ជឿថាអ្នកប្រាកដជាធ្លាប់ទទួលបាននូវការណែនាំមួយចំនួន ក៏ដូចជាពាក្យនិយាយតគ្នា អំពីវិធីធ្វើឲ្យសុខភាពរបស់អ្នកល្អ ឬជួយឲ្យមានភាពរីករាយក្នុងជីវិត ប៉ុន្តែសកម្មភាពនៃការណែនាំខ្លះមិនសុទ្ធតែជារឿងត្រឹមត្រូវទាំងអស់នោះឡើយ។
ទម្លាប់ខ្លះបានធ្វើឲ្យយើងខូចសុខភាពទៅវិញទេ បែបនេះវាផ្ទុយពីធ្វើឲ្យសុខភាពល្អ បែរជាមកនាំទុក្ខធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតវិញក៏ថាបាន។ តាម Brightside យើងបង្ហាញទម្លាប់ទាំង ១០ ដែលអ្នកគួរឈប់ភាន់ច្រឡំទៀតទៅ៖
១០) ផឹកទឹក ៨ កែវ/ថ្ងៃជាប្រចាំ
កុំច្រឡំថាផឹកទឹក ៨ កែវ/ថ្ងៃ ល្អចំពោះសុខភាពនោះ ផ្ទុយទៅវិញវាអាចធ្វើឲ្យខូចតម្រងនោម បណ្តាលមកពីលើសជាតិទឹកទៅវិញទេ។ ពុំមានអំណះអំណាងច្បាស់លាស់ណាមួយ ដែលលើកឡើងថា ការទទួលទានច្រើនល្អចំពោះសុខភាពនោះឡើយ។
រាងកាយមនុស្សយើងគឺខុសគ្នា ខ្លះក៏ត្រូវការទឹកតិចជាង ឬច្រើនជាង ៨ កែវ/ថ្ងៃ ហើយត្រូវចាំថាក្រៅពីទឹក ភេសជ្ជៈផ្សេងទៀតដែលអ្នកទទួលទានលាយឡំដូចជាសូដា ឬតែ ក៏វាមានជាតិទឹកដូចគ្នា អ៊ីចឹងវាប្រៀបដូចជាលើសបរិមាណទៅវិញហើយ។
៩) ទទួលទានការ៉ុតច្រើនជួយឲ្យភ្នែកភ្លឺ
ធ្លាប់លឺគេនិយាយតគ្នាដែរទេ ខំទទួលទានការ៉ុតឲ្យច្រើនទៅដើម្បីជួយឲ្យភ្នែកភ្លឺច្បាស់នៅពេលស្ថិតក្នុងកន្លែងងងឹត? ពិតណាស់ការ៉ុតមានផ្ទុកនូវវីតាមីន A ដែលជួយដល់ភ្នែក ប៉ុន្តែវាពុំបានជួយឲ្យភ្នែកអ្នកមើលច្បាស់ជាងមុននៅទីងងឹតទេ។ ផ្ទុយទៅវិញការទទួលទានការ៉ុតច្រើនអាចបណ្តាលឲ្យអ្នកកើតជំងឺលឿង។
៨) គេងច្រើននៅថ្ងៃចុងសប្តាហ៍
អ្នកខ្លះយល់ឃើញថា ការគេងគឺជារឿងចាំបាច់ បែបហ្នឹងនៅថ្ងៃឈប់សម្រាកឬចុងសប្តាហ៍ គឺត្រូវគេងឲ្យបានច្រើនដល់ទៅ ១០ ម៉ោងអីអ៊ីចឹង។ យ៉ាងណាវាមិនល្អនោះទេ ពោលគឺអាចនាំឲ្យប៉ះពាល់ដល់បញ្ហាផ្លូវចិត្ត និងសតិអារម្មណ៍ បែបនេះការគេង ៨ ម៉ោងជាប្រចាំគឺល្អបំផុតហើយ។
៧) ដុសធ្មេញក្រោយទទួលទានអាហាររួច
ទម្លាប់មនុស្សភាគច្រើនឲ្យតែបាយថ្ងៃ ឬបាយល្ងាចរួច ប្រញាប់ទៅដុសសម្អាតធ្មេញហើយ ដោយនេះគឺមិនល្អនោះទេ ដោយការណែនាំល្អបំផុតគឺត្រូវដុសសម្អាតវាក្រោយរយៈពេល ៣០ នាទី ទៅ ១ ម៉ោង ទើបវាមិនងាយធ្វើឲ្យធ្មេញខូច។
៦) ទទួលទានអាហារបំប៉ន
អាហារបំប៉នកំពុងពេញនិយមនៅប្រទេសជាច្រើនទូទាំងសកលលោក។ យ៉ាងណាតាមការណែនាំសារធាតុនៃអាហារបំប៉នខ្លះ វានាំឲ្យប៉ះពាល់សុខភាពទៅវិញទេ ផ្ទុយទៅវិញគួរជ្រើសរើសរបបអាហារឲ្យត្រូវតាមវីតាមីនដែលអ្នកខ្វះខាតវិញល្អជាង។
៥) ជំនួសអាហារដោយការទទួលទានទឹកក្រឡុក
ទឹកក្រឡុកមានផ្លែឈើ ទឹកដោះគោ ឬស្ករអីនោះ កុំគិតថាល្អ ហើយតិចទៅទទួលទានវាជំនួសរបបអាហារទូទៅ គឺជាកំហុសមួយទៀតហើយ។
ព្រោះការទទួលទានទឹកក្រឡុកជំនួសបាយ វានាំឲ្យឡើងជាតិស្ករខ្ពស់ ហើយអាំងស៊ុយលីនក្នុងខ្លួនក៏កើនឡើងឆាប់រហ័សផងដែរ បែបនេះការឡើងទម្ងន់គឺអ្នកចាំតែអុតមើលទៅ។
៤) ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ
ឡេការពារកម្តៅថ្ងៃ អាចការពារស្បែកពីជំងឺមួយចំនួន តែការប្រើប្រាស់នៅបរិមាណច្រើនពេកវានឹងបណ្តាលឲ្យអ្នកបាត់បង់នូវវីតាមីន D។ ព្រោះអ្នកក៏ត្រូវការទទួលរងនូវឥទ្ធិពលពន្លឺព្រះអាទិត្យខ្លះដែរ បែបនេះបើចេញទៅក្រៅមានឡេការពារជាប់រហូតនោះ វាមិនល្អឡើយ តាមការណែនាំមនុស្សគួរតែត្រូវពន្លឺព្រះអាទិត្យចន្លោះពី ១០ ទៅ ១៥ នាទីក្នុងមួយថ្ងៃ ដើម្បីស្រូបយកវីតាមីន D។
៣) ធ្វើលំហាត់ប្រាណធ្ងន់ៗរៀងរាល់ថ្ងៃ
មិនមែនណែនាំមិនឲ្យអ្នកធ្វើលំហាត់ប្រាណនោះទេ តែត្រូវចាំថា សាច់ដុំក៏ត្រូវការសម្រាកខ្លះដែរ បែបនេះចូរមានពេលវេលាចន្លោះ ឬសម្រាកបន្តិច ឬថ្ងៃខ្លះអាចធ្វើទៅបាន តែធ្វើលំហាត់ប្រាណស្រាលៗ។ ការដែលខិតខំលើការធ្វើលំហាត់ប្រាណខ្លាំងពេក វាងាយនឹងឲ្យអ្នកមានអារម្មណ៍តានតឹង ហើយកម្រិតអរម៉ុន Cortisol ក៏នឹងកើនឡើងគួរឲ្យកត់សម្គាល់។
២) ប្រើសំឡីត្បារត្រចៀក
ការដែលប្រើសំឡីកប្បាសត្បារចូលត្រចៀកញឹកញាប់ពេក អាចបណ្តាលឲ្យអ្នកកើតជំងឺថ្លង់ ឬបាត់បង់សមត្ថភាពដើមនៃការស្តាប់ នាំឲ្យការស្តាប់ចុះខ្សោយ។ ល្អបំផុតគួរតែប្រើប្រាស់របស់ដែលមានកម្ទេចសំឡីបែបហ្នឹង។
១) ទិញរបស់ដែលបញ្ជាក់ពាក្យ "Healthy"
អ្នកខ្លះឲ្យតែឃើញរបស់គេបិទស្លាក អាហារល្អចំពោះសុខភាព ចេះតែទិញយកមកទទួលទាន ដោយតាមពិតរបស់ខ្លះវាជាផែនការណ៍ធ្វើទីផ្សាររបស់គេតែប៉ុណ្ណោះ។ អ្នកត្រូវតែពិនិត្យឲ្យបានច្បាស់នូវគ្រឿងផ្សំនៃអាហារនោះ ថាគួរតែទិញយកមកឬអត់?
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក