នៅខែនេះជាខែសំបូរដំណាំផ្លែស្វាយ ដែលនៅលើទីផ្សារវាក៏មានតម្លៃធូរ ហើយបងប្អូនអាចរកទិញមកទទួលទានបានដោយមិនពិបាកនោះទេ។
យ៉ាងណាក៏ជឿថា គ្នាយើងខ្លះបានដឹងអំពីប្រយោជន៍មួយចំនួនរបស់វារួចមកហើយ តែថ្ងៃនេះ Knongsrok សូមលម្អិតអំពីគុណប្រយោជន៍សំខាន់ ៨ យ៉ាង អំពីការទទួលទានទឹកស្វាយក្រឡុក ដែលអ្នកគួរតែដឹង៖
៨) ជួយដល់បញ្ហាក្រពះ
ដោយសារមានជាតិសរសៃខ្ពស់ វាក៏បានដើរតួយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដំណើរការផ្នែកក្រពះក្នុងរាងកាយ។ ប្រសិនអ្នកមានបញ្ហារលាកត្រង់ផ្នែកក្រពះ ឬពោះវៀន អ្នកជំនាញបានណែនាំឲ្យក្រឡុកផ្លែស្វាយមកទទួលទាន ដែលវាល្អជាងការទទួលទានផ្លែស្វាយជាដុំៗ។
៧) ជួយបំបាត់ភាពស្លេកស្លាំង
វាក៏មានផ្ទុកជាតិដែកនៅខាងក្នុងនោះផងដែរ ហើយកង្វះជាតិដែកដូចអ្នកដឹងស្រាប់ហើយ វានឹងធ្វើឲ្យយើងឆាប់ស្លេកស្លាំង។ វាកាន់តែល្អបំផុតសម្រាប់ស្រ្តីកំពុងពពោះ និងត្រៀមសម្រាលកូន ព្រោះទារកត្រូវការជាតិដែកខ្ពស់។
៦) ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ុល
ដោយសារតែការផ្ទុកនូវវីតាមីន C នោះវានឹងជួយសម្រួលដល់រាងកាយ ក្នុងការកាត់បន្ថយនូវកម្រិតកូលេស្តេរ៉ុលក្នុងខ្លួនឲ្យមានទាបជាងមុន។
៥) ជួយបន្ថយសីតុណ្ហភាពរាងកាយ
អ្នកខ្លះឆាប់ឡើងកម្តៅក្នុងខ្លួនណាស់ ដែលវាមិនជាល្អប៉ុន្មាននោះទេ ហើយយើងណែនាំឲ្យទទួលទានទឹកស្វាយក្រឡុក គឺវាជាប្រភេទភេសជ្ជៈមួយដែលល្អបំផុត ក្នុងការបន្ថយសីតុណ្ហភាពពីរាងកាយ និងកាត់បន្ថយអាការៈឈឺក្បាល។
៤) ព្យាបាលស្បែកស្ងួត
ស្វាយមានផ្ទុកនូវវីតាមីន C ដែលលើកឡើងពីខាងលើ ដែលវាមានឥទ្ធិពលសម្រាប់សារធាតុប្រឆាំងអុកស៊ីតកម្ម ជួយផលិតកូឡេជេនការពារស្បែកពីការបំផ្លាញដោយសារកម្តៅព្រះអាទិត្យ។
៣) កាត់បន្ថយការកើនឡើងចង្វាក់បេះដូង
ចង្វាក់បេះដូងលោតញាប់ពេកមិនល្អនោះទេ ហើយពេលខ្លះការកើនឡើងចង្វាក់បេះដូងក៏ដោយសារអាកាសធាតុក្តៅពេក។ បែបនេះការទទួលទានទឹកស្វាយក្រឡុក វាក៏ជួយផ្តល់នូវប៉ូតាស្យូម ម៉ាញេសូម និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលមានមានឈ្មោះថា ម៉ង់ហ្គារីន ជួយសម្រួលដល់ចង្វាក់បេះដូងឲ្យដំណើរការល្អ។
២) បញ្ចៀសការរមួលសាច់ដុំ
ដូចដឹងហើយពេលឡើងកម្តៅខ្លាំង វានាំឲ្យយើងឆាប់រមួលសាច់ដុំ ជាពិសេសគឺនៅពេលយប់។ បែបនេះការទទួលទានទឹកស្វាយក្រឡុកក៏អាចជាដំណោះស្រាយមួយដែរ។
១) បន្ថែមថាមពលដល់រាងកាយ
ជាការពិតក្នុងផ្លែស្វាយមានផ្ទុកនូវអ៊ីយ៉ុង សូដ្យូម ប៉ូតាស្យូម និងអេឡិចត្រូលីត ដែលវាជួយផ្តល់ថាមពលដល់រាងកាយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក