ជំងឺខ្សោយបេះដូង មិនមែនជារឿងលេងសើចគិតថាមិនអីនោះទេ ព្រោះវាអាចគំរាមកំហែងដល់អាយុជីវិត បើអ្នកមិនបានយកចិត្តទុកដាក់ ហើយយល់ដឹងពីជំងឺមួយនេះច្បាស់។ ខាងក្រោមយើងបង្ហាញពីរោគសញ្ញានៃជំងឺខ្សោយបេះដូងទាំង ៧ ចំណុច និងវិធីនៃការការពារកុំឲ្យកើតមានជំងឺនេះ។
តាមការណែនាំពីវេជ្ជបណ្ឌិត Pradub Sukhum នៅឯមន្ទីរពេទ្យទីក្រុងបាងកក ប្រទេសថៃ បានពន្យល់នៅចំណុចមួយចំនួន អាចបង្ហាញថាអ្នកមានជំងឺខ្សោយបេះដូង៖
ឆាប់អស់កម្លាំង និងហត់នឿយលឿន
ការដកដង្ហើមប្រព្រឹត្តិទៅមិនបានល្អ ជាពិសេសកំឡុងពេលធ្វើលំហាត់ប្រាណ
ពិបាកដកដង្ហើមនៅពេលទម្រេតខ្នង
ភ្ញាក់នៅពាក់កណ្តាលយប់ដោយសារការក្អក ឬពិបាកដកដង្ហើម
ជើង កជើង ប្រអប់ជើង ឬខ្លួនប្រាណមានឡើងហើម
ឧស្សាហ៍វិលមុខញឹកញាប់
ទៅបន្ទប់ទឹកញឹកញាប់នៅពេលយប់
វិធីបញ្ចៀសកុំឲ្យមានជំងឺខ្សោយបេះដូង ឬទប់ស្កាត់កុំឲ្យធ្ងន់ធ្ងរ អ្នកត្រូវអនុវត្តដូចខាងក្រោម៖
គ្រប់គ្រងទម្ងន់ខ្លួនប្រាណឲ្យបានល្អ ព្រោះទម្ងន់កាន់តែធ្ងន់ កាន់តែធ្វើឲ្យបេះដូងពិបាកដំណើរការ
ជៀសនៅទម្លាប់ទទួលទានប្រៃ
ជៀសនៅការទទួលទានស្រា បារី ព្រោះវាអាចប៉ះពាល់ដល់បេះដូង និងប្រព័ន្ធប្រសាទ
គ្រប់គ្រងភាពតានតឹង ដោយការធ្វើសមាធិ ឬធ្វើដំណើរកម្សាន្តនានា
ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ អាច ៣០ នាទី/ថ្ងៃ
លេបថ្នាំតាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញ និងទទួលការពិគ្រោះយោបល់
ជៀសវាងការធ្វើដំណើរដោយអង្គុយរយៈពេលយូរ ដូចជាអង្គុយលើយន្តហោះអ្វីជាដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក