កីឡាកររបស់ Manchester United បាននិយាយឲ្យ Declan Rice ទៅចូលរួមជាមួយពួកគេនៅ Old Trafford ត្រូវបានគេទម្លាយហើយ ខណៈដែលកាសែតAthletic បានឲ្យដឹងថាកីឡាកររបស់ Man Utd បាននិយាយជាមួយ Rice អំពីលទ្ធភាពផ្ទេរទៅ Man Utd។
ខ្សែបម្រើរបស់ក្រុម West Ham រូបនេះកំពុងបង្ហាញទម្រង់លេងល្អក្នុងរដូវកាលនេះ ប៉ុន្តេគាត់អាចនឹងផ្ទេរចេញពេលដែលទីផ្សារដោះដូរកីឡាករពេលចប់រដូវកាលនេះបើកឡើងវិញ។ អំឡុងពេលបោះជំរំហ្វឹកហាត់ជាមួយគ្នាក្នុងជម្រើសជាតិអង់គ្លេស អនុប្រធានក្រុម West Ham រូបនេះ បាននិយាយជាមួយកីឡាករក្រុមបិសាចក្រហមនៅជំរុំអង់គ្លេស។
អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហមលោក Ole Gunnar Solskjaer បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វែងរកលទ្ធភាពក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់ញញួរធំម្នាក់នេះ ហើយអ្វីដែលអាចទៅរួចនោះគឺថា West Ham ដែលចង់បាន Jesse Lingard ស្រាប់ផងនោះ បានធ្វើឲ្យ Man Utd រកឃើញវិធីសាស្រ្តថ្មីមួយនេះ។
West Ham ធ្លាប់និយាយថាបើក្លិបណាមួយចង់បាន Rice ទៅលេងត្រូវចំណាយលុយ១០០លានផោន ប៉ុន្តែទន្តឹមនឹងពេលដែលពួកគេចង់បាន Jesse Lingard ពី Man Utd ក្រោយចប់កុងត្រាខ្ចីជើងនោះ ពួកគេអាចនឹងបន្ទន់ឥរិយាបទបន្តិចហើយ។ ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរំពឹងថានឹងស្វែងយល់ពីលទ្ធភាពនៃការប្រើប្រាស់ Lingard មកបន្ថែមទម្ងន់ឲ្យ West Ham United យល់ព្រមដោះដូរ Declan Rice មក Old Trafford វិញ។
Ole Gunnar Solskjær មានចំណាប់អារម្មណ៍ខ្លាំងទៅលើ Rice ហើយគាត់ត្រូវបានគេមើលឃើញថា ជាកីឡាករជំនួសខ្សែបម្រើវ័យកាន់តែជ្រេ Nemanja Matic រយៈពេលវែងផងដែរ។
បិសាចក្រហមនឹងដោះស្រាយស្ថានការណ៍តឹងតែងមួយចំនួននៅរដូវក្តៅនេះ(ទីផ្សារដោះដូរកីឡាករខាងមុខ) ហើយវិធីសាស្រ្តនេះអាចកើតឡើងទៅបាន ក៏នឹងអាស្រ័យ លើវឌ្ឍនភាពដែលពួកគេធ្វើលើគោលដៅក្នុងមុខតំណែងផ្សេងទៀតដែរ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក