នៅក្នុងសម័យឆ្នាំ ២០២១ ទៅហើយ រឿងបញ្ហាសុខភាពមិនថាតែបុរសឬនារី ចាំបាច់ត្រូវតែដឹង ហើយគួរតែបើកចំហ ព្រោះក្នុងទំនាក់ទំនងខ្លះយើងអាចមើលថែគ្នាទៅមកបាន និងដឹងសុខទុក្ខពីគ្នាកាន់តែស៊ីជម្រៅ។
ទាក់ទងនឹងរឿងរដូវរបស់ស្រ្តី មិនថាបុរសជាសង្សារ ឬស្វាមី ចាំបាច់គួរតែដឹង ព្រោះវាទាក់ទងនឹងសុខភាពរបស់មនុស្សស្រីដែលយើងស្រលាញ់។ ខាងក្រោមនេះជារឿង ៧ យ៉ាងដែលស្រ្តីត្រូវជៀសវាង កំឡុងពេលមករដូវ៖
៧) កុំធ្វើលំហាត់ប្រាណខ្លាំងពេក
ព្រោះដោយសារនៅពេលមករដូវ ស្រ្តីបានបាត់បង់ឈាមច្រើនរួចទៅហើយ បែបនេះប្រសិនណាហាត់ប្រាណខ្លាំងទៀតវានឹងធ្វើឲ្យបើកញើសច្រើន ហើយជួនខ្លះអាចឲ្យអ្នកសន្លប់។ វាជារឿងល្អក្នុងការធ្វើលំហាត់ប្រាណស្រាលៗ ដូចជាការធ្វើយូហ្គាជាដើម។
៦) កុំបរិភោគអាហារប្រភេទនេះ
វាពិបាកនឹងតម តែបើជៀសបានគួរតែជៀស។ អាហារដែលមានជាតិខ្លាញ់ច្រើន តួយ៉ាងដូចជាដំឡូងចៀន ឬសាច់អាំងដែលមានខ្លាញ់ច្រើន កំឡុងពេលមករដូវកាលអ្នកជាស្រ្តីត្រូវតែជៀសឲ្យបាន ព្រោះដោយសារជាតិខ្លាញ់នឹងបង្កើនល្បឿន Prostaglandin ដែលធ្វើឲ្យអ្នកកាន់តែឈឺពោះ។
៥) កុំទទួលទានសូកូឡា
កំឡុងពេលមករដូវ មនុស្សស្រីរមែងមានចំណង់អាហារខ្ពស់បំផុត ជាពិសេសគឺរបស់ផ្អែមដូចជាសូកូឡា ប៉ុន្តែតាមអ្នកជំនាញបានណែនាំមិនឲ្យទទួលទាននោះទេ ព្រោះវាធ្វើឲ្យឡើងទម្ងន់យ៉ាងឆាប់រហ័សក្នុងពេលដ៏ខ្លីនោះ។
៤) កុំបណ្តោយឲ្យខ្លួនប្រាណខ្សោះជាតិទឹក
អ្នកត្រូវទទួលទានទឹកបរិសុទ្ធ ឬភេសជ្ជៈបំពេញជាតិទឹកឲ្យបានច្រើន ព្រោះវាអាចជួយកាត់បន្ថយការឈឺចាប់ ក៏ដូចជាពេលខ្លះទប់មិនឲ្យមានការរាករូស។
៣) បរិភោគអាហារដែលមានជាតិសរសៃខ្ពស់
ចូរបរិភោគអាហារដែលមានជាតិសរសៃខ្ពស់ ដែលវាអាចជួយឲ្យប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការទៅបានល្អ។ ជាក់ស្តែងដូចជា បន្លែ ផ្លែឈើ ឬគ្រាប់ធញ្ញជាតិជាដើម។ ព្រោះបើកាលណាប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ នោះវានឹងបន្ថែមការឈឺចាប់នៅត្រង់ផ្នែកពោះ។
២) កាត់បន្ថយការហូបប្រៃ
អាហារដែលមានជាតិប្រៃ ឬអាហារសម្រន់ភាគច្រើនមានផ្ទុកសូដ្យូមខ្ពស់ អាចបណ្តាលឲ្យស្រ្តីហើមពោះ។ គួរជំនួសមកទទួលទានផ្លែឈើវិញ ជាការអនុវត្តដ៏ល្អបំផុត។
១) ជៀសវាងអាហារដែលមានផ្ទុកសារធាតុទឹកដោះគោ
មិនថាតែទឹកដោះគោជូរ ការ៉េម ទឹកដោះគោស្រស់ ឬអ្វីដែលមានលាយឡំនឹងសារធាតុទឹកដោះគោ ត្រូវតែជៀសវាង ព្រោះវាអាចបណ្តាលឲ្យអ្នកកាន់តែឈឺពោះខ្លាំងលើសដើម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក