ជឿថាមនុស្សជាច្រើនប្រាកដជាធ្លាប់បានលឺនៅជំងឺបាក់ទឹកចិត្តម្យ៉ាង ដែលគេឲ្យឈ្មោះថា "Bipolar" ហើយជំងឺមួយនេះវាងាយកើតឡើងទៅលើបុគ្គលណាៗទាំងអស់ ដោយប៉ះពាល់ធ្ងន់ធ្ងរទៅលើផ្នែកខួរក្បាល។
ខាងក្រោមយើងបង្ហាញរោគសញ្ញាទាំង ៨ ដែលអាចកត់សម្គាល់បានថាអ្នកកើតជំងឺ Bipolar ហើយ៖
៨) ធ្វើអ្វីដែលតាមតែចិត្ត គ្មានការអត់ធ្មត់
មិនថាតែចំណង់ផ្លូវភេទ ការដើរទិញឥវ៉ាន់ អ្នកធ្វើដោយគ្មានព្រំដែន គ្មានការអត់ធ្មត់ ហើយពុំបានគិតពីផលប៉ះពាល់រយៈពេលយូរ នោះហើយជារោគសញ្ញាទី ១។
៧) ចូលចិត្តក្នុងទំនាក់ទំនង
មិននិយាយដល់ការប្រើប្រាស់បណ្តាញសង្គមអ្វីនោះទេ តែនិយាយពីទំនាក់ទំនងផ្ទាល់នៅខាងក្រៅ ដោយអ្នកចូលចិត្តការជួបជុំគ្នាច្រើន ហើយមិនថាតែអ្នកប្លែកមុខ ក៏អ្នករាប់អាន និងរួសរាយដាក់ដោយមិនខ្លាចរអានោះដែរ។
៦) មិនសូវមានការផ្តោតអារម្មណ៍
អ្នកជំងឺ Bipolar ច្រើនមានអារម្មណ៍វង្វេងលឿន និងស្មារតីឆាប់ភ្លេចនេះភ្លេចនោះ ហើយមិនសូវផ្តោតទៅលើការងារអ្វីមួយឲ្យបានច្បាស់លាស់នោះទេ ជាលទ្ធផលរាល់កិច្ចការងារដែលសម្រេចចេញមកគឺពិបាកនឹងទទួលបានលទ្ធផលល្អឥតខ្ចោះ។
៥) ចូលចិត្តធ្វើរឿងដែលមានហានិភ័យ
ពួកគេចូលចិត្តការចំណាយច្រើន ការប្រើប្រាស់គ្រឿងស្រវឹង ឬពេលខ្លះឈានដល់ការប្រើប្រាស់គ្រឿងញៀន ដែលប៉ះពាល់សុខភាពថែមទៀត។ អាការៈទាំងនេះនឹងវិវត្តឲ្យខួរក្បាលរបស់អ្នកជំងឺកាន់តែមានបញ្ហាទៅថ្ងៃមុខ។
៤) ឆាប់ខឹង
ទំនោរនៃភាពអត់ធ្មត់ក្នុងការទប់អារម្មណ៍ឆេវឆាវឬខឹង លែងសូវមានដូចមុន ពោលគឺអារម្មណ៍ខឹងសម្បាឆាប់កើតមានជាងមនុស្សទូទៅ ហើយសូម្បីតែបញ្ហាតិចតួចក៏អាចរំខានផ្លូវអារម្មណ៍អ្នកបានដែរ។ សម្រាប់មនុស្សខ្លះទៀត ក៏ឆាប់ស្រក់ទឹកភ្នែកដោយមិនដឹងរឿង ហើយមិនសូវចេះទប់ចិត្ត និងស្រែកជារឿយៗទៀតផង។
៣) គេងមិនសូវបាន
ប្រភេទមនុស្សកើតជំងឺនេះមិនសូវគេងស្កប់ស្កល់ដូចគេទេ ហើយអារម្មណ៍តែងតែប្រាប់មកថា គេងតិចគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែជាញឹកញយក៏នាំឲ្យពួកគេឆាប់អស់កម្លាំង នឿយណាយនៅក្រោយក្រោកពីគេងផងដែរ នោះវាជាហេតុផលធម្មតាហើយ។
២) ជឿជាក់ខ្លួនឯងជ្រុល
អ្នកជំងឺនេះក៏មានអាការៈងាយកត់សម្គាល់មួយទៀត នោះគឺការជឿជាក់លើខ្លួនឯងជ្រុល។ មនុស្សទូទៅទោះមោទនភាពប៉ុណ្ណា ក៏ចេះដាក់ខ្លួនខ្លះដែរ តែមនុស្សកើតជំងឺ Bipolar គឺមានទំនោរមើលឃើញតែគោលដៅរបស់ខ្លួនឯង ហើយចូលចិត្តបង្ហាញពីការរំពឹងទុកខ្ពស់ទាំងដែលរឿងខ្លះមិនទាន់សម្រេចបានផងនោះ។
១) និយាយញាប់
តាមការឲ្យដឹងពីគ្រូពេទ្យវិកលចរិតលោក Glen Hirsch បានឲ្យដឹងថា អ្នកជំងឺរមែងនិយាយលឿន ហើយចូលចិត្តផ្លាស់ប្តូរប្រធានបទយ៉ាងឆាប់រហ័ស។ ជាងនេះបើបាននិយាយហើយគឺមិនងាយដកមាត់ឈប់នោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក