លោក ហុក សុចិត្រា អគ្គលេខាធិការ ក្លិបបាល់ទាត់វិសាខាបានផ្ដល់បទសម្ភាសន៍ទៅកាន់ទីភ្នាក់ងារសារព័ត៌មានកម្ពុជាថា ក្លិបបានធ្វើលិខិតស្នើសុំពន្យារពេលការប្រកួតវគ្គជម្រុះ AFC Cup ជុំ Play-off ជាមួយក្លិប Lalenok United របស់ប្រទេសទីម័រខាងកើត។
តាមការគ្រោងទុក! វគ្គជម្រុះបឋមនៃព្រឹត្តិការណ៍ពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC CUP រដូវកាល ២០២១ គ្រោងនឹងធ្វើឡើងនាថ្ងៃទី២៨ ខែមេសា ប៉ុន្តែត្រូវលើកទៅប្រកួតនាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះបន្តទៀតថា៖
«ការសម្រេចលើកពេលនេះ បន្ទាប់ពីវិសាខាបានស្នើសុំពន្យាពេល ស្របពេលដែលប្រទេសកម្ពុជាកំពុងរីករាលដាលជំងឺកូវីដ-១៩សហគមន៍ រហូតត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញវិធានការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលនាំឱ្យការប្រកួត និងការហ្វឹកហាត់ផ្សេងៗ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ក្នុងពេលជាមួយគ្នានេះ"។
«ដោយយោងតាមស្ថានភាពបច្ចុប្បន្ន ទើបសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ីឯកភាពតាមសំណើរបស់វិសាខា។ ក្លិបជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន រដូវកាល២០២០ នេះក៏បានស្នើ AFC ស្វែងរកទឹកដីកណ្ដាល ដែលមានសុវត្ថិភាព ដើម្បីស្វាគមន៍ការប្រកួតរបស់ខ្លួនជាមួយក្រុមតំណាងប្រទេសទីម័រខាងកើត ក្រុម Lalenok United ក្នុងវគ្គជម្រុះបឋម AFC Cup នាខែក្រោយទៀតផង»។
មែនទែនទៅ! វិសាខាត្រូវលេងវគ្គជម្រុះ Play-off ចំនួន២ប្រកួតហើយបើឈ្នះ២ប្រកួតនេះទើបមានកៅអីឡើងទៅលេងនៅវគ្គជម្រុះក្នុងពូល។ ប្រកួតជុំទីមួយនេះពួកគេត្រូវជួប Lalenok United ហើយបើឈ្នះការប្រកួតនេះពួកគេនឹងត្រូវជួបក្រុម Persipura Jayapura របស់ប្រទេសឥណ្ឌូណេស៊ី នៃវគ្គជម្រុះចុងក្រោយ (ឬវគ្គ Play-off stage) ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងទៅបង្គ្រប់ពូល H ដែលមានក្លិប Kedah (ម៉ាឡេស៊ី), ក្លិប Lion City Sailor (សិង្ហបុរី) និងក្លិប Saigon (វៀតណាម) កំពុងរង់ចាំស្រាប់៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក