ជម្ពូជាប្រភេទផ្លែឈើម្យ៉ាងដែលមនុស្សជាច្រើនបានស្គាល់ ហើយជឿថាមិនពិបាកក្នុងការទទួលទាននោះទេ។ ក៏ដោយសារតែរសជាតិផ្អែម ហើយនិយមដឹងតគ្នាថា ការបរិភោគផ្លែជម្ពូអាចជួយដល់សុខភាពរបស់យើងបាន។
នៅក្នុងអត្ថបទនេះ យើងនឹងស៊ីជម្រៅថាតើផ្លែជម្ពូអាចជួយដល់សុខភាពនិងខ្លួនប្រាណរបស់យើងត្រង់ផ្នែកណាខ្លះ?
ជាទូទៅផ្លែជម្ពូ ១០០ ក្រាមអាចផ្តល់ថាមពល ២៥ គីឡូកាឡូរីនិងផ្តល់សារធាតុចិញ្ចឹមដូចខាងក្រោម៖
ប្រូតេអ៊ីន ០,៦០ ក្រាម
វីតាមីន A ៨,៤ មិល្លីក្រាម
វីតាមីន B1 ០,០០២០ មិល្លីក្រាម
វីតាមីន B2 ០,០៣០ មិល្លីក្រាម
វីតាមីន B3 ០,៨០០ មិល្លីក្រាម
វីតាមីន C ២២,៣ មិល្លីក្រាម
កាល់ស្យូម ២៩ មិល្លីក្រាម
ប៉ូតាស្យូម ១២៣ មិល្លីក្រាម
ម៉ាញេសូម ៥ មិល្លីក្រាម
វាអាចជួយជាប្រយោជន៍ដល់សុខភាពមនុស្ស ៥ ចំណុចដូចតទៅ៖
១) ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ផ្លែជម្ពូវាមានផ្ទុកនូវអាល់កាឡូអ៊ីត ដែលជាសមាសធាតុសរីរាង្គមានឈ្មោះ "Jambosine"។ តាមការសិក្សាបង្ហាញថា វាអាចជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម ពោលគឺផ្តល់ប្រយោជន៍សំខាន់សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ឬអ្នកដែលមានហានិភ័យអាចវិវត្តទៅការកើតជំងឺទឹកនោមផ្អែម។
២) ជួយដល់ការរំលាយអាហារ
ក្រៅពីមានជាតិទឹកផ្លែជម្ពូវាក៏មានសារជាតិសរសៃផងដែរ នេះវាអាចជួយឲ្យក្រពះរំលាយអាហារបានល្អ ហើយជាពិសេសគឺជួយដល់អ្នកដែលឧស្សាហ៍ទល់លាមក។
៣) ល្អសម្រាប់សុខភាពបេះដូង
វាមានសារជាតិចិញ្ចឹម ដែលជួយពង្រឹងដល់ប្រព័ន្ធសរសៃឈាមបេះដូងរបស់យើង និងជួយឲ្យកម្រិតកូឡេស្តេរ៉ុល ក្នុងឈាមមានសភាពធម្មតា។ បែបនេះវាអាចកាត់បន្ថយហានិភ័យនៃការគាំងបេះដូង ការដាច់សរសៃឈាមខួរក្បាល និងជំងឺលើសឈាមជាដើម។
៤) ជួយឲ្យប្រព័ន្ធភាពសុាំដំណើរការល្អ
វីតាមីន C នៅក្នុងផ្លែជម្ពូជាវីតាមីនដែលដើរតួយ៉ាងសំខាន់ ក្នុងមុខងាររបស់ប្រព័ន្ធភាពសុាំ។ ជាងនេះវាក៏ជំរុញដល់ការផលិតកូឡាជែនដែលជាប្រភេទប្រូតេអ៊ីន ចូលរួមរំញោចដល់ប្រព័ន្ធភាពសុាំបានយ៉ាងល្អផងដែរ។ បែបនេះវាអាចជួយកាត់បន្ថយល្បឿននៃការវិវត្តទៅរកភាពចាស់ និងការឈឺចុកចាប់សន្លាក់ជាដើម។
៥) ជួយបញ្ចៀសការកើតជំងឺមហារីក
វីតាមីន C និងវីតាមីន A ក្នុងផ្លែជម្ពូគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អ ដែលវាអាចរំខានដល់ការលូតលាស់នៃកោសិកាមហារីក។ បែបនេះអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកសុដន់ និងមហារីកមាត់ស្បូនជាដើម៕
ប្រភព៖ Sanook | ប្រែសម្រួល៖ ក្នុងស្រុក