បញ្ហាសុខភាព គឺវាស៊ីសងលើសកម្មភាពនិងទម្លាប់រស់នៅប្រចាំថ្ងៃរបស់យើង ហើយជឿថាគ្មាននរណាមកកំណត់វាបាននោះទេ សំខាន់លើយើងខ្លួនឯងផ្ទាល់តែប៉ុណ្ណោះ។ ទម្លាប់រស់នៅ ហូបចុក ការប្រើប្រាស់អារម្មណ៍ តើអ្នកធ្វើបានល្អកម្រិតណាហើយ ទាំងនោះគឺជាដើមចមដែលសម្រេចលទ្ធផលនៃអាយុរបស់អ្នក។
ខាងក្រោម Knongsrok បង្ហាញរបៀបរស់នៅតាមគន្លងសាមញ្ញទាំង ៩ ដែលជួយឲ្យអ្នកមានអាយុវែង និងមិនងាយមានជំងឺមកបៀតបៀនបានឡើយ៖
៩) កុំទទួលទានច្រើនពេក
ជាអាថ៌កំបាំងរបស់ប្រជាជនជប៉ុន ពួកគេមិនសូវទទួលទានឲ្យឆ្អែតជាប់ពោះគ្រប់ពេលនោះទេ។ តាមការស្រាវជ្រាវ ៨០ ភាគរយនៃអ្នកដែលទទួលទានតិច គឺអាចជួយឲ្យសភាពរាងកាយក្មេងជាងវ័យ។
៨) មិនរំលងរឿងលើគ្រែ
ការរួមភេទ ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍អាចជួយឲ្យអ្នកអាយុវែង ច្រើនជាងមុនរយៈពេល ៣ ឆ្នាំ។ ព្រោះសកម្មភាពនៅលើគ្រែ វាក៏ជាលំហាត់ប្រាណដុតកាឡូរីក្នុងខ្លួនមួយផងដែរ ហើយអាចជួយឲ្យយើងគេងលក់ស្កប់ស្កល់ និងកាត់បន្ថយការឡើងសម្ពាធឈាម ក៏ដូចជាការពារជំងឺបេះដូង។
៧) ដកខ្លួនឲ្យឆ្ងាយពីកុំព្យូទ័រនិងទូរទស្សន៍
ការចំណាយពេលមុខទូរទស្សន៍ មុខអេក្រង់ទូរសព្ទ ឬកុំព្យូទ័រ ៣-៤ ម៉ោង/ថ្ងៃជារៀងរាល់ថ្ងៃ គឺអាចនាំឲ្យមនុស្សនោះអាយុខ្លីជាងមនុស្សដែលចំណាយពេលត្រឹម ២ ម៉ោង/ថ្ងៃទៅលើវា។ នេះបើផ្អែកតាមការស្រាវជ្រាវក្រៅស្រុកមួយបានចុះផ្សាយ។
៦) ជៀសវាងការប៉ះផ្ទាល់នៅពន្លឺព្រះអាទិត្យ
ត្រូវពន្លឺព្រះអាទិត្យខ្លាំងពេកក៏មិនល្អនោះដែរ បើអាចគួរតែប្រើប្រាស់ឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF ចាប់ពី 30 ឡើងទៅ ព្រោះវាអាចធ្វើឲ្យមានជំងឺមហារីកស្បែក និងផ្នែកផ្សេងទៀតនៅលើមុខអីជាដើម។
៥) ទំនាក់ទំនង
លទ្ធផលនៃការសិក្សាមួយបង្ហាញថា មនុស្សដែលចូលចិត្តនៅម្នាក់ឯង គ្មានមិត្តភក្តិ គ្មានការទាក់ទងក្នុងសង្គមខាងក្រៅ គឺមានហានិភ័យនៃជំងឺបេះដូង ឬជំងឺដទៃទៀតខ្ពស់ជាងមនុស្សដែលមានកិច្ចប្រាស្រ័យទាក់ទងជាមួយមជ្ឈដ្ឋានខាងក្រៅ។
៤) បរិភោគបន្លែផ្លែឈើ
ការទទួលទានបន្លែផ្លែឈើដែលត្រឹមត្រូវការអាចជួយកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូងបាន ៧៦ ភាគរយ ហើយភាគច្រើននៃបន្លែផ្លែឈើគឺរមែងមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារជំងឺមហារីកទៀតផង។
៣) ធ្វើលំហាត់ប្រាណជាប្រចាំ
ចូរទម្លាប់ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ និងជារៀងរាល់ថ្ងៃ តាមដែលអាចឆ្លៀតទៅបាន ព្រោះវាជួយទាំងសុខភាពរាងកាយ និងផ្លូវចិត្ត។
២) ទទួលទានស្រវឹងក្នុងកម្រិតមធ្យម
កុំឲ្យផឹកឲ្យជោគខ្លួន កុំផឹកដល់លែងដឹងខ្លួន នោះវានាំឲ្យប៉ះពាល់ដល់ថ្លើម បេះដូងខ្លាំងណាស់ ហើយគួរតែបញ្ឈប់។ ស្រលាញ់សុខភាពខ្លួនឯង កុំយកស្រាជាមិត្ត។
១) កុំជក់បារី
ជឿថាស្រាអាចពិបាកនឹងជៀស តែបើបារីគឺគិតថា មិនជារបស់ចាំបាច់ដែលខ្វះពុំបាននោះទេ។ អ្នកគួរតែជៀសវាងឲ្យបាន ព្រោះវាអាចបង្កបញ្ហាធ្ងន់ធ្ងរដល់ផ្នែកសួត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក