ជាទូទៅស្ករកៅស៊ូអ្នកអាចទំពារាប់ម៉ោង ហើយវាមិនរលាយនឹងផ្លាស់ប្តូរទំហំឲ្យរួមនោះទេ ចុះបើសុខៗវាធ្លាក់ចូលទៅក្នុងពោះអ្នក ឬច្រឡំលេបចូលបាត់ តើវាមានផលប៉ះពាល់អ្វីដែរឬទេ?
ជាការពិតក្នុងរាងកាយរបស់យើងវាមិនអាចរំលាយសារធាតុស្ករកៅស៊ូនោះបានទេ តែការដែលមានអ្នកលើកឡើងថាវានឹងនៅក្នុងពោះអ្នករយៈពេល ៧ ឆ្នាំ គឺវាមិនមែនជាការពិតឡើយ។
ផ្នែកសំខាន់នៃស្ករកៅស៊ូ គឺមិនរលាយដូចជាជាតិសរសៃដែលមាននៅក្នុងបន្លែនិងគ្រាប់ធញ្ញជាតិមួយចំនួនអ៊ីចឹងដែរ ហើយរាងកាយរបស់យើងមិនអាចផលិតអង់ស៊ីមរំលាយអាហារដើម្បីបំបែកវាបានឡើយ។ ដូច្នេះវាដូចជាអាហារដទៃទៀតដែរ ដោយវានឹងឆ្លងកាត់ប្រព័ន្ធរំលាយអាហារ ហើយត្រូវបានធ្លាក់ចេញមកក្រៅតាមរយៈលាមក។
តើស្ករកៅស៊ូអាចនាំឲ្យមានការកកស្ទះនៅដំណើរការនៃផ្នែកពោះវៀនដែរឬទេ?
ជាការពិតស្ករកៅស៊ូដែលធ្លាក់ទៅអាចឲ្យមានការរាំងស្ទះនៅដំណើរការនៃពោះវៀនដែរ តែវាកម្រនឹងកើតមានបំផុត។ ប្រសិនបើមនុស្សម្នាក់លេបស្ករកៅស៊ូចូលទៅ នោះអាចនឹងឲ្យនាំឲ្យមានបញ្ហាទល់លាមក ប៉ុន្តែច្រើនតែកើតឡើងតែលើកុមារតូចៗតែប៉ុណ្ណោះ។ ធ្លាប់មានការសិក្សានៅឆ្នាំ ១៩៩៨ បង្ហាញថា កុមារដែលធ្លាប់លេបស្ករកៅស៊ូចូលពោះ បានធ្វើឲ្យពួកគេមានការឈឺចាប់ធ្ងន់ធ្ងរនៅផ្នែកក្រពះ ហើយទល់លាមក និងមានការក្អួតចង្អោរខ្លះ។
តើវាត្រូវការពេលយូរប៉ុណ្ណាទើបស្ករកៅស៊ូនោះធ្លាក់ចេញមកក្រៅវិញ?
យោងទៅតាមអ្នកជំនាញវាទាមទារពេលប្រហែល ៤០ ម៉ោង ឬអាចដល់ពីរទៅបីថ្ងៃ សម្រាប់បំពង់រំលាយអាហារដើម្បីនាំឲ្យវាធ្លាក់ចេញពីរាងកាយ។ វាទាមទារពេលយូរជាងអាហារធម្មតា ព្រោះស្ករកៅស៊ូវាបម្លាស់ទីយឺតជាងអាហារធម្មតានៅក្នុងបំពង់រំលាយអាហាររបស់យើង។
វិធីព្យាបាលនៅពេលលេបស្ករកៅស៊ូចូលពោះ
ប្រសិនអ្នកបានលេបវាចូលដោយចៃដន្យ នោះអ្នកត្រូវទទួលទានទឹកនិងបបរឲ្យបានច្រើន លាយឡំ ជាមួយបន្លែ ហើយជ្រើសរើសបន្លែដែលមានជាតិសរសៃខ្ពស់ និងផ្លែចេក ក៏ដូចជាល្ហុងដែលល្អបំផុត។ ចូរបរិភោគវាឲ្យបានច្រើន ដើម្បីជួយដោះស្រាយបញ្ហានៃការទល់លាមក និងការស្ទះនៃផ្នែកពោះវៀន ដើម្បីឲ្យវាឆាប់ធ្លាក់ចេញមកតាមរយៈលាមកបានលឿន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក