ជំងឺមហារីកមាត់ស្បូន ត្រូវបានគេស្គាល់ថាជាជំងឺដែលស្រ្តីភាគច្រើនខ្លាចរអាខ្លាំងបំផុត ព្រោះវាអាចប៉ះពាល់ដល់អាយុជីវិត ហើយងាយនឹងកើតឡើងទៅលើមនុស្សស្រីជាច្រើនសឹងគ្រប់កម្រិតអាយុ។
តាមអ្នកជំនាញបានឲ្យដឹងថា ជំងឺមហារីកមាត់ស្បូនបានរកឃើញថាកើតឡើងញឹកញាប់បំផុត លើមនុស្សស្រីអាយុចន្លោះពី ៣០ ទៅ ៧០ ឆ្នាំ (កាន់តែច្រើនលើអ្នកអាយុចន្លោះ ៤៥ -៥៥ ឆ្នាំ) ហើយក៏មានអត្រាកើតឡើងលើមនុស្សស្រីដែលមានអាយុស្រករ ២០ ឬជាពិសេសសម្រាប់អ្នកដែលមានដៃគូ និងឆ្លងកាត់ការរួមភេទច្រើនលើក។
Knongsrok សូមបង្ហាញអាការៈ ៣ ដែលអ្នកគួរតែតាមដាន ហើយវាអាចបង្ហាញថាអ្នកមានកើតជំងឺដ៏គួរឲ្យខ្លាចមួយនោះ ហើយគួរប្រញាប់ទៅរកគ្រូពេទ្យ ដើម្បីពិគ្រោះនិងដោះស្រាយជាបន្ទាន់៖
៣) ការហូរឈាម
រោគសញ្ញាទូទៅដែលងាយសម្គាល់ គឺការហូរឈាមតាមទ្វារមាសមិនប្រក្រតី ដោយវាអាចកើតឡើងកំឡុងពេលមករដូវ ឬក្រោយពេលរួមភេទ។ ដោយវានឹងធ្វើឲ្យឈាមរដូវហូរមកច្រើននិងយូរជាងធម្មតា ហើយសញ្ញាដែលព្រមានសំខាន់បំផុតនោះគឺលើស្រ្តីដែលអស់រដូវ តែនៅមានឈាមហូរមកតាមទ្វារមាស ហើយសូមកុំបណ្ដែតបណ្ដោយឲ្យវាបន្តហូរក្នុងរយៈពេលយូរអី។
២) ការហូរទឹករំអិល
មានប្រភេទផ្សេងៗគ្នានៃការហូរទឹករំអិលចេញពីទ្វារមាស ដែលវាក៏ជាសញ្ញាដំបូងនៃការកើតជំងឺមហារីកមាត់ស្បូន ដោយមានដូចជា៖ ទឹករំអិលពណ៌ស្លេក ពណ៌ត្នោត ឬទឹករំអិលមានលាយឈាម។
១) ការឈឺចាប់ផ្នែកអាងត្រគាក
អ្នកអាចឈឺចាប់ត្រង់ផ្នែកអាងត្រគាកកំឡុងពេលរួមភេទ ឬនៅពេលផ្សេងទៀតជាញឹកញាប់ នោះក៏ជារោគសញ្ញានៃជំងឺមហារីកមាត់ស្បូនដែរ។ ដោយវាគឺជាសញ្ញាដែលព្រមាន ឲ្យរាលដាលភាពឈឺចាប់ទៅដល់ឆ្អឹងនៃអាងត្រគាក៕
ប្រសិនអ្នកបានជួបរោគសញ្ញា ឬអាការៈដូចបង្ហាញទាំង ៣ ខាងលើ ចូរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់ ហើយសូមកុំភិតភ័យខ្លាំងអី ឲ្យតែយើងដឹករោគសញ្ញា និងរកវិធីព្យាបាលទាន់ពេល គឺសុខភាពរបស់អ្នកនឹងត្រលប់មកធម្មតាវិញជាមិនខាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក