លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាចំបាប់កម្ពុជាបានបង្ហាញថា សហព័ន្ធកីឡាចំបាប់កម្ពុជាបានត្រៀមបញ្ជូនកីឡាករ កីឡាការិនីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ក្នុងចន្លោះពី៨ទៅ១០វិញ្ញាសា នៃវិញ្ញាសាសរុបចំនួន១៨ លើប្រភេទកីឡាចំបាប់ ដែលម្ចាស់ផ្ទះវៀតណាមកំណត់បង្ហាញកន្លងទៅថ្មីៗនេះ។
បច្ចុប្បន្នយើងបានត្រៀមខ្លួនរួចហើយ ប៉ុន្តែមិនមានសង្ឃឹមខ្ពស់ពេកទេ នៅក្នុងស្ថាភាពវិបត្តិជំងឺកូវីដ-១៩នៅតែបន្តវាយលុកជាបន្តបន្ទាប់ ដែលជាផលបង្កអាក្រក់ដល់ការហ្វឹកហាត់របស់ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ។ លោកបានបន្ដថា អ្វីដែលសង្ឃឹម គឺលុះត្រាតែស្ថានភាពជំងឺកូវីដ-១៩បានធូរស្រាល ហើយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បញ្ជូនក្រុមជម្រើសជាតិចេញទៅហ្វឹកហាត់នៅប្រទេសបន្ថែម ដូចជានៅប្រទេសចិនជាដើម ទើបយើងមានសង្ឃឹមខ្ពស់ ក្នុងការប្រកួតប្រជែងស្វែងរកមេដាយបាន។
លោក ធិន វិចិត្រ បានអះអាងយ៉ាងដូច្នេះថា «ក្នុងចំណោមវិញ្ញាសានេះ គឺសហព័ន្ធចំបាប់កម្ពុជាអាចរៀបចំយ៉ាងច្រើន១០ តាមស្ថានភាពជាក់ស្តែង ហើយយើងនឹងធ្វើតេស្តសមត្ថភាពកីឡាករ កីឡាការិនិជាមុនសិន ប្រសិនបើវិញ្ញាសាណាខ្លះ ដែលកម្រិតសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាយើងនៅឆ្ងាយពីគេពេក គឺមិនបញ្ជូនទៅទេ។ ប៉ុន្តែប្រសិនបើមានភាពប្រហាក់ប្រហែលគ្នាក្នុងតំបន់ គឺយើងនឹងបញ្ជូនទៅចូលរួមប្រកួត ដែលយ៉ាងហោចណាស់ក៏ទទួលបានបទពិសោធន៍ក្នុងការត្រៀមខ្លួនឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ផងដែរ។
ចំពោះប្រភេទ Greco-Roman គឺយើងមានការលំបាកបន្តិច ក្នុងការបញ្ជូនចូលរួមប្រកួត ប៉ុន្តែបើវិញ្ញាសាសេរី ប្រុស៦ និងនារី៦នេះ គឺជាជំនាញរបស់ចំបាប់កម្ពុជាយើង ហើយយើងងអាចបញ្ជូនកីឡាការិនីយ៉ាងច្រើនណាស់បាន៣ទៅ៤នាក់ប៉ុណ្ណោះ មិនអាចបាន៦នាក់ទេ ខណៈវិញ្ញាសាទម្ងន់ធ្ងន់ ដូចជាទម្ងន់១២៥គីឡូក្រាមជាដើមនោះ គឺកំពុងជួបបញ្ហាប្រឈម ដូច្នេះហើយទើបខ្ញុំថាអាចដាក់បញ្ជូនវិញ្ញាសាពី៨ទៅ១០វិញ្ញាសាប៉ុណ្ណោះ»។
ជាមួយគ្នានេះ ប្រភេទកីឡាចំបាប់បានខកខានស៊ីហ្គេម ចំនួន២លើក គឺនៅប្រទេសសិង្ហបុរី កាលពីឆ្នាំ២០១៥ និងស៊ីហ្គេម នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០១៧ ប៉ុន្តែចំបាប់ត្រូវបានរៀចំឲ្យមានឡើងវិញ នៅក្នុងស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន ដោយចំបាប់កម្ពុជាដណ្តើមមេដាយសំរឹទ្ធិ ចំនួន៥គ្រឿង។ បើតាមការកំណត់បង្ហាញរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម គឺចំបាប់ផ្នែក Greco-Roman មាន៦ប្រភេទទម្ងន់ ចាប់ពី៦០គីឡូក្រាម ដល់១៣០គីឡូក្រាម ខណៈចំបាប់សេរី (Freestyle) ផ្នែកបុរស៦វិញ្ញាសា ពី៥៧គីឡូក្រាមដល់១២៥គីឡូមក្រាម រីឯផ្នែកនារី ចាប់ពីទម្ងន់៥០គីឡូក្រាមដល់៧៦គីឡូក្រាម៕
អត្ថបទ៖ AKP
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក