ជាទូទៅសម្រាប់ប្រជាជនជប៉ុន អ្នកនឹងមិនសូវឃើញពួកគេមានរូបរាងធាត់ ឬលើសទម្ងន់នោះទេ ហើយជាពិសេសគឺនារីៗ អាចថែរូបរាងកាយបានយ៉ាងល្អ។
តាមការណែនាំនូវវិធីពិសេស ៥ ពីនារីជប៉ុន យើងសូមបង្ហាញអ្នករាល់គ្នាអំពីវិធីសម្រកទម្ងន់ ដែលវាសាមញ្ញ ហើយងាយមិនទាមទារការចំណាយកម្លាំងអ្វីច្រើននោះទេ៖
៥) ទទួលទានចេកជាមួយទឹក
ចាប់ផ្តើមពីពេលព្រឹកទៅ អ្នកអាចទទួលទានចេក ២-៣ ផ្លែជាមួយទឹកប៉ុន្មានកែវ ដោយជាធម្មតានៅពេលដែលសារជាតិសរសៃ (Fiber) របស់ចេក ជួបគ្នាជាមួយនឹងទឹក នោះវានឹងឆាប់ជួយឲ្យអ្នកឆ្អែតពេញពោះ។ ចំពោះអាហារពេលល្ងាចចូរទទួលទានឲ្យបានមុនម៉ោង ៦ ល្ងាច ហើយផ្តោតលើប្រភេទអាហារបន្លែជាពិសេស។
៤) ផឹកតែបៃតងក្តៅ រៀងរាល់ទទួលទានអាហាររួច
តែបៃតងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយឲ្យយើងមិនចាស់ជាងវ័យ ហើយជាងនេះក៏អាចកម្ចាត់បាក់តេរីក្នុងពោះវៀនផងដែរ។ ការផឹកតែបៃតងក្តៅអ៊ុនៗ ក្រោយបរិភោគអាហាររួច ជួយទៅដុតបំផ្លាញជាតិពុល លាងសម្អាតជាតិខ្លាញ់ និងជួយដល់ប្រព័ន្ធរំលាយអាហារជាពិសេស។
៣) ស្ពៃក្តោប
ពុះវាជា ៤ ចំណែក ហើយទទួលទានវាជាមួយប្រភេទសាឡាត់មុនរៀងរាល់ទទួលទានអាហារ ដែលស្ពៃក្តោបវាមានផ្ទុកជាតិសរសៃខ្ពស់ ហើយឆាប់ធ្វើឲ្យក្រពះរបស់អ្នកធ្ងន់ និងពេលខ្លះស្ទើរតែញុាំហើយលែងឃ្លានបាយក៏ថាបាន។ អ្នកត្រូវចាំថាវាលាយឡំការអត់ធ្មត់របស់អ្នកដែរ ទើបឆាប់ឃើញលទ្ធផល។
២) ការ៉ុតនិងទ្រូងមាន់
ទ្រូងមាន់ជាកន្លែងដែលមិនសូវមានខ្លាញ់ ហើយសម្រាប់ការ៉ុតវាមានជាតិសរសៃដែលជួយដល់ក្រពះបានច្រើន។ សម្រាប់ទ្រូងមាន់ អ្នកគួរចម្អិនតាមរយៈការស្ងោរគឺល្អបំផុត ជាជាងការចៀនឬបំពងព្រោះមានលាយឡំជាតិខ្លាញ់។
១) ប្រើចង្កឹះជំនួសស្លាបព្រា
វាជាហេតុផលងាយៗនិងសាមញ្ញបំផុត ព្រោះនៅពេលដែលអ្នកអនុវត្តការប្រើប្រាស់ចង្កឹះជំនួសស្លាបព្រា នោះនឹងនាំឲ្យអ្នកមិនសូវទទួលទានបានច្រើនទេ។ គិតទៅមើលមួយស្លាបព្រាបាយពេញ តើត្រូវការប្រើប្រាស់ចង្កឹះប៉ុន្មាននាទីទម្រាំបានស្មើគ្នានោះ?
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក