ជឿថាមនុស្សជាច្រើនប្រាកដជាបានជួប នៅបញ្ហាស្នាមអុជខ្មៅ ដែលវាចៃដន្យកើតឡើងនៅលើផ្ទៃមុខ ឬលើស្បែក។ គ្នាយើងខ្លះក៏មានផលិតផលដើម្បីលុបបំបាត់វា តែចេះតែឡើងមកទៀត អ៊ីចឹងគួរតែដឹងពីដើមចមនៃបញ្ហាដើម្បីបញ្ចៀសវាវិញល្អជាង៖
៦) ពន្លឺចេញពីឧបករណ៍អេឡិចត្រូនិក
មានមនុស្សតិចណាស់ដែលមិនចាប់អារម្មណ៍ តាមពិតទៅការដែលនៅជិតភ្លើងជះចេញពីអំពូលយូរក៏នាំឲ្យអ្នកឡើងស្នាមអុជខ្មៅដែរ។ មួយផ្សេងទៀតមិនថាតែសកម្មភាពប្រចាំថ្ងៃ នៅមុខអេក្រង់កុំព្យូទ័រ ស្មាតហ្វូន ឬទូរទស្សន៍យូរក៏ជាដើមចមមួយដែរ។
៥) រាលដាលពីបញ្ហាមុន
នៅពេលមុខអ្នកកើតមុន នោះវានឹងធ្វើឲ្យស្បែកមុខផលិតជិតមេឡានីន ដែលបណ្តាលឲ្យមានស្នាមអុជខ្មៅ និងពេលខ្លះកើតចេញជាស្នាមទៀតផង។ បែបនេះសូមរកអ្នកឯកទេសស្បែកមុខ ដើម្បីធ្វើការព្យាបាលការកើតមុនឲ្យបានល្អជាមុនសិន។
៤) មិនប្រើប្រាស់ Sunscreen
ឡេលាបមុខការពារកម្តៅថ្ងៃ គឺជារបស់សំខាន់បំផុតមិនថាតែសម្រាប់មនុស្សស្រីឬមនុស្សប្រុសទេ។ មិនថាតែពេលដើរចេញទៅខាងក្រៅ ឬសូម្បីតែនៅក្នុងផ្ទះ បើទម្លាប់អាចលាបវាបាន គួរតែលាបរៀងរាល់ពេលព្រឹកព្រលឹម។
៣) មិនសម្អាតផ្ទៃមុខក្រោយប្រើប្រាស់ផលិតផលពេលយប់
ប្រាកដជាមានហើយផលិតផលប្រើប្រាស់ធ្វើឲ្យស្បែកមុខស្អាត ហើយខ្លះទៅប្រើប្រាស់នៅពេលយប់និងទុកចោលដល់ព្រឹក។ តាមពិតទៅគួរលាងសម្អាតវា កុំទុកយូរពេក ព្រោះអីក្នុងផលិតផលខ្លះមានផ្ទុកជាតិអាស៊ីត ដែលវាក៏អាចធ្វើឲ្យរលាកលើផ្ទៃមុខផងដែរ។
២) ការលាយបញ្ចូលគ្នារវាងក្រូចឆ្មានិងពន្លឺព្រះអាទិត្យ
មានវិធីព្យាបាលតាមធម្មជាតិជាច្រើន ប៉ុន្តែការប្រើប្រាស់ក្រូចឆ្មាមកលាបលើមុខ ហើយដើរក្រោមកម្តៅថ្ងៃ វាមានតែធ្វើឲ្យឡើងស្នាមអុជខ្មៅទៅវិញទេ។ អ្នកគួរតែប្រើប្រាស់វានៅពេលយប់បានហើយ ឬត្រូវសម្អាតជាតិសរសៃនិងទឹកក្រូចឆ្មាឲ្យអស់ពីផ្ទៃមុខ សឹមដើរចេញទៅក្រៅ។
១) ការពពោះ
ការផ្លាស់ប្តូរអរម៉ូនក៏អាចបណ្តាលឲ្យកើតមាននៅ ក្លូអេឡា ដែលវាជាស្នាមខ្មៅកើតនៅលើស្បែក ហើយនៅពេលអ្នកសម្រាលកូនរួចរាល់ ជួនកាលស្នាមនេះវាក៏បាត់ទៅវិញដោយឯកឯង។ ដើម្បីបង្ការវាកុំឲ្យឡើងកាន់តែច្រើន គួរប្រើប្រាស់ឡេការពារកម្តៅថ្ងៃនៅលើស្បែកឬមុខ៕
ប្រភព៖ Brightside | ប្រែសម្រួល៖ ក្នុងស្រុក