សកម្មភាព​សាមញ្ញ​ទាំង ៨ ពេល​ព្រឹក​ព្រលឹម អាច​ជួយ​ឲ្យ​អ្នក​ស្រក​ក្បាល​ពោះ​បាន​ងាយ

មនុស្ស​ជា​ច្រើន​បារម្ភ​អំពី​ទម្ងន់​របស់​ពួក​គេ ហើយ​អ្នក​ធ្លាប់​ចាប់​អារម្មណ៍​ទេ អ្នក​ខ្លះ​ធាត់​តែ​ធាត់​មើល​ទៅ​ស្អាត ហើយ​ខ្លះ​ទៀត​ធាត់​ក៏​មិន​សូវ​មាន​ជំងឺ​មក​បៀតបៀន​ដែរ។

នោះ​វា​មិន​សំខាន់​លើ​ទម្ងន់​របស់​អ្នក​ប៉ុន្មាន​ទេ តែ​វា​សំខាន់​ត្រង់​ខ្លាញ់​ក្បាល​ពោះ​របស់​អ្នក។ ជា​ការ​ពិត​ជា​ខ្លាញ់​លើស​គឺ​អាច​នាំ​ឲ្យ​កើត​មាន​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន ហើយ​ការ​ស្លៀកពាក់​ក៏​ពិបាក​នឹង​តម្រូវ​ដែរ។ ខាង​ក្រោម​យើង​បង្ហាញ​ពី​សកម្មភាព​សាមញ្ញ​ទាំង ៨ នៅ​ពេល​ព្រឹក​ព្រលឹម​ដែល​អាច​ជួយ​ឲ្យ​អ្នក​ឆាប់​ស្រក​ខ្លាញ់​ក្បាល​ពោះ៖

១) កុំ​តក់​ក្រហល់​ឬ​ប្រញាប់

1

នៅ​ពេល​អ្នក​ងើប​ពី​គេង​យឺត ហើយ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក​នៅ​ពេល​ព្រឹក​ព្រលឹម វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​តានតឹង។ ជា​ទូទៅ​អរម៉ូន Cortisol ដែល​វា​ទទួល​ខុស​ត្រូវ​នៅ​លើ​ដំណើរការ​នោះ​នឹង​មាន​ការ​កើន​ឡើង ហើយ​តាម​ការ​ស្រាវជ្រាវ​វា​ក៏​នឹង​នាំ​ឲ្យ​អ្នក​ឡើង​ទម្ងន់​ផង​ដែរ បែប​នេះ​សូម​ព្យាយាម​ធ្វើ​ឲ្យ​សកម្មភាព​ពេល​ព្រឹក​របស់​អ្នក ដំណើរការ​ទៅ​ដោយ​ភាព​ស្រុះស្រាយ។

២) ធ្វើ​លំហាត់​ប្រាណ​ខ្លីៗ

2

ការ​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​ជា​ប្រភព​ថាមពល​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ប្រាណ។ សូម​ឧស្សាហ៍​ឆ្លៀត​ហាត់ប្រាណ​មិន​ថា​តែ​ការ​រត់ ឬ​ជិះកង់ ៣០ នាទី ទៅ ១ ម៉ោង នោះ​គឺ​អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​ក្បាល​ពោះ​បាន​លឿន​បំផុត។

៣) បរិភោគ​អាហារ​ពេល​ព្រឹក​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​និង​សរសៃ (Fiber)

3

ការ​សិក្សា​បង្ហាញ​ថា បរិភោគ​អាហារ​ដែល​មាន​ជាតិ​ប្រូតេអ៊ីន​គឺ​នាំ​ឲ្យ​មាន​ខ្លាញ់​ក្បាល​ពោះ​តិច ឧទាហរណ៍​ដូច​ជា​សាច់​ត្រី ស៊ុត សណ្តែក ហើយ​ប្រភេទ​អាហារ​មាន​ជាតិ​សរសៃ​មាន​ដូច​ជា​ផ្កា​ខាត់​នា ខាត់​ណា​ខៀវ​អ្វី​ជា​ដើម។

៤) ទទួល​ទាន​ទឹក​ជំនួស​ទឹក​ផ្លែ​ឈើ

4

នៅ​ពេល​ព្រឹក​គួរ​ទទួល​ទាន​ទឹក ហើយ​កុំ​ទម្លាប់​ទទួល​ទាន​ទឹក​ផ្លែ​ឈើ​ឲ្យ​សោះ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ស្ករ ដែល​នៅ​ពេល​អ្នក​ទម្លាប់​ប្រចាំ​ថ្ងៃ​នាំ​ឲ្យ​ធាត់​ខ្លាញ់​ក្បាល​ពោះ​លឿន ជាង​នេះ​ក៏​នាំ​ឲ្យ​កើន​ឡើង​ជាតិ​ខ្លាញ់​នៅ​ក្នុង​ថ្លើម​ផង​ដែរ។

៥) ជំនួស​ពី​ការ​ទទួល​ទាន​កាហ្វេ​មក​ជា​តែ​បៃតង

5

ត្បិត​បើ​ការ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក ជាមួយ​កាហ្វេ​អាច​ធ្វើ​ឲ្យ​ជីវិត​មើល​ទៅ​ស្រស់បំព្រង ប៉ុន្តែ​បើ​ទម្លាប់​ហ្នឹង​កើត​ឡើង​ប្រចាំ​ថ្ងៃ​ក៏​មិន​សូវ​ល្អ​នោះ​ដែរ។ យល់​ល្អ​គួរ​ចាប់ផ្តើម​ជាមួយ​តែបៃតង​ដែល​ពុំ​ប្រើប្រាស់​សារជាតិ​ស្ករ​វិញ។

៦) ខ្ចប់​អាហារ​ថ្ងៃ​ត្រង់​សម្រាប់​ខ្លួន​ឯង

6

បើ​យល់​ល្អ​នៅ​ពេល​ព្រឹក​អ្នក​គួរ​ខ្ចប់​អាហារ​ទៅ​កន្លែង​ធ្វើការ​ឬ​សាលា​រៀន ព្រោះ​នៅ​ពេល​បរិភោគ​អាហារ​នៅ​ខាង​ក្រៅ គឺ​ជា​ទូទៅ​មាន​ផ្ទុក​ជាតិ​កាឡូរី​ខ្ពស់​ខ្លាំង​ណាស់។

៧) គេង​ឲ្យ​គ្រប់គ្រាន់

7

កុំ​ថា​គេង​តិច​ស្រក់​ទម្ងន់ ផ្ទុយ​ទៅ​វិញ​គេង​មិន​គ្រប់គ្រាន់​នាំ​ឲ្យ​ឡើង​ខ្លាញ់​ក្បាល​ពោះ​វិញ​ទេ។ គួរ​ទម្លាប់​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ត្រឹម​រយៈ​ពេល ៨ ម៉ោង តែ​សុំ​កុំ​លើស​ហ្នឹង។

៨) ថ្មើរ​ជើង​ឬ​ជិះ​កង់​ទៅ​កន្លែង​ធ្វើការ

8

នេះ​ជា​សកម្មភាព​ដ៏​ល្អ​បំផុត ហើយ​ប្រសិន​អ្នក​ធ្វើ​បាន គឺ​ល្អ​ចំពោះ​សុខភាព​ខ្លាំង។ នោះ​គឺ​ការ​ជ្រើសរើស​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលា តាម​រយៈ​ការ​ថ្មើរ​ជើង ឬ​ជិះកង់ ជំនួស​ពី​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង ឬ​បើកបរ​នានា៕

ប្រភព៖ Brightside | ប្រែ​សម្រួល៖ ក្នុង​ស្រុក