ មុនពេលចូលគេង មិនមែនដុតពេលគេងទេ) គឺមានអារម្មណ៍ថា ចាញ់ហ្នឹងក្លិនផ្សែងរបស់វាខ្លាំងណាស់ វាធ្វើឱ្យយើងរងាក់រងើរ ឈឺក្បាល ពិបាកដកដង្ហើម ជាពិសេសស្ងួតករនិងក្អក .....ហើយពេលយើងបើកម៉ាស៊ីនត្រជាក់ទៀតនោះ គឺក្លិនរបស់វានៅងុំពេញក្នុងពេញបន្ទប់តែម្ដង។
មកដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ខ្ញុំពិតជាភ្ញាក់ផ្អើលមែនទែន នៅពេលដែលខ្ញុំទៅទិញធូបម៉ូស និងទៀន ត្រៀម ខ្លាចដាច់ភ្លើងទៀតយប់ជ្រៅ ព្រោះតែមេឃភ្លៀងខ្លាំង ។
ពេលកំពុងរង់ចាំអ្នកលក់អាប់លុយ ចៃដន្យអីខ្ញុំក៏ពិនិត្យមើលលើសំបកធូបម៉ូសនេះ ផ្នែកខាងក្រោយឃើញមានរូបសត្វ ដូចជា ពពែ ជ្រូក គោ មាន់ រួចក៏ឆ្ងល់ ខ្ញុំក៏បន្តអាន ការណែនាំ ទាំង៦ចំណុច ទើបដឹងថា ការប្រើប្រាស់របស់ខ្ញុំកន្លងមក ពិតជាគ្រោះថ្នាក់ចំពោះសុខភាព ជាពិសេស កូនៗតូចៗរបស់ខ្ញុំ ជាពិសេស ពិនិត្យអោយកាន់តែច្បាស់នៅផ្នែកខាងមុខគឺមានរូបក្បាលខ្មោចហើយដាក់ពាក្យថា «Super Strong For Farm » ដែលបញ្ជាក់ថា ធូបមូសនេះគឺជាប្រភេទប្រើសម្រាប់ដុតនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វ ដើម្បីការពារមូសកុំអោយខាំសត្វចិញ្ចឹម មិនមែនប្រើសម្រាប់ការពារមនុស្សពីម៉ូសខាំនោះទេ។
ខ្ញុំសូមបកប្រែដោយសង្ខេប ការណែនាំទាំង៦ចំណុច ៖
១. កុំអុជធូបនេះ នៅទីតាំងដែលមានខ្យល់ចេញចូលមិនគ្រប់គ្រាន់។
២. ជៀសវាងការអុជធូបនេះនៅកន្លែងដែលមានកូនក្មេងនិងអ្នកជំងឺនៅជុំវិញដោយត្រូវទុកឱ្យឆ្ងាយពីក្មេងៗ។
៣. កុំអុជធូបនេះ ពេលកំពុងទទួលទានអាហារ ឬ នៅក្បែរតុអាហារ
៤. ត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់នៅក្បែរសារធាតុដែលងាយឆេះ
៥. លាងដៃរបស់អ្នកបន្ទាប់ពីកាន់ ឬប៉ះធូបនេះ។
៦. ជៀសវាងការប្រើប្រាស់ធូបនេះ នៅជិតស្រ្តីមានផ្ទៃពោះ៕
ប្រភព៖ កំលោះ កូនបី