មុនក្លាយទៅជាពាក្យថា "សង្សារ" នរណាក៏ដូចគ្នាសុទ្ធតែឆ្លងកាត់ការណាត់ជួបជាលើកដំបូង មិនមែនមិនដែលជួបមុខគ្នាសោះ ហើយទៅប្រកាសថា ស្រលាញ់គ្នាបាននោះទេ ព្រោះបែបហ្នឹងគេរកថាស្នេហាក្មេងខ្ចី ដែលបានតែមួយឆាវ។
យ៉ាងណានៅការណាត់ជួបដំបូងនោះ សម្រាប់នារីៗត្រូវតែគិតគូរឲ្យបានល្អិតល្អន់ពីចំណុចដែលបានឃើញនៅពេលដៃគូបង្ហាញចេញមក ព្រោះអ្នកត្រូវតែច្បាស់នៅចំណុចដំបូង ទើបទៅពេលក្រោយមានភាគរយឈឺចាប់ទាប។
ខាងក្រោម Knongsrok ណែនាំនូវ ៤ ចំណុច ប្រសិនបុរសជាដៃគូបង្ហាញចេញមក អ្នកប្រេចិត្តប្រេកាយត្រៀមដើរចេញឲ្យហើយទៅ៖
៤) តក់ក្រហល់ចង់ក្លាយជាមិត្តប្រុសម្នាក់
ស្គាល់គ្នាមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែព្យាយាមសុំអ្នកធ្វើជាសង្សារ ធ្វើជាមិត្តប្រុសរបស់អ្នក ហើយប្រកូកប្រកាសឲ្យគេដឹងថារវាងអ្នកទាំងពីរមានទំនាក់ទំនងផ្អែមល្ហែមនឹងគ្នា។
មនុស្សមិនអាចមើលតែប៉ុន្មានថ្ងៃដឹងទេ ដោយចង់បានស្នេហាប្រាកដប្រជាមួយ គឺត្រូវឆ្លងកាត់ការស្វែងយល់ចិត្តគ្នាជាច្រើនខែ ហើយមានពេលវេលានៅក្បែរគ្នា និងស្គាល់ពីគ្នាច្បាស់នៅចំណុចមួយចំនួនសិន។ អ្នកជានារីគឺត្រូវតែហ៊ានប្រាប់ចំៗទៅគេ ប្រសិនបើមិនទាន់ត្រៀមចិត្តរួចរាល់នោះ។
៣) គេយកចិត្តទុកដាក់លើអ្នកជ្រុល
ចំណុចពីបុរស អ្វីដែលនារីចង់បានបំផុតគឺភាពនឹងននៃចិត្ត ដោយមិនមែនការស្រលាញ់តែមួយឆាវដំបូងឡើយ។ បើដំបូងៗគេចេញមកផ្តល់អាទិភាពឲ្យអ្នកលើសលប់ លែងចង់ទៅណាជាមួយមិត្តភក្តិ ហើយចង់តែនៅជាមួយអ្នក នោះពុំមែនជាចំណុចល្អទេ ដោយអ្នកត្រូវចាំថា គ្មាននរណាទៅធ្វើបែបហ្នឹងរហូតឡើយ តែបើអារម្មណ៍គេបែងចែកបានល្អរវាងពេលណាត្រូវផ្តល់ឲ្យមិត្តភក្តិ ពេលណាត្រូវផ្តល់ឲ្យអ្នកនោះទើបជាចំណុចល្អ។
២) គេប្រច័ណ្ឌជ្រុល
អ្នកត្រូវចាំ ការប្រច័ណ្ឌជ្រុលទៅថ្ងៃមុខ អ្នកនឹងទទួលការឈឺចាប់ខ្លាំងបំផុត។ បុរសដែលស្រលាញ់អ្នកខ្លាំងបំផុត មិនមែនជាបុរសដែលពូកែប្រច័ណ្ឌនោះទេ តែជាបុរសដែលយល់ពីអ្នក ជឿជាក់លើអ្នក និងចេះទុកចន្លោះដល់អ្នក។ ផ្ទុយទៅវិញបើជួបបុរសដែលគេចង់គ្រប់គ្រងលើជីវិតអ្នក នោះទៅថ្ងៃមុខអ្នកនឹងជួបតែការឈឺចាប់។
១) គេមិនសូវចេះអត់ធ្មត់
បើមនុស្សប្រុសដែលមិនសូវចេះអត់ធ្មត់ គឺរាប់បានថាជាបុរសដែលមិនទាន់ចាស់ទុំនៅឡើយ។ ការគិតរបស់គេគឺនៅរាក់ ឆាប់ខឹង ឆាប់ឆេវឆាវ មិនទាន់អាចយកមកធ្វើជាគូស្នេហ៍របស់ពេលនេះបានទេ។
ជាធម្មជាតិរបស់បុរស គឺត្រូវតែមានការអត់ធ្មត់ខ្ពស់ មិនថាតែលើរឿងរ៉ាវស្នេហា ឬអ្វីក៏ដោយ ហើយបើពួកគេមិនទាន់ឈានដល់ចំណុចហ្នឹងបានផង ស្មើនឹងគេមិនទាន់ចាស់គំនិតនោះឡើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក