ក្រុមម្ចាស់ផ្ទះ សហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ខេត្តពោធិ៍សាត់ ត្រូវបាន ក្រុមកភ្ញៀវ ស.ស.យ.ក.ខេតត្តបាត់ដំបង បំបាក់យ៉ាងចាស់ដៃ រហូតដល់ ១១ទល់០ខណៈក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ ប្រកួតចាញ់ ក្រុមភ្ញៀវ សូហ្វីយ៉ាប៉ៃលិនដែរ ដោយលទ្ធផល ២ទល់៣ នៅក្នុងការប្រកួត សន្សំពិន្ទុក្នុងពូល«ខ» សប្តាហ៍ទី៦ នៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២១។
នៅក្នុងការប្រកួត នៃវគ្គទី១ ក្រុមភ្ញៀវ ស.ស.យ.ក.ខេត្តបាត់ដំបង បានបើកការនាំមុខ លើក្រុមម្ចាស់ផ្ទះ ៦ទល់០ ហើយនៅវគ្គទី២ ក្រុមនាំមុខមួយនេះ ធ្វើសម្រេចបាន៥គ្រាប់បន្ថែម ខណៈម្ចាស់ផ្ទះខេត្តពោធិ៍សាត់ មិនមានឱកាសស្វែងរក គ្រាប់បាល់បានឡើយ។ ឆ្លងកាត់ ការប្រកួត៥ប្រកួត ស.ស.យ.កខេត្តបាត់ដំបង ឈ្នះ៣ប្រកួត និងចាញ់២ប្រកួត មាន៩ពិន្ទុ ឈរនៅលេខ៣បណ្តោះអាសន្ន ខណៈ៥ប្រកួត របស់ស.ស.យ.ក.ខេត្តពោធិ៍សាត់ ចាញ់ទាំង៥ប្រកួត និងបានធ្លាក់ចេញត្រឹម វគ្គសន្សំពិន្ទុក្នុងពូលនេះ ហើយ។
ចំពោះ១ប្រកួតទៀត ក្រុមម្ចាស់ផ្ទះខេត្តបន្ទាយមានជ័យ បានបើកការនាំមុខលើក្រុមភ្ញៀវ សូហ្វីយ៉ាប៉ៃលិន ១ទល់០ នៅវគ្គទី១ ប៉ុន្តែនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់បន្ថែម ខណៈក្រុមភ្ញៀវ សូហ្វីយ៉ាប៉ៃលិនធ្វើសម្រេចបាន៣គ្រាប់តាមយកឈ្នះវិញ ដោយលទ្ធផល ៣ទល់២។ ដូច្នេះ២ក្រុមលើកំពូលតារាងនេះ ដែលឆ្លងកាត់៥ប្រកួតដូចៗគ្នា គឺខេត្តបន្ទាយមានជ័យបន្តរក្សាខ្លួនលើកំពូលតារាងក្នុងពូល “ខ” ដែល ដោយឈ្នះ៣ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួតមាន១០ពិន្ទុ ខណៈ៥ប្រកួតរបស់សូហ្វីយ៉ាប៉ៃលិន ឈ្នះ៣ប្រកួត ស្មើ១ប្រកួត និងចាញ់១ប្រកួត មាន១០ពិន្ទុស្មើគ្នា ជាមួយខេត្តបន្ទាយមានជ័យដែរ។
នៅក្នុងពូល”ខ” ដែលមាន៤ក្រុមនេះ គឺនៅសល់១ប្រកួតក្នុង១ក្រុមៗ ដើម្បីបញ្ចប់ការប្រកួតសន្សំពិន្ទុ ដើម្បីស្វែងរក២ក្រុមខ្លាំងៗលើកំពូលតារាងឡើងទៅវគ្គ១៦ក្រុមថ្នាក់ខេត្ត។ ៣ក្រុមលើកំពូលតារាងនៃពូល”ខ” នេះ គឺបន្ទាយមានជ័យ, សូហ្វីយ៉ាប៉ៃលិន និងខេត្តបាត់ដំបងមានពិន្ទុប្រទាញប្រទង់គ្នា ដោយនឹងប្រើប្រាស់១ប្រកួតចុងក្រោយដ៏សំខាន់ ដើម្បីកាត់សេចក្តីថា តើ២ក្រុមខ្លាំងៗណាខ្លះឡើងទៅវគ្គ១៦ក្រុមចុងក្រោយថ្នាក់ខេត្ត។ ដោយឡែកពូលចំនួន៥ផ្សេងទៀតត្រូវបានពន្យារពេលបណ្តោះអាសន្នជាបន្តបន្ទាប់ដោយសារវិបត្តិជំងឺកូវីដ-១៩ ដោយត្រូវការការប្រកួតជាច្រើនសប្តាហ៍ទៀត ដើម្បីបញ្ចប់ការប្រកួត៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក - TVK
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក