តាមប្រភព Sky Sports បានឱ្យដឹងថា West Ham នឹងធ្វើគ្រប់យ៉ាងតាមអាចធ្វើទៅបាន ដើម្បីចុះហត្ថលេខាយកកីឡាករ Jesse Lingard ជាអចិន្ត្រៃយ៍ឲ្យទាល់តែបាន។
មែនទែនទៅ! ក្រុមញញួរធំមិនមានភ្ជាប់ជម្រើសក្នុងការទិញផ្ដាច់ក្នុងកិច្ចព្រមព្រៀងរបស់ពួកគេជាមួយ Man United ពេលដែលខ្ចីជើង Lingard នោះទេ ហើយការបង្ហាញទម្រង់ដ៏អស្ចារ្យរបស់កីឡាករវ័យ ២៨ ឆ្នាំរូបនេះឱ្យក្រុមរបស់លោក David Moyes ទំនងជាបង្កើនតម្លៃខ្លួនហើយ។
ទោះបីជាយ៉ាងណាក៏ដោយ West Ham មានសេចក្តីរីករាយដែល Lingard បង្ហាញគ្រប់យ៉ាងសក្ដិសមនឹងបន្តជាមួយក្លិបដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់និងបញ្ជូនបាល់ ៣ លើកក្នុង ៨ ប្រកួតនៃក្របខ័ណ្ឌ Premier League ។ កាលពីខែមុនគាត់ក៏បានបង្ហាញខ្លួនជាលើកដំបូងនៅអង់គ្លេសចាប់តាំងពីឆ្នាំ ២០១៨ ផងដែរ។
កីឡាករខ្លួនឯងក៏សប្បាយចិត្តណាស់ដែរ ដែលបានជាប់ជម្រើសដំបូង១១នាក់ឲ្យ West Ham ស្ទើគ្រប់ប្រកួត ហើយនេះជាអ្វីមួយដែលគាត់មិនអាចធ្វើបាននៅ Man United ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជំហររបស់បិសាចក្រហមមិនទាន់ត្រូវបានគេកំណត់នៅឡើយទេ ប៉ុន្តែពួកគេប្រាកដជាពិចារណាលើកីឡាករនៅពេលដែលតម្លៃខ្លួន ពេលដែលកីឡាកររបស់ខ្លួនបានឈានដល់ចំណុចកំពូលបែបនេះ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក