ESPN បានអះអាងថា Marcus Rashford នៅតែជាកីឡាករដែលបង្ហាញខ្លួនទៀងទាត់សម្រាប់ក្រុម Man United ទោះបីជាលេងទាំងឈឺចាប់អស់រយៈពេលពីរឆ្នាំក៏ដោយ។
បច្ចុប្បន្ននេះ!ខ្សែប្រយុទ្ធរូបនេះ មានបញ្ហារបួសជើង និងស្មា។ របួសស្មាខាងឆ្វេង(យារសាច់ដុំ)បានកើតឡើងតាំងពីខែវិច្ឆិកាឆ្នាំមុន ខណៈរបួសជើងបានកើតឡើងកាលពីខែមីនានេះ។ទោះយ៉ាងណា Rashford បានប្តេជ្ញាចិត្តបង្ហាញវត្តមានជួយក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតពានទ្វីបអ៊ឺរ៉ុបនៅរដូវក្តៅនេះ។
នោះហើយជាមូលហេតុដែលគាត់ពន្យារពេលវះកាត់នៅលើស្មារបស់គាត់រហូតដល់ព្រឹត្តិការណ៍ត្រូវបញ្ចប់សិន។ ការរងរបួសប្រអប់ជើងនឹងត្រូវពិនិត្យរកលទ្ធភាពវះកាត់ពេលចប់រដូវកាលនេះ។
ទោះបីជាបញ្ហាទាំងអស់របស់គាត់មិនទាន់បានដោះស្រាយក៏ដោយក៏ Rashford បានក្លាយជាកីឡាករដែលលេងច្រើននាទីជាងគេជាប់ចំណាត់ថ្នាក់លេខបួននៅក្នុងក្រុម Man United ដោយលេងសរុប ៣.៧៨០ នាទីនៅរដូវកាលនេះ ដោយតាមពីក្រោយ Harry Maguire, Aaron Wan-Bissaka និង Bruno Fernandes ។
រហូតមកដល់ពេលនេះកីឡាករវ័យ ២៣ ឆ្នាំរកបាន ២០ គ្រាប់ក្នុង ៥១ ប្រកួតនៅគ្រប់ការប្រកួតនិងពានរង្វាន់ទាំងអស់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក