ក្រោយពេលការសាងសង់កីឡដ្ឋានធំរួចរាល់ នឹងមានរៀបចំពិធីសម្ពោធជាផ្លូវការមួយ ហើយនឹងមានការប្រកួតមិត្តភាពអន្តរជាតិកម្ពុជា-ចិនលើប្រភេទកីឡាមួយចំនួន និងធ្វើសកម្មភាពផ្សេងទៀត នេះគឺជាលើកឡើងរបស់ ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង CAMSOC បានប្រាប់តាមរយៈទូរទស្សន៍ BTV News កាលពីថ្មីៗនេះ។
លោកបានថ្លែងបន្តទៀតថា៖"ចំពោះហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដូចអាងទឹកព័ន្ធជុំវិញកីឡដ្ឋានធំក៏កំពុងរៀបចំ និងលេចចេញជារូបរាង ខណៈតាមការរាយការណ៍អាងទឹកនឹងរួចរាល់ក្នុងពេលឆាប់ៗ ដោយរចនាសម្ព័ន្ធតាមស្ថាបត្យកម្មអង្គរ ដែលផ្ដល់នូវធាតុត្រជាក់ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ"។
"រីឯផ្លូវជុំវិញកីឡដ្ឋានធំក៏ត្រូវអ៊ុតបេតុងដ៏ប្រណិតនាពេលឆាប់ៗ។ ចំណែកការតុបតែងផ្នែកខាងក្នុង និងខាងក្រៅផ្សេងទៀត ពិសេសសណ្ឋាគារ និងកន្លែង VIP ដែលបម្រើមុខងារជាច្រើនក្នុងកីឡដ្ឋានដ៏ទំនើបនេះក៏បានកំពុងរៀបចំ និងជិតរួចរាល់ដែរ"។
គិតមកដល់ពេលនេះកីឡដ្ឋានធំដាំស្មៅរួចរាល់ហើយដោយគ្រាន់តែថែរក្សាឲ្យដុះជិតតែប៉ុណ្ណោះ ខណៈដែលកៅអីបំពាក់រួចរាល់ជាង៩០ភាគរយទៅហើយ។ កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងប្រជាជនចិនក្នុងទំហំទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏អស្ចារ្យនេះអាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជានាឆ្នាំ២០២៣៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក