ការឈឺចាប់ត្រង់ផ្នែកសន្លាក់ណាមួយ គឺជាមធ្យោបាយនៃប្រព័ន្ធប្រសាទក្នុងខ្លួនបញ្ជូនឲ្យយើងដឹងថា រាងកាយរបស់យើងចាប់ផ្តើមមានបញ្ហាឬដំណើរការខុសប្រក្រតីណាមួយហើយ។
តាមការណែនាំរបស់អ្នកជំនាញបានឲ្យដឹងថា ដើមចមដែលនាំឲ្យឈឺក ឈឺក្បាល ឈឺចង្កេះ ឬឈឺត្រង់សន្លាក់ផ្នែកណាមួយ វាមកពីកត្តា ២ យ៉ាង៖
១០ ភាគរយ កើតចេញពីការឈឺចាប់ដោយសារជំងឺ ដូចជាជំងឺមហារីក ជំងឺតម្រង់នោមជាដើម។ វាគ្មានពេលវេលាច្បាស់លាស់ទេ ពេលខ្លះទោះរាងកាយមិនធ្វើសកម្មភាពក៏វាឈឺដែរ ជួនខ្លះទៅឈឺទាំងកណ្តាលយប់ ដល់ថ្នាក់ធ្វើឲ្យអ្នកគេងលែងលក់ក៏មាន។
៩០ ភាគរយ ដែលមនុស្សទូទៅឧស្សាហ៍ជួបប្រទះនោះក៏ដោយសារតែការអង្គុយធ្វើការរាប់ម៉ោង ឬធ្វើសកម្មភាពអ្វីមួយដដែលៗញឹកញាប់ពេក។ ប៉ុន្តែនៅពេលអ្នកទៅសម្រាក ការឈឺចាប់នោះនឹងបាត់ទៅវិញភ្លាម ជារួមវាបង្ហាញអំពីអតុល្យភាពនៃរចនាសម្ព័ន្ធរាងកាយរបស់មនុស្ស។
ការអង្គុយធ្វើការរាប់ម៉ោងនាំឲ្យឈឺខ្លួន ឬវិលមុខ សូមដោះស្រាយតាមវិធីខាងក្រោម៖
ផ្លាស់ទីឲ្យបានញឹកញាប់ ហើយអង្គុយឲ្យបានតិចតាមដែលអាចធ្វើទៅបាន ជាពិសេសធ្វើចលនាចុះឡើងឲ្យបានច្រើន ពោលកុំឲ្យសាច់ដុំនៅនឹងថ្កល់កន្លែងដដែលរយៈពេលយូរ ព្រោះវានឹងធ្វើឲ្យឈាមកកស្ទះក្លាយជាការឈឺចាប់
អង្គុយឲ្យត្រង់កុំកោងខ្នង ហើយបើកស្មាឲ្យទូលាយ
រំកិលខ្លួនឲ្យទៅជិតល្មមនឹងទីតាំងតុធ្វើការឬ Keyboard កុំព្យូទ័រ ពោលជៀសវាងឱនកចុះខ្លាំងពេក
កុំអង្គុយគងអន្ទាក់ខ្លាច្រើនពេក
ឧស្សាហ៍មានពេល Break សម្រាប់ខ្លួនឯង ក្នុងការដើរទៅទទួលទានទឹកឬធ្វើអ្វីមួយភ្លែតៗ
ធ្វើលំហាត់ប្រាណខ្លីៗឆ្លៀតពេលដើរទៅបន្ទប់ទឹក ហើយដកដង្ហើមវែងៗ។
សរុបមកសកម្មភាពខាងលើ អ្នកអាចអនុវត្តបានដោយងាយបំផុត ហើយមិនពិបាកនោះទេ ប៉ុន្តែបើអ្នកមិនចាប់អារម្មណ៍ហើយគិតថាមិនអី នោះរោគសញ្ញានៃការឈឺចាប់ផ្នែកសន្លាក់ឬឈឺក្បាលប្រាកដជាជួបប្រទះញយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក