របបអាហារប្រចាំថ្ងៃសម្រាប់ក្មេងតូចៗគឺសំខាន់ណាស់ ព្រោះអាចកំណត់នូវការអភិវឌ្ឍរាងកាយ និងសុខភាពរបស់ពួកគេទៅពេលខាងមុខ។
យើងជាឪពុកម្តាយក៏ត្រូវដឹងឲ្យបានច្បាស់ដែរអំពីអាហារណាដែលល្អចំពោះពួកគេ និងអាហារដែលគួរតែជៀសវាង។ ថ្ងៃនេះ Knongsrok ណែនាំឲ្យអាណាព្យាបាលដឹងពីអាហារ ៣ ប្រភេទដែលគួរបញ្ចៀសកុំឲ្យពួកគេទទួលទាន ព្រោះនាំឲ្យពួកគេលូតកម្ពស់យឺតនិងមិនងាយធំធាត់ទេ៖
៣) ប្រភេទអាហារចៀនឬបំពង
បើយើងធ្វើដោយខ្លួនឯងនៅផ្ទះ យើងដឹងច្បាស់ថាគួរប្រើប្រាស់កម្រិតប្រេងខ្លាញ់ប៉ុណ្ណា ឬប្រេងប្រភេទណាល្អ។ ប៉ុន្តែបើយើងទទួលទាននៅខាងក្រៅ ភាគច្រើនពួកគេបន្តប្រើប្រេងចាស់ដែលអាចប្រើឡើងវិញបាន។
បែបនេះវានាំឲ្យអាហារចៀនឬបំពងទាំងនោះ មានដូចជាដំឡូងបំពង សាច់មាន់បំពងជាដើម បានបឺតយកជាតិខ្លាញ់មិនល្អជាច្រើនមកក្នុងរាងកាយកុមារ ដែលនាំឲ្យពួកគេអាចប្រឈមជំងឺមហារីក ហើយបើឡើងទម្ងន់វិញ គឺក្លាយទៅជាជំងឺធាត់ ដែលមិនល្អចំពោះសុខភាពនោះឡើយ។
២) ប្រហិតដោតចង្កាក់
សាច់កែច្នៃដូចជាសាច់បង្គា សាច់ជ្រូក សាច់មាន់ ឬសាច់ត្រី ដែលគេយកមកមូលធ្វើជាប្រហិតប៉ោងៗនោះ វាក៏មានលាយឡំនូវគ្រឿងផ្សំជាច្រើន ដើម្បីលក់បានចំណេញច្រើន។ យ៉ាងណាគ្រឿងផ្សំដែលយកមកលាយជាមួយសាច់ គឺត្រូវបានគេដឹងថាមិនល្អនោះទេ ធ្វើឲ្យប៉ះពាល់ដល់សុខភាពកុមារខ្លាំងណាស់ ហើយក៏ធ្វើឲ្យរាំងស្ទះដល់ដំណើរការអភិវឌ្ឍរាងកាយរបស់ពួកគេផងដែរ។
១) អាហារកែច្នៃ
ដោយចង់សំដៅទៅដល់សាច់ក្រក អាហារកំប៉ុងគ្រប់ប្រភេទ ភាគច្រើនសុទ្ធតែឆ្លងកាត់ការច្រោះប្រឡាក់អំបិលដើម្បីឲ្យទុករក្សាទុកបានយូរ។ ប្រសិនកុមារមានទម្លាប់ទទួលទានជាប្រចាំ នោះនឹងធ្វើឲ្យក្រពះរបស់ពួកគេងាយមានបញ្ហា ហើយអាចជួបជំងឺរ៉ាំរ៉ៃទៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក