ដូចប្រិយមិត្តបានឃើញស្រាប់ហើយ កាលពីយប់មិញក្រុម Real Madrid បានយកឈ្នះ ៣-១ ទៅលើ Liverpool នៅឯកីឡដ្ឋាន Estadio Alfredo di Stefano ក្នុងទឹកដីប្រទេសអេស្ប៉ាញ ស្របពេលដែល Man City ក៏យកឈ្នះ Borussia Dortmund ២-១ ក្នុងទឹកដីខ្លួនឯងនៅប្រទេសអង់គ្លេសដូចគ្នា។
យ៉ាងណាក៏មានអ្នកគាំទ្រមួយចំនួនបានចោទសួរមកកាន់ពួកយើង ថាតើលទ្ធផលនៅជើងទី ២ សម្រាប់ក្រុមដែលចាញ់នៅជើងទី ១ កាលពីយប់មិញ ពួកគេត្រូវការឈ្នះបែបណា ដើម្បីអាចចាប់យកកៅអីឆ្ពោះទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ?
ជាការពិតអាភិនិហាក្នុងវិស័យបាល់ទាត់រមែងតែងកើតមានជារឿយៗ បែបនេះគេនៅតែជឿថា ហង្សក្រហមឬក្រមុំលឿង នៅសេសសល់ក្តីសង្ឃឹមនៅជើងទី ២ ប៉ុន្តែពួកគេត្រូវការលទ្ធផលដូចខាងក្រោម៖
នៅជើងទី ២ ក្នុងកីឡដ្ឋាន Anfield សម្រាប់ Liverpool ត្រូវការឈ្នះ Real Madrid យ៉ាងហោចណាស់ ២-០។ តាមការគណនារូបមន្តគ្រាប់បាល់ក្រៅដី (Away Goal) បើទោះបីយើងបូកទាំងពីរជើងឃើញថា ៣-៣ តែ Liverpool អាចរកបាន ១ គ្រាប់នៅដីរបស់ Real អ៊ីចឹង Liverpool គឺជាអ្នកឈ្នះ។ ប៉ុន្តែក៏មានករណីដែលក្រុមទាំងពីរ ត្រូវលេងបន្ថែមម៉ោង ១៥ នាទីពីរដង ឬឈានដល់ការស៊ុតបាល់ ១១ ម៉ែត្រ ប្រសិនណាលទ្ធផលនៅជើងទី ២ ចេញមក ៣-១ បែបនេះសរុបពីរជើងគឺ ៤-៤ ហើយគ្រាប់បាល់ក្រៅដីគឺស្មើគ្នា។
នៅជើងទី ២ ក្នុងកីឡដ្ឋាន Signal Iduna Park សម្រាប់ Dortmund ត្រូវការឈ្នះទៅលើ Man City ត្រឹមលទ្ធផល ១-០ ក៏អាចចាប់យកឱកាសឆ្ពោះទៅវគ្គបន្ទាប់បានដែរ នោះក៏ដោយសារពួកគេមានគ្រាប់បាល់ក្រៅដី (Away Goal) ១ គ្រាប់រួចមកហើយកំឡុងការប្រកួតនៅ Etihad កាលពីយប់មិញ។
នៅករណីដែល Dortmund បានត្រឹមលទ្ធផល ២-១ ដូចគ្នានៅប្រកួតជើងទី ១ នោះនឹងត្រូវបន្ថែមម៉ោង ១៥ នាទីពីរដង ឬឈានដល់ការស៊ុតបាល់ប៉េណាល់ទីបើនៅបន្តស្មើ។ ការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៤/១៥ មេសា វេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ៕