ពិតទេ កើតកូនលើយន្តហោះ កូននោះនឹងបានជិះយន្តហោះឥតគិតថ្លៃពេញមួយជីវិត?

ពុំ​មាន​របាយការណ៍​ផ្លូវការ​ណា​មួយ​ដែល​ចុះ​ផ្សាយ​ថា កន្លង​មក​ធ្លាប់​មាន​ស្រ្តី​ប៉ុន្មាន​នាក់​ដែល​បាន​ផ្តល់​កំណើត​ឲ្យ​ទារក កំឡុង​ពេល​ធ្វើ​ដំណើរ​លើ​យន្តហោះ​នោះ​ទេ? ប៉ុន្តែ​បើ​តាម​ប្រភព​គេហទំព័រ​មួយ​ចុះ​ផ្សាយ​ថា គឺ​មាន​ករណី​នេះ​ប្រមាណ ៦០ លើក​រួច​មក​ហើយ។

ជឿ​ថា​អ្នក​ខ្លះ​ប្រាកដ​ជា​ចង់​ដឹង​ចម្លើយ ថា​តើ​បើ​កើត​មាន​ករណី​បែប​នោះ តើ​ទារក​នឹង​ត្រូវ​ជួប​រឿង​អ្វី​ខ្លះ​ទៅ ហើយ​ពិត​ទេ​ដែល​គេ​ថា​ទារក​នោះ​នឹង​អាច​ជិះ​យន្តហោះ​បាន​មួយ​ជីវិត​ដោយ​ឥត​គិត​ថ្លៃ? ខាង​ក្រោម​យើង​បង្ហាញ ៥ រឿង​ដែល​នឹង​កើត​ឡើង៖

៥) នាវិក​អាច​សម្រេច​បាន​ថា​ត្រូវ​ចុះ​ចត​ភ្លាមៗ​បែប​ណា

1

ជា​ទូទៅ​មុន​ពេល​ហោះហើរ ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​អស់​រមែង​មាន​ការ​ដាក់​កំហិត​មួយ​សម្រាប់​អ្នក​ធ្វើ​ដំណើរ។ ដោយ​ពួក​គេ​ត្រូវ​ពិនិត្យ​ចំពោះ​ស្រ្តី​មាន​ផ្ទៃ​ពោះ ដោយ​ជា​ធម្មតា​មិន​ឲ្យ​លើស​ពី ៣៨ សប្តាហ៍​ឬ​ខ្វះ ៣០ ​ថ្ងៃ​មុន​ពេល​កើត មក​ធ្វើ​ដំណើរ​លើ​យន្តហោះ​នោះ​ទេ។

យ៉ាង​ណា​បើ​មាន​ករណី​នេះ​កើត​ឡើង វា​ស៊ីសង​លើ​យន្តហោះ​នោះ​ដែរ ប្រសិន​មាន​គិលានុបដ្ឋាយិកា​ឈរ​ជើង​ម្នាក់ ក៏​នឹង​បង្កើត​នៅ​លើ​យន្តហោះ​ភ្លាមៗ តែ​បើ​អត់​ទេ​ក៏​នឹង​ធ្វើ​ការ​ចុះ​ចត​ជា​បន្ទាន់។ តែ​ជា​ធម្មតា​សម្រាប់​អ្នក​បម្រើ​តាម​យន្តហោះ ពុំ​មាន​នរណា​ដែល​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​នូវ​ផ្នែក​ឆ្មប​អ្វី​នោះ​ឡើយ។

៤) ពុំ​មាន​ច្បាប់​កំណត់​ច្បាស់ការ​នៃ​ការ​ផ្តល់​សញ្ជាតិ​សម្រាប់​ទារក​ឡើយ

2

វា​ស៊ីសង​លើ​តំបន់​ដែល​កំពុង​ហោះ​កាត់ ឬ​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​យើង​ប្រើប្រាស់​កំពុង​ពេល​ធ្វើ​ដំណើរ។ ជាក់ស្តែង​ដូច​ជា​នៅ​សហរដ្ឋអាមេរិក ប្រសិន​ណា​ទារក​នោះ​ចាប់​កំណើត​កំឡុង​ពេល​យន្តហោះ​ធ្វើ​ដំណើរ​កាត់​ផ្នែក​ណា​មួយ​នៃ​ទឹកដី​អាមេរិក នោះ​គេ​នឹង​ទទួល​បាន​សញ្ជាតិ​អាមេរិក តែ​នៅ​ចក្រភព​អង់គ្លេស​វិញ​គឺ​អត់​ទេ ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ ហើយ​ត្រូវ​មាន​សញ្ជាតិ​ដូច​ជា​ម្តាយ​ឪពុក​ដដែល។

៣) ក្រុមហ៊ុន​អាកាសចរណ៍​ខ្លះ​នឹង​ផ្តល់​សំបុត្រ​ធ្វើ​ដំណើរ​ឥត​គិត​ថ្លៃ​ដល់​ទារក

3

នេះ​គឺ​ស៊ីសង​លើ​ច្បាប់​កំណត់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​នីមួយៗ​តែ​ប៉ុណ្ណោះ ពោល​មិនមែន​ទាំង​អស់​នោះ​ឡើយ។

ជាក់ស្តែង​ដូច​ករណី​ទារក​មួយ​ដែល​ចាប់​កំណើត​លើ​យន្តហោះ​របស់ Virgin Atlantic គឺ​គែ​ទទួល​បាន​សំបុត្រ​ធ្វើ​ដំណើរ​ឥត​គិត​ថ្លៃ​រហូត​ដល់​គេ​មាន​អាយុ ២១ ឆ្នាំ ​រី​ឯ​ករណី​មួយ​ផ្សេង​ទៀត​កាល​ពី​ឆ្នាំ ២០១៧ ទារក​មួយ​ដែល​កើត​លើ​យន្តហោះ​របស់​ក្រុមហ៊ុន Spirit Airrlines គឺ​ទទួល​បាន​ការ​ធ្វើ​ដំណើរ​ឥត​គិត​ថ្លៃ​មួយ​ជីវិត តែ​សម្រាប់​តែ​ថ្ងៃ​បុណ្យ​កំណើត​របស់​គេ​តែ​ប៉ុណ្ណោះ​ជា​រៀងរាល់​ឆ្នាំ។

២) ទទួល​បាន​ការ​ផ្តល់​តម្លៃ​និង​កិត្តិយស​ដ៏​ធំធេង​ពី​ក្រុមហ៊ុន​អាកាសចរណ៍

4

ស្រដៀង​នឹង​ចំណុច​ទី ៣ នេះ​ ដោយ​ចំណុច​នេះ​គឺ​ថា ដូច​នៅ​ឆ្នាំ ២០១៩ ក្រុមហ៊ុន JetBlue បាន​ផ្លាស់ប្តូរ​ឈ្មោះ​យន្តហោះ​របស់​ខ្លួន​មួយ​ទៅ​ជា "Born to Be Blue" ក្រោយ​មាន​ទារក​ចាប់​កំណើត​នៅ​លើ​នោះ។

ករណី​ផ្សេង​ទៀត​នៅ​ឆ្នាំ ២០១៨ ទារិកា​ម្នាក់​កើត​នៅ​លើ​យន្តហោះ​របស់ Chick-fil-A នាង​ទទួល​បាន​ការ​ផ្តល់​ជូន​នូវ​អាហារ​មួយ​ជីវិត ហើយ​ថែម​ទាំង​ធានា​នឹង​ផ្តល់​ជូន​ការងារ​សមរម្យ​មួយ​ពេល​នាង​គ្រប់​អាយុ​ទៀត​ផង។

១) សុខភាព​ទារក​នឹង​មិន​សូវ​ល្អ​ទេ

5

មាន​ហេតុផល​មួយ​ចំនួន​ដែល​ការ​ផ្តល់​កំណើត​ឲ្យ​ទារក​លើ​យន្តហោះ​មិន​ជា​រឿង​ល្អ​ទេ ជាក់ស្តែង​ដូច​ជា​ស្ថានភាព​ខ្យល់​នៅ​ក្នុង​នោះ​មិន​សូវ​ជា​ល្អ ហើយ​ពិបាក​សម្រាប់​ទារក​ក្នុង​ការ​ដក​ដង្ហើម និង​មួយ​ផ្សេង​ទៀត​ពុំ​មាន​បច្ចេកវិទ្យា​ទំនើប ឬ​គ្រប់គ្រាន់​ដូច​នៅ​មន្ទីរពេទ្យ​ក្នុង​ការ​មើល​ថែ​ទាំ​ទារក​បាន​ល្អ​ឡើយ​ក្រោយ​ចាប់​កំណើត​ភ្លាមៗ។ អ្វី​ដែល​សំខាន់​ដោយ​សារ​សម្ពាធ​ខ្យល់​ខ្ពស់ អាច​នឹង​បណ្តាល​ឲ្យ​ទារក​ខូច​ត្រចៀក ឬ​ការ​ស្តាប់​ចុះ​ខ្សោយ​ក៏​មាន៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក