ដូចប្រិយមិត្តអ្នកគាំទ្របាល់ទាត់កម្ពុជាបានដឹងត្រួសៗរួចមកហើយថា គ្រូបង្គោលថ្មីជនជាតិជប៉ុននៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា លោក RYU HIROSE បានជ្រើសរើសកីឡាករបាល់ទាត់ជាបណ្តើរៗហើយចេញពីការប្រកួត Metfone Cambodian League 2021 នាពេលកន្លងមក ដើម្បីត្រៀមការប្រកួត 2022 FIFA World Cup នៅសល់ ចំនួន៣ប្រកួតក្នុងខែមិថុនាឆ្នាំ២០២១ខាងមុខ ប៉ុន្តែពេលនេះការប្រកួតលីគកំពូលកម្ពុជាត្រូវបានផ្អាកទាំងស្រុង ដោយសារការបិទខ្ទប់រាជធានីភ្នំពេញ និងទីក្រុងតាខ្មៅខេត្តកណ្តាល ហើយមិនទាន់ដឹងកាលបរិច្ឆេទលេងឡើងវិញ។
អគ្គលេខាធិការសហព័ន្ធបាល់ទាត់កម្ពុជា លោក កែវ សារ៉េតបាននិយាយប្រាប់សារព័ត៌មានក្នុងស្រុកមួយថា៖« ការជ្រើសរើសកីឡាករជម្រើសជាតិ ក្រោមការសម្រិតសម្រាំងដោយផ្ទាល់ពីគ្រូជប៉ុន លោក RYU HIROSE ដើម្បីត្រៀមការប្រកួត FIFA WORLD CUP ចំនួន៣ប្រកួតចុងក្រោយ នាពាក់កណ្តាលឆ្នាំ២០២១នេះ»។
លោកបានបន្ថែមទៀតថា នៅក្នុងកិច្ចពិភាក្សានេះក៏បានជជែកគ្នាអំពីការប្រមូលផ្តុំហ្វឹកហាត់នៅក្នុងស្រុក ឬនៅក្រៅប្រទេស ដែលបញ្ហាទាំងអស់នេះមិនទាន់សម្រេចជាផ្លូវការយ៉ាងណាឱ្យច្បាស់លាស់នៅឡើយនោះទេ។
«ពេលនេះមិនទាន់មានអ្វីជាក់លាក់នៅឡើយទេ ដោយសារស្ថានភាពនេះ ម្យ៉ាងទៀតការជ្រើសរើសអាស្រ័យលើការប្រកួតលីគកំពូលកម្ពុជា ដែលផ្អាកដំណើរការ ដូច្នេះគ្រូបង្គោលកំពុងរង់ចាំ ការប្រកួតឡើងវិញ»។
«តាមពិតទៅ! ការជ្រើសរើសកីឡាករនេះ ក្រុមថ្នាក់ដឹកនាំបានធ្វើកិច្ចការនេះជាបន្តបន្ទាប់មកហើយ ប៉ុន្តែគ្រាន់តែមិនទាន់បញ្ចេញបញ្ជីឈ្មោះផ្លូវការប៉ុណ្ណោះ។ នៅរសៀលថ្ងៃទី២០មេសានេះ ក្រុមជម្រើសជាតិនឹងជួបពិភាក្សាគ្នាតាមអនឡាញជាមួយលោក Keisuke Honda ទាក់ទងនឹងការជ្រើសរើសកីឡាករ និងផែនការនានា»។
សម្រាប់បេសកកម្មបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងវគ្គជម្រុះជុំទី២នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA WORLD CUP 2022) គឺនៅសល់៣ប្រកួតចុងក្រោយបង្រ្គប់កិច្ច ដែលត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣មិថុនា, ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី៧មិថុនា និងទទួលធ្វើម្ចាស់ផ្ទះ១ប្រកួតចុងក្រោយ ជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក