ជឿថាមនុស្សមួយចំនួនប្រាកដជាធ្លាប់ជួប ដោយមានអាការៈឈឺក្បាលនៅពេលព្រឹក ទាំងដែលខ្លួនឯងមិនទាន់បានដំណើរការសកម្មភាពអ្វីមួយទាល់តែសោះ។ តាមពិតទៅវាពុំមែនជាជំងឺអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែអ្នកក៏គួរដឹងពីមូលហេតុនៃអាការៈហ្នឹងដែរ។ យើងបង្ហាញ ៦ ចំណុចដូចខាងក្រោម៖
៦) សម្រាកមិនគ្រប់គ្រាន់
ការចូលដំណេកល្អបំផុត គឺត្រូវសម្រាកឲ្យបាន ៧ ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ហើយការដែលគេងមិនគ្រប់គ្រាន់វាអាចបណ្តាលឲ្យចង្វាក់បេះដូងរបស់អ្នកលោតមិនសូវបានល្អ ហើយនាំឲ្យឡើងសម្ពាធឈាម ទើបបណ្តាលឲ្យឈឺក្បាលទាំងព្រឹក។ បែបនេះក្រោយក្រោកពីគេងបើមានសញ្ញាបែបហ្នឹង ចូរអ្នកបន្តបិទភ្នែកសម្រាក ២០ ទៅ ៣០ នាទីទៀត តែកុំឲ្យលើសហ្នឹង ព្រោះនាំឲ្យឈឺក្បាលថែម។
៥) គេងច្រើនជ្រុល
គេងតិចពេកក៏ឈឺ គេងច្រើនពេកក៏ឈឺដែរ និយាយទៅគេងត្រឹមស្តង់ដារ ៧ ទៅ ៨ ម៉ោងគឺល្អបំផុត តែបើអ្នកពួយដល់ ១០ ទៅ ១២ ម៉ោង ហើយគេងដល់ថ្ងៃរសៀលអីទៀតនោះ បើងើបមកមិនឈឺក្បាលទើបជារឿងចម្លែក។ វាផ្ទុយពីចំណុចទី ១ ដោយការគេងច្រើនពេក អាចបណ្តាលឲ្យរាងកាយមានការចុះថយនូវអរម៉ូនសេរ៉ូតូនីន ហើយនាំឲ្យលំហូរឈាមចូលទៅកាន់ខួរក្បាលមានការចុះថយ។
៤) មានអរម៉ូន Endorphins នៅក្នុងខ្លួនទាប
អរម៉ូន Endorphins គឺវាអាចជួយឲ្យរាងកាយរបស់អ្នកទទួលបានអារម្មណ៍ស្រស់ថ្លានិងរីករាយ តែមនុស្សមួយចំនួនមានការជួបប្រទះនូវការចុះថយអរម៉ូន Endorphins នៅពេលព្រឹក ទើបបណ្តាលឲ្យមានអាការៈឈឺក្បាលបែបហ្នឹង។ ការធ្វើលំហាត់ប្រាណនៅពេលព្រឹក គឺជាវិធីដែលអាចបន្ថែមអរម៉ុន Endorphins បានយ៉ាងល្អបំផុត។
៣) គេងស្រមុក
បើអ្នកគេងស្រមុកខ្លាំង លុះពេលងើបមកក៏អាចបណ្តាលឲ្យអ្នកឈឺក្បាលដែរ ព្រោះការស្រមុកវាបណ្តាលឲ្យចុះថយកម្រិតអុកស៊ីសែនក្នុងខួរក្បាល ហើយបណ្តាលឲ្យសរសៃឈាមដំណើរការមិនល្អនៅក្នុងខួរក្បាល ទើបនាំឲ្យយើងឈឺក្បាលច្រើន។
២) ការបាក់ទឹកចិត្ត
ពេលខ្លះវាមិនទាក់ទងនឹងទម្លាប់គេងតិចច្រើន ឬរាងកាយយើងមិនល្អអីនោះទេ តែដោយសារយើងមានជំងឺបាក់ទឹកចិត្ត។ វាជាហេតុផលសាមញ្ញដែលនាំឲ្យអ្នកមានអាការៈឈឺក្បាល ព្រោះដោយសារអ្នកគិតច្រើន។ បែបនេះគ្មានដំណោះស្រាយអ្វីល្អជាងការទៅរកវិធីដោះស្រាយបញ្ហាដែលអ្នកកំពុងជួបប្រទះ ឬរៀនលើកទឹកចិត្តខ្លួនឯងឲ្យដើរចេញពីអតីតកាលមិនល្អនោះទេ។
១) លើសឈាម
ប្រសិនអ្នកឧស្សាហ៍ឈឺក្បាលរៀងរាល់ព្រឹក នោះក៏អាចជាអាការៈនៃជំងឺលើសឈាមផងដែរ អ៊ីចឹងត្រូវប្រញាប់ទៅសួរនាំពេទ្យដើម្បីទទួលបានការព្យាបាលដ៏សមប្រកបមួយ។ សូមកុំគិតថាមិនអី ហើយបណ្តោយឲ្យជំងឺរបស់អ្នកកាន់តែធ្ងន់ធ្ងរទៅមុខទៀត នោះវានឹងពិបាកក្នុងការព្យាបាល៕