Erling Haaland របស់ក្លិប Borussia Dortmund គឺជាកីឡាករម្នាក់ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីក្លិបធំនៅតំបន់អឺរ៉ុប ប៉ុន្តែក្លិបដែលចង់បានកីឡាករត្រូវបានគេប្រដូចទៅនឹងម៉ាស៊ីរកគ្រាប់បាល់ម្នាក់នេះត្រូវចំណាយលុយដ៏មហាសាលទៅលើបុគ្គល២រូប ។
គួរឱ្យកត់សម្គាល់! កីឡាករវ័យ ២០ ឆ្នាំរូបនេះរកបាន ៤៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៥០ ដងសម្រាប់ Dortmund ចាប់តាំងចាកចេញពីក្លិប Red Bull Salzburg កាលពីខែមករាឆ្នាំ ២០២០ ។ នេះក៏សូមអរគុណចំពោះល្បឿន ថាមពល និងកែវភ្នែកដ៏មុតស្រួចមិនចេះរីងស្ងួតក្នុងសម្រេចទី ហើយវាមិនមែនជាការភ្ញាក់ផ្អើលនោះទេ ដែលក្លឹបធំ ៗ នៅអឺរ៉ុបចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយក Haaland ប្រសិនបើមានឱកាស។
ឱកាសដែល Haaland ចុះហត្ថលេខាឲ្យសម្រាប់ក្លិបមួយផ្សេងទៀតនៅរដូវក្តៅនេះ នឹងកើនឡើងគួរឱ្យកត់សម្គាល់ប្រសិនបើ Dortmund មិនមានលក្ខណៈគ្រប់គ្រាន់សម្រាប់ចូលរួមប្រកួតក្របខ័ណ្ឌ Champions League នៅរដូវកាលក្រោយ។ បច្ចុប្បន្ន BVB ស្ថិតនៅលំដាប់ទី ៥ ក្នុងតារាង Bundesliga មាន ៤ ពិន្ទុតាមពីក្រោយក្រុមលេខ ៤ Eintracht Frankfurt និង ២១ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayern Munich និងនៅសល់តែ ៧ ប្រកួតទៀតប៉ុណ្ណោះនឹងចប់រដូវកាល។
ការរំពឹងទុកទៅលើអនាគតរបសHaaland ក្នុងការចាកចេញពី Dortmund មានកាន់តែខ្លាំងឡើង ៗ កាលពីសប្តាហ៍មុន នៅពេលដែលឪពុកនិងភ្នាក់ងាររបស់កីឡាកររូបនេះបានធ្វើទស្សនកិច្ចទាំងនៅ Barcelona និង Real Madrid ដើម្បីធ្វើការពិភាក្សាបឋម។ ឪពុករបស់ Haaland គឺ Alf-Inge គឺជាអតីតខ្សែបម្រើរបស់ក្លិប Manchester City និងន័រវែសដែលល្បីល្បាញរឿងប៉ះទង្គិចដ៏អាក្រក់បំផុតមិនធ្លាប់មានជាមួយ Roy Keane ។ ភ្នាក់ងាររបស់ Haaland ក៏ជាអ្នកល្បីល្បាញឈ្មោះ Mino Raiola ។
កាសែតអេស៉្បាញ RAC1ក៏និយាយ ហើយ Marca ឥឡូវនេះបានរកឃើញពត៌មានលំអិតនៃការទាមទាររបស់ឪពុករបស់ Haaland និងលោក Raiola ដែលទៅទាក់ទងជាមួយ Barcelona កាលពីសប្ដាហ៍មុន។ គេយល់ថា Barça ត្រូវតែយល់ព្រមបង់លុយប្រាក់ឈ្នួលឲ្យ Haaland ចំនួន ៣០ លានអឺរ៉ូក្នុងមួយរដូវកាល ដែលនេះជាចំនួនទឹកប្រាក់ដូចគ្នាដែល Cristiano Ronaldo រកបាននៅក្លឹប Juventus បច្ចុប្បន្ន។
បើគិតជាអាទិត្យ វាមានតំលៃប្រហែល ៥៧៧,០០០ ផោនក្នុងមួយសប្តាហ៍។ ជាងនេះទៅទៀត Barçaត្រូវបង់លុយឲ្យលោក Raiola ចំនួន ២០ លានអឺរ៉ូដើម្បីធានាកិច្ចព្រមព្រៀង។ ហើយប្រសិនបើវាមិនគ្រប់គ្រាន់ទេ ពួកគេនឹងត្រូវដកលុយបន្ថែមចំនួន ២០ លានអឺរ៉ូទៅឪពុករបស់ Haaland ។
មិនទាន់អស់ទេ!
អ្នកតំណាងរបស់Haaland ក៏បានទាមទារឱ្យ Lionel Messi ស្នាក់នៅ Barcelona នៅរដូវក្តៅខាងមុខនេះទៀតដែរ។ កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ បានផុតកំណត់នៅរដូវក្តៅនេះ ហើយមានការពិភាក្សាជាច្រើននៅក្នុងប៉ុន្មានខែថ្មីៗនេះថាគាត់អាចនឹងចុះហត្ថលេខាសម្រាប់ក្រុម Paris Saint-Germain ឬ Manchester City ក្នុងការផ្ទេរដោយគ្មានតម្លៃខ្លួន។
សរុបមកវិញ៖ ប្រាក់ ៤០ លានអឺរ៉ូគឺជាប្រាក់សម្រាប់ចំណាយឲ្យលោក Raiola និងឪពុករបស់ Haaland, ៣០ លានផោនក្នុងមួយឆ្នាំចំពោះកីឡាករខ្លួនឯង និងការបន្ត Messi នៅ Camp Nou ។ កុំភ្លេចណា Messi ជាកីឡាករបាល់ទាត់ដែលរកចំណូលបានច្រើនជាងគេបំផុតលើលោក។
អូភ្លេច! យើងមិនទាន់បាននិយាយអំពីប្រាក់ចំនួន ១៥០ លានអឺរ៉ូ(ប្រាក់ចំណាយលុយកុងត្រាផ្ទេរ) ដែលវាត្រូវបានគេរាយការណ៍ថានឹងត្រូវចំណាយដើម្បីចុះហត្ថលេខាយក Haaland ពី Dortmund នោះទេ។ ច្រើនក៏ច្រើនទៅចុះ! ប្រធានក្លឹប Barcelona លោក Joan Laporta បានប្រាប់អ្នកតំណាងរបស់ Haaland ក្នុងអំឡុងពេលប្រជុំកាលពីសប្តាហ៍មុនថា កីឡាករវ័យក្មេងរូបនេះគឺជាគោលដៅផ្ទេរលេខមួយរបស់គាត់នៅរដូវក្តៅនេះ។ ប៉ុន្តែក្លឹបមានមូលដ្ឋាននៅកាតាឡាន់ត្រូវបង់លុយចំនួនច្រើនលានអឺរ៉ូដើម្បីទទួលបានកិច្ចព្រមព្រៀងពេញលេញ៕
មើលទៅ Barcelona ហ៊ានចំណាយអត់? ចុះក្លិបផ្សេងទៀត?
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក