នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ការជ្រើសរើសអាហារសម្រាប់ទទួលទានឲ្យបានត្រឹមត្រូវ គឺជារឿងដ៏ចាំបាច់បំផុត ព្រោះវាជាផ្នែកមួយក្នុងការកំណត់ស្ថានភាពសុខភាពរបស់អ្នកបាន។ ជាទូទៅក្នុងពិភពលោកយើងនេះ ប្រជាជនជប៉ុនរាប់ថាជាប្រជាជនដែលរមែងមានអាយុវែងបំផុតក្នុងលោក ហើយតាមការឲ្យដឹងពួកគេបានណែនាំអាហារ ៦ ប្រភេទដែលអ្នកគួរជៀសវាង៖
៦) ប្រភេទសាច់កែច្នៃ
មិនថាតែប្រភេទសាច់ក្រក ហេម ឬសាច់កែច្នៃជាច្រើនទៀត វារមែងមានផ្ទុកនូវសារធាតុអំបិល អាស៊ីត និងនីត្រាតដែលគេប្រើវាសម្រាប់ការពាររបស់នោះឲ្យទុកបានយូរ។ ប្រសិនអ្នកទទួលទានញឹកញាប់ក្នុងបរិមាណដ៏ច្រើន នោះអាចនឹងបណ្តាលឲ្យកើតជំងឺមហារីក ឡើងទម្ងន់ ឬជំងឺបេះដូងបានដោយងាយ។ បែបនេះគួរបង្វែរមកទទួលទានសាច់ស្រស់ ជាជម្រើសល្អជាងសាច់កែច្នៃ។
២) ដំឡូងបារាំងបំពង
ប្រភេទអាហារបំពងគឺពេញនិយមណាស់ពីសំណាក់មនុស្សទូទៅ ដោយវាអាចផ្តល់ថាមពលខ្ពស់ដល់រាងកាយ តែក៏ត្រូវដឹងថាមានផ្ទុកសារធាតុខ្លាញ់លើសលប់ផងដែរ។ ជាពិសេសប្រភេទដំឡូងបារាំងបំពង ដែលមានលាយឡំម្សៅ និងការបំពងនៅសីតុណ្ហភាពខ្ពស់ គឺអាចងាយឲ្យអ្នកកើតជំងឺមហារីក ហើយប៉ះពាល់ដល់សរសៃប្រសាទទៀតផង។
៣) ភេសជ្ជៈមានជាតិអាកុល
ភេសជ្ជៈដែលមានផ្ទុកជាតិអាកុល អ្នកមិនគួរទទួលទានច្រើនពេកនោះទេ ព្រោះវាធ្វើឲ្យរាងកាយបាត់បង់ជាតិទុក ហើយបង្កើនបញ្ហាស្រ្តេសដល់ខួរក្បាលច្រើនបំផុត។ ជាងនេះក៏នាំឲ្យអ្នកឆាប់ឡើងទម្ងន់ ចុះខ្សោយនៃការគិត និងអាចបំផ្លាញស្បែក។
៤) គ្រាប់ធញ្ញជាតិ
ប្រភេទអាហារគ្រាប់ធញ្ញជាតិ មនុស្សភាគច្រើនរមែងទទួលទាននៅពេលព្រឹក ព្រោះដោយសារពួកគេប្រញាប់ខ្លាំង និងមិនចង់ចំណាយពេលយូរលើការចម្អិនអាហារផ្សេងៗ។ យ៉ាងណាមិញតាមដឹង នៅពេលដែលវាឆ្លងកាត់ការដុតកម្តៅនៅសីតុណ្ហភាពខ្ពស់ នោះអាហារូបត្ថម្ភវាបានបាត់បង់សឹងតែអស់ទៅហើយ អ៊ីចឹងបើអ្នកចង់ទទួលទានធញ្ញជាតិ គួរតែបន្ថែមនៅប្រេងអូលីវ ផ្លែឈើមួយចំនួនផ្សេងទៀត។
៥) ទឹកផ្លែឈើដបឬកំប៉ុង
គេតែងតែផ្សព្វផ្សាយថាវាជាទឹកផ្លែឈើស្រស់ ១០០ ភាគរយ ប៉ុន្តែជឿទៅក្រុមហ៊ុនភាគច្រើនរមែងដាក់ស្ករទៅក្នុងនោះ។ ជាតិស្ករទាំងនោះហើយអាចបណ្តាលឲ្យអ្នកកើតមានជំងឺផ្សេងៗបាន អ៊ីចឹងគួរជ្រើសរើសការច្របាច់ឬក្រឡុកផ្លែឈើស្រស់ មកទទួលទានដោយខ្លួនឯងល្អជាង។
៦) ទឹកប៉េងប៉ោះ
ទឹកប៉េងប៉ោះដែលប្រើសម្រាប់បន្ថែមរសជាតិអាហារ គឺមានផ្ទុកជាតិស្ករច្រើនណាស់ ងាយឲ្យអ្នកធាត់និងកើតជំងឺទឹកនោមផ្អែមបាន។ បើចាំបាច់ ជៀសមិនបាន គួរទម្លាប់បរិភោគវាតិចតួចបានហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក