ការបន្ទោបង់គឺជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ជួយឲ្យរាងកាយមនុស្សមិនសូវផ្ទុកជាតិពុល និងជួយឲ្យមានអាយុវែង។ ប៉ុន្តែអ្នកក៏គួរតែបន្ទោបង់ឲ្យត្រូវទៅតាមពេលវេលាជាទម្លាប់ ដែលនោះអាចជួយបានច្រើនបំផុត។
Knongsrok ណែនាំឲ្យអ្នកបន្ទោបង់ ២ លើក/ថ្ងៃ ជាប្រចាំ ហើយកំណត់តាមពេលវេលាដូចខាងក្រោម៖
១) នៅពេលព្រឹកបន្ទាប់ពីភ្ញាក់ពីគេង
ក្រោយពីការគេងអស់មួយយប់របស់យើង ពេលងើបមកចូរទទួលទានទឹកក្តៅអុនៗមួយកែវ ដោយវានឹងជួយបំពេញបន្ថែមជាតិទឹកក្នុងខ្លួន និងជួយឲ្យពោះវៀនធ្វើការបានស្រួលផងដែរ។ រាល់អាហារដែលយើងបានទទួលទានពីថ្ងៃមុន នឹងត្រូវរំលាយ មិនថាជាតិពុល ឬកាកសំណល់មិនល្អនានា ដោយវានឹងធ្លាក់ទៅអស់ ក្រោយពេលយើងបន្ទោបង់នាពេលព្រឹកព្រលឹមនេះ។
បែបនេះវានឹងជួយឲ្យរាងកាយរបស់យើងនៅថ្ងៃថ្មី មានសុខភាពល្អ ហើយមិនងាយមានជំងឺមកបៀតបៀននោះឡើយ។
២) ក្រោយបរិភោគអាហារពេលល្ងាចរួចប្រហែល ៣០ នាទី
បើអាចធ្វើបានមួយដងទៀតក្រោយបរិភោគអាហារពេលល្ងាចរួចប្រមាណ ៣០ នាទីគឺ ធានាថាល្អបំផុតចំពោះសុខភាព។ ព្រោះនៅពេលដែលចំណីអាហារធ្លាក់ចូលទៅក្នុងរាងកាយ នោះពោះវៀនធំវានឹងរំញោចបញ្ចេញកាកសំណល់ដែលលើសចេញមក បែបនេះបើអ្នកអាចបន្ទោបង់ក្រោយបាយល្ងាចទៀត គឺនឹងធានាថាអាចគេងលក់ស្កប់ស្កល់ ហើយសុខភាពអំណោយទាន មិនងាយឈឺថ្កាត់អ្វីឡើយ។
អាថ៌កំបាំងជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ៖
ធ្វើលំហាត់ប្រាណទៀងទាត់៖ អាចថារយៈពេល ៣០ នាទីក្នុងមួយថ្ងៃ ដោយវាអាចជួយឲ្យក្រពះពោះវៀនដំណើរការល្អ ហើយកាត់បន្ថយការលំបាកនៅពេលបន្ទោបង់ និងបញ្ចៀសការកើតជំងឺឫសដូងបាត។
ទំពាអាហារយឺតៗនៅពេលបរិភោគ៖ ត្រូវទំពាអាហារយឺត និងដោយមានការប្រុងប្រយ័ត្ន បើចង់ឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកដំណើរការទៅល្អ។ ព្រោះវាអាចជួយកម្ទេចអាហារ និងជួយឲ្យអ្នកឆាប់ឆ្អែតលឿន។
ទទួលទានប្រភេទបន្លែផ្លែឈើមានជាតិសរសៃ៖ ប្រសិនអ្នកកំពុងទល់លាមក នោះសូមបន្ថែមការទទួលទានអាហារដែលមានជាតិសរសៃ (Fiber) ឲ្យបានច្រើន ជាពិសេសគឺបន្លែបៃតងទៅក្នុងរបបអាហារប្រចាំថ្ងៃ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក