ទម្លាប់នៃការទទួលទាន ការរស់នៅប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ គឺជាកត្តាកំណត់នូវស្ថានភាពសុខភាពនិងរូបរាងកាយទៅថ្ងៃខាងមុខ។ ខ្លះនៅតែបន្តធ្វើ ទាំងមិនចាប់អារម្មណ៍ថាសកម្មភាពនោះ វាបានបង្កផលប៉ះពាល់ខ្លាំងដល់យើង។
ក្នុងអត្ថបទនេះ Knongsrok នាំឲ្យអ្នករាល់គ្នាយល់ច្បាស់អំពី កូឡាជែន (Collagen) ដែលវាជាប្រូតេអ៊ីនដែលមានច្រើនបំផុតក្នុងខ្លួនរបស់មនុស្ស ហើយវាមានតួនាទីថែរក្សាសម្រស់លើស្បែក ផ្ទៃមុខ ឲ្យមើលទៅមិនជ្រីវជ្រួញ និងមិនចាស់ជាងវ័យ។
ប៉ុន្តែទម្លាប់ ៣ នៅខាងក្រោម គឺជាទម្លាប់មិនល្អ ហើយអាចបំផ្លាញដំណើរការផលិតកូឡាជែនក្នុងខ្លួនរបស់យើងដោយមិនដឹងខ្លួន៖
៣) ការចម្អិននិងទទួលទានអាហារបំពងច្រើន
ស្រ្តីជាពិសេសតែម្តង ព្រោះពួកគាត់រមែងចម្អិនអាហារជាប្រចាំ។ នៅពេលចម្អិនអាហារប្រភេទបំពង ឬអាហារផ្សេងៗ គឺរមែងមានហុយចេញនៅផ្សែងនៃខ្លាញ់ឬប្រេង ហើយកុំថាផ្សែងនោះល្អ ព្រោះវាមានផ្ទុកនូវជាតិ Butadience ដែលវាបង្កហានិភ័យនៃការកើតជំងឺមហារីកស្បែក និងធ្វើឲ្យស្បែកស្ងួត។
ជាងនេះបើនិយាយដល់ការទទួលទានអាហារប្រភេទបំពង ឬមានខ្លាញ់ច្រើនវិញ ក៏ធ្វើឲ្យប៉ះពាល់រាងកាយខ្លាំងដែរ ហើយឆាប់ចូលទៅបំផ្លាញកូឡាជែនក្នុងខ្លួនលឿនបំផុត។
២) ទទួលទានផ្អែមច្រើន
ការដែលមានទម្លាប់ចូលចិត្តទទួលទានផ្អែមច្រើន តួយ៉ាងដូចជាឧស្សាហ៍ទទួលទានការ៉េម តែទឹកដោះគោ នំខេក ឬភេសជ្ជៈមានជាតិផ្អែមផ្សេងៗ វាមិនត្រឹមតែបណ្តាលតឲ្យធាត់ទេ តែវាក៏ចូលទៅពន្លឿនភាពចាស់របស់កោសិកាផងដែរ។
នោះក៏ដោយសារតែជាតិស្ករក្នុងខ្លួន ដែលមានលើស វាចូលប្រតិកម្មជាមួយប្រូតេអ៊ីន ហើយនាំឲ្យកើតមានការបំផ្លាញនៅគុណភាពនៃកូឡាជែនក្នុងរាងកាយ។ យូរទៅធ្វើឲ្យស្បែកមើលមកមានសភាពខ្មៅ ហើយលេចចេញស្នាមជ្រីវជ្រួញ។
១) ការគេងយប់ពេក
ការចូលដំណេកនៅយប់ជ្រៅពេក ក៏នាំឲ្យកោសិកាមនុស្សឆាប់ចាស់រិចរិលដែរ។ ប្រសិនបើអ្នកគេងមិនគ្រប់គ្រាន់ នោះនឹងនាំឲ្យស្បែកឡើងជាតិខ្លាញ់ ហើយឡើងមុន ខណៈដែលភាពសាំជួយបង្ការកុំឲ្យយើងឆាប់មានភាពចាស់ ក៏ត្រូវបានកាត់បន្ថយ។
អ្នកជំនាញបានណែនាំឲ្យយើងគួរចូលដំណេកនៅពេលវេលាសមស្របមួយ ហើយត្រូវប្រាកដថាអាចគេងបានចន្លោះពី ៧-៨ ម៉ោងក្នុងមួយថ្ងៃ គឺល្អបំផុត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក