រមៀតត្រូវបានគេដឹងថាមិនត្រឹមជាគ្រឿងទេសន៍សម្រាប់មុខម្ហូបខ្មែរដ៏សំខាន់នោះទេ តែរមៀតត្រូវបានចាស់ៗជំនាន់មុខយកធ្វើជាគ្រឿងថែរក្សាសម្រស់ស្បែកមុខ និងដងខ្លួនយ៉ាងមានប្រសិទ្ធភាពផងដែរ។
ដោយភាគច្រើនចាស់ៗបានយករមៀតទៅហាន់ស្តើងៗហាលថ្ងៃឱ្យស្ងួតបុកជាម្សៅ អាចរក្សាទុកបានយូរ ងាយយកទៅលាយគ្រឿងធម្មជាតិផ្សេងៗដើម្បីថែរក្សាសម្រស់។ ដោយរមៀត និងម្សៅរមៀតគឺជាថ្នាំបំបាត់ការរលាកលើស្បែកមុខ និងដងខ្លួនយ៉ាងមានប្រសិទ្ធភាព ថែមទាំងជួយឱ្យស្បែកម៉ដ្ខរលោងស្ងួតរហូតស្រមោចវារធ្លាក់ទៀតផង។
ដើម្បីកាន់តែចង់ដឹងប្រសិទ្ធភាពម្សៅរមៀត តោះមកតាមដានរូបមន្ត៤មុខ ដោយប្រើម្សៅរមៀតលាយជាមួយគ្រឿងផ្សំសំខាន់ៗដូចខាងក្រោម ៖
#រូបមន្តទី១៖ ជួយឱ្យមុខស ម៉ដ្ឋស្អាត ទន់រលោង ពិសេសជួយបន្តឹងស្បែកមុខឱ្យក្មេងជាងវ័យ បំបាត់ស្នាមជ្រីវជ្រួញ។
-ម្សៅរមៀត ១ស្លាបព្រា
-ជែលប្រទាលកន្ទុយក្រពើ ២ ទៅ៣ស្លាបព្រា
លាយល្បាយខាងលើកូរចូលឱ្យសព្វរួចយកមកលាបមុខ ៧នាទី ទៅ ១០នាទី ចាំលាងមុខចេញ។
#រូបមន្តទី២ ៖ជួយធ្វើឱ្យមុខសម៉ដ្ឋរលោង គ្មានមុនមួយគ្រាប់ ពិសេសជួួថែរក្សាស្បែកមុខឱ្យស្អាតទន់ស្រស់ថ្លាក្មេងជាងវ័យ។
-ម្សៅរមៀត ១ស្លាបព្រា
-ម្សៅអង្ករ ២ស្លាបព្រា
-ទឹកដោះគោឆៅ ឬទឹកដោះគោជូរប្រសិនជាចង់កម្ចាត់មុន ៣ស្លាបព្រា
-ទឹកឃ្មុំ ២ ទៅ៣ដំណក់
លាយល្បាយខាងលើកូរចូលឱ្យសព្វ រួចយកលាបមុខ ២០នាទី ចាំលាងទឹកចេញ។
#រូបមន្តទី៣៖ ផ្តល់សំណើមទៅផ្ទៃមុខ ឱ្យភ្លឺ ទន់ម៉ដ្ឋរលោង បំបាត់មុខខ្មៅស្រអាប់ ជាំខ្មៅ ឬមានស្នាមមុនផ្សេងៗ។
-ម្សៅរមៀត កន្លះស្លាបព្រា
-ទឹកដោះគោ ៣ស្លាបព្រា
-ទឹកក្រូចឆ្មារ ១ស្លាបព្រា
កូល្បាយខាងលើលាយបញ្ចូលគ្នា រួចលាបលើមុខ ២០នាទី ទៅ ៣០នាទី ចាំលាងនឹងទឹកស្អាតចេញ។
#រូបមន្តទី៤៖ ធ្វើឱ្យមុខមានសំណើម ទណ់រលោងស្អាត កម្ចាត់ភាពកខ្វក់ និងស្បែកមុខចាស់ៗ ធ្វើឱ្យមុខតឹងណែនស្អាតក្មេងជាងវ័យ។
-រមៀត កន្លះស្លាបព្រា
-ទឹកឃ្មុំ ១ស្លាបព្រា
-ប្រេងដូង ១ស្លាបព្រា
យកល្បាយខាងលើលាយបញ្ចូលគ្នា រួចលាបមុខទុក ២០នាទី ចាំលាងចេញនឹងទឹកក្តៅឧណ្ហៗ។
ចំណាំ៖ រូបមន្តខាងលើនេះ អាចប្រើប្រាស់បាន ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ ដោយក្រោយប្រើល្បាយនេះអាចលាបក្រែមផ្តល់សំណើមលើផ្ទៃមុខបន្ថែមបានដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក