ក្រៅពីការជ្រើសរើសប្រភេទអាហារដែលត្រឹមត្រូវនិងល្អចំពោះសុខភាព ដោយឡែកលើផ្នែកភេសជ្ជៈអ្នកក៏គួរតែទទួលទាននូវប្រភេទភេសជ្ជៈណាដែលល្អចំពោះរាងកាយបានហើយ។ ខាងក្រោមយើងណែនាំភេសជ្ជៈ ៥ ដែលល្អបំផុតចំពោះសុខភាព ជួយឲ្យស្បែកភ្លឺស្អាត និងក្មេងជាងវ័យ៖
៥) ទឹកដូង
ទឹកដូងមានផ្ទុកកាឡូរីទាប មិនធ្វើឲ្យឡើងទម្ងន់ ហើយមានជាតិវីតាមីន និងជាតិរ៉ែច្រើននៅក្នុងនោះ។ ទទួលទានទឹកដូងជាប្រចាំក្នុងកម្រិតមធ្យមមួយ គឺអាចជួយព្យាបាលស្បែកស្ងួត និងបញ្ចៀសភាពចាស់មុនអាយុ។
ជាងនេះវាក៏អាចជួយគ្រប់គ្រងសម្ពាធឈាម និងជាតិស្កររបស់យើងឲ្យដំណើរការទៅបានល្អផងដែរ ហើយជាពិសេសគឺជួយពង្រឹងសមត្ថភាពនៃប្រព័ន្ធរំលាយអាហារ។
៤) ទឹកការ៉ុត
ការ៉ុតគឺសំបូរទៅដោយវីតាមីន A ដែលល្អសម្រាប់ស្បែក ហើយការទទួលទានទឹកការ៉ុតជាប្រចាំនោះហើយជាអាថ៌កំបាំងដែលជួយឲ្យស្បែកស្រអាប់ ប្រែមកជាស្បែកភ្លឺថ្លា។ ល្អបំផុតគួរទទួលទានទឹកការ៉ុត ១ កែវជារៀងរាល់ថ្ងៃ ដែលវាក្រៅពីជួយដល់ស្បែក ជាងនេះក៏ជួយរក្សាទម្ងន់រាងកាយទៀតផង។
៣) ទឹកស្ពៃ
ស្ពៃជាបន្លែបៃតងដែលមានផ្ទុកនូវសារធាតុចិញ្ចឹមខ្ពស់ ហើយទទួលទានជាប្រចាំអាចផ្តល់គុណប្រយោជន៍ជាច្រើនដល់រាងកាយរបស់អ្នក។ សម្រាប់ស្បែកវិញ គឺវាជួយឲ្យមើលទៅមានសភាពស្អាត និងស្រស់ថ្លាចេញពីខាងក្នុង។
២) ទឹកប៉េងប៉ោះ
ប៉េងប៉ោះមានផ្ទុកនូវវីតាមីន C និងជាតិខនិជជាច្រើន ជាពិសេសគឺសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមិនត្រូវតែជួយឲ្យអ្នកមានសម្រស់ក្មេងចាងវ័យប៉ុណ្ណោះទេ តែថែមទាំងអាចការពារការកើតមានជំងឺនានាថែមទៀត។ ជាងនេះវាក៏ជួយបំបាត់ស្នាមជ្រួញ ការពារមិនឲ្យឡើងមុន និងព្យាបាលស្នាមជាំលើស្បែក។
១) ទឹកត្រសក់
ទឹកត្រសក់គឺជាភេសជ្ជៈដ៏ល្អបំផុតមួយដែលអាចផ្តល់សំណើមគ្រប់គ្រាន់ដល់ស្បែក ការផឹកទឹកត្រសក់ជាប្រចាំអាចជួយកម្ចាត់ជាតិពុល និងបន្សាបជាតិពុលចេញពីក្នុងខ្លួន ជាពិសេសនៅពេលមានអាកាសធាតុក្តៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក