ទឹកដោះគោជាអាហារដែរសម្រាប់ផ្តល់នូវថាមពលទៅដល់រាងកាយមនុស្ស វាត្រូវបានគេប្រើប្រាស់ជុំវិញពិភពលោក ជាពិសេសគេតែងឱ្យកុមារទទួលទានទឹកដោះគោស្រស់រាល់ថ្ងៃ ដើម្បីបង្កើនសុខភាព រាងកាយ និងឆ្អឹងឱ្យបានរឹងមាំ។
ទឹកដោះគោ 1កែវ វាផ្ទុក កាឡូរី 146 ប្រូតេអ៊ីន 8g ខ្លាញ់ 8g កាល់ស្យូម 28% RDA វីតាមីន D 24% RDA វីតាមីន B2 26% RDA វីតាមីន B12 18%RDA ប៉ូតាស្យូម 10% RDA ផូស្វរ 22% RDA សីលេស្យូម 13% RDA។ នេះជាអត្ថប្រយោជន៍ដែលបានពីការផឹកទឹកដោះគោស្រស់ផ្តល់ទៅដល់សុខភាពរបស់យើង ៖
១. ទឹកដោះគោជាប្រភពប្រតេអ៊ីនដ៏សម្បូរបែប
ទឹកដោះគោវាសម្បូរទៅដោយវីតាមីន ដោយក្នុងមួយកែវវាផ្ទុកប្រូតេអ៊ីនដល់ទៅ ៨ក្រាម។ ប្រូតេអ៊ីននេះវាសំខាន់សម្រាប់សរីរាង្គក្នុងរាងកាយ ដូចជាជួយដល់ការលូតលាស់ និងអភិវឌ្ឍន៍ ជួសជុលកោសិកា ពង្រឹងប្រព័ន្ធការពាររាងកាយ ជាដើម។ នៅក្នុងទឹកដោះគោមានផ្ទុកប្រូតេអ៊ីន ជាច្រើន ដែលមានរហូតដល់ទៅ៩ អាមីណូអាស៊ីតសំខាន់ៗ ដែលពួកវាសុទ្ធតែមានមុខងារនៅក្នុងរាងកាយមនុស្ស ក្នុងនោះដែរ មានប្រូតេអ៊ីន 2ប្រភេទ គឺ casein និង whey ប្រូតេអ៊ីន។ whey ប្រូតេអ៊ីន វាផ្សំឡើងពីចំណងអាស៊ីតអាមីណេ leucine, isoleucine, valine ដែលវាមានគុណតម្លៃក្នុងការជួយដល់សុខភាពជាពិសេស ពង្រឹងនូវសាច់ដុំរបស់យើងឱ្យបានរឹងមាំ។ តាមការសិក្សាមួយបានបង្ហាញថា ការទទួលទានទឹកដោះគោក្រោយពេលហាត់កីឡា វាជួយកាត់បន្ថយការខូចខាតរបស់សាច់ដុំ បង្កើនថាមពល និងកាត់បន្ថយការឈឺចុកចាប់របស់សាច់ដុំបានទៀតផង។
២. ល្អសម្រាប់ឆ្អឹង
កាល់ស្យូម ជាង 99%វាត្រូវបានរក្សាទុកនៅក្នុងឆ្អឹង និងធ្មេញ ការផឹកទឹកដោះគោវាអាចបង្កើននូវសុខភាពឆ្អឹងរបស់យើង ដោយសារតែទឹកដោះគោវាមានសារធាតុជាច្រើនដែលផ្ទុកក្នុងនោះដូចជា កាល់ស្យូម ផូស្វ័រ ប៉ូតាស្យូម និងប្រូតេអ៊ីន ព្រមទាំងវីតាមីន K ដែលសុទ្ធសឹងជាសារធាតុដែលចូលរួមចំណែកក្នុងការជួយដល់ឆ្អឹងឱ្យបានរឹងមាំ។ ការទទួលទានទឹកដោះគោស្រស់មួយថ្ងៃមួយកែវវាធ្វើឱ្យអត្រានៃជំងឺពុកឆ្អឹងថយចុះ ព្រមទាំងផ្តល់ឱ្យឆ្អឹងនូវសារធាតុចិញ្ចឹមដ៏សម្បូរបែប ជាមួយនឹងប្រូតេអ៊ីនបានទៀតផង។
៣. ជួយដល់ការរក្សារាង
ដោយសារទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន វាធ្វើឱ្យយើងមិនងាយឃ្លាន បន្ទាប់ពីបរិភោគអាហាររួច។ ការផឹកទឹកដោះគោបន្ទាប់ពីញុំាអាហារ វាជួយកាត់បន្ថយការញុំាអាហារសម្រន់ដើម្បីបញ្ចៀសការកើនទម្ងន់ ម្យ៉ាងទៀត linoleic acid នៅក្នុងទឹកដោះគោ វាមានសមត្ថភាពក្នុងការពន្លឿនក្នុងការបញ្ចុះទម្ងន់ ដោយសារវាជួយបំបែក និងរារាំងមិនឱ្យផលិតខ្លាញ់នៅក្នុងរាងកាយ។ មួយវិញទៀត អាហារដែលសម្បូរទៅដោយ កាល់ស្យូមវាអាចជួយដល់ការស្រស់ទម្ងន់ ដោយសារកាល់ស្យូម វាជួយដល់ដំណើរការបំបែក និងរារាំងការស្រូបយកខ្លាញ់ចូលទៅក្នុងរាងកាយបានផងដែរ៕
ប្រភព ៖ www.healthline.com / ប្រែសម្រួល ៖ Mythical Bird (ក្នុងស្រុក)