ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបន្តការប្រកួតជម្រុះក្នុងពូល C ជុំទី២ ពានរង្វាន់ FIFA World Cup Qatar 2022 ដែលជាការប្រកួតបង្គ្រប់កិច្ចនៅសល់៣ប្រកួតចុងក្រោយ ក្នុងខែមិថុនា ឆ្នាំ២០២១ ក្រោមការដឹកនាំលោក Honda និងគ្រូបង្គោល Ryu Hirose ប៉ុន្តែសមាសភាពកីឡាករមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ។
៣ប្រកួតចុងក្រោយរបស់កម្ពុជាត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា, ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា និងទទួលធ្វើម្ចាស់ផ្ទះ១ប្រកួតចុងក្រោយ ជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ នេះជាកាលបរិច្ឆេទថ្មី ដែលត្រូវបានផ្លាស់ប្តូរលើកពេលការប្រកួត ដែលកំណត់ដោយសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដោយ២ប្រកួតត្រូវពន្យារពេលកាលពីខែមីនា ឆ្នាំ២០២១ និង១ប្រកួតទៀត នាខែមិថុនា ឆ្នាំ២០២១នេះដែរ។
នៅក្នុងពូលC ដែលមាន៥ក្រុម រួមមាន កម្ពុជា, បារ៉ែន, ហុងកុង, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដោយឆ្លងកាត់៥ប្រកួតកន្លងមក កម្ពុជាមិនធ្លាប់ឈ្នះទេ ដោយស្មើ១ជាមួយក្រុមហុងកុង ១-១ និងចាញ់៤ប្រកួត។ ប្រវត្តិ១ប្រកួត ក្នុងចំណោម៥ប្រកួតនេះ គឺកម្ពុជារបូតគ្រាប់បាល់ច្រើនជាងគេ គឺចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់រហូតដល់ ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ នេះជាការបង្ហាញខ្លួនចូលរួមជាលើកទី២ ជុំទី២ របស់ក្រុមបាល់ទាត់កម្ពុជា នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០២២។
កាលពីថ្មីៗនេះគ្រូបង្វឹកជម្រើសជាតិកម្ពុជាលោក Ryu Hirose បានទៅទស្សនាការប្រកួតបាល់ទាត់នានាក្នុងលីគ ដើម្បីមើលជើងកីឡាករដែលគ្រោងនឹងកោះហៅសម្រាប់ជម្រើសជាតិស្របពេលការប្រកួតនឹងចូលមកដល់ក្នុងរយៈពេល២ខែទៀតប៉ុណ្ណោះ តែយ៉ាងណាបញ្ជីឈ្មោះកីឡាករក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីសញ្ជាតិជប៉ុនមានការផ្លាស់ប្ដូរយ៉ាងណានោះទេ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក