ជឿថាយុវវ័យភាគច្រើន នៅពេលដែលការងាររវល់ខ្លាំង ឬស្ថិតក្នុងពេលវេលាចាំបាច់ណាមួយ ពួកគេលែងទាំងអើពើពីការបត់ជើងតូចថែមទៀត។ ដោយនៅពេលឈឺបត់ជើងតូច ឬឈឺនោម ពួកគេចេះតែអូសបន្លាយពេល ហើយបង្ខំខ្លួនឯងថាមិនអី ឬចាំបង្ហើយការងារអ្វីមួយហើយសិន។
សួរថាតើទម្លាប់បែបនេះទៅមុខទៀតល្អដែរឬទេ? ចម្លើយ៖ គឺមិនល្អនោះទេ ហើយវាអាចបង្កទៅជាផលប៉ះពាល់ ឬបណ្តាលឲ្យអ្នក នោមលែងកើតក៏មាន។
ជាទូទៅប្លោកនោមមនុស្សពេញវ័យ អាចទប់ទឹកនោមបានប្រហែលកន្លះលីត្រ ហើយប្រសិនឈានដល់ចំណុចមួយដែលពេញ ឬដល់ដែនកំណត់របស់វា វានឹងបញ្ជូនសញ្ញាទៅកាន់ខួរក្បាលឲ្យដឹងភ្លាម ថាប្លោកនោមត្រូវការបញ្ចេញចោល តែបើខួរក្បាលដែលជាការសម្រេចចិត្តរបស់យើងឆ្លើយមកវិញថា ត្រូវទប់សិន ឬរក្សាទុកសិន នោះវានឹងរក្សាទប់ ដោយឆ្លងកាត់មុខងារនៃផ្នែកក្រសាល់ (Sphincter) ដើម្បីកុំឲ្យទឹកនោមវាហូរចេញមក។
ត្រង់ផ្នែកក្រសាល់នេះដែរ វាជារនាំងទប់ទឹកនោមមួយយ៉ាងល្អបំផុត តែប្រសិនណាវាត្រូវដំណើរការញឹកញាប់ពេក ឬមានន័យថា អ្នកទម្លាប់ទប់នោមញឹកញាប់ពេក នោះវាក៏ប្រៀបដូចជាដែកមួយអ៊ីចឹង ដោយវាចេះច្រេះដូចគ្នា។ យូរទៅវានឹងចុះខ្សោយសមត្ថភាព ឬអាចនឹងលែងដំណើរការ នាំឲ្យអ្នកជួបសភាពនោមទាស់ ឬឈានដល់ការ នោមមិនបាន។
ជាងនេះទៅទៀត វាក៏មានឥទ្ធិពលអាក្រក់ដល់អាយុជីវិតផងដែរ ដោយតាមអ្នកជំនាញមួយរូបបង្ហើបថា ធ្លាប់មានមនុស្សបាត់បង់ជីវិតដោយសារខូចតម្រង់នោម ដែលពួកគេពិបាកក្នុងការនោម ហើយមូលហេតុក៏ដោយសារតែទម្លាប់ទប់នោមនេះហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក