ក្នុងការរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗ ជឿថាពេលវេលាចូលដំណេក គឺយើងចំណាយពេលច្រើនបំផុតក្នុងមួយថ្ងៃ ព្រោះវាជាពេលដែលបំពេញឲ្យរាងកាយយើងត្រលប់មកមានថាមពលវិញ។
ជាមួយការចូលដំណេកនេះសោត អ្នកក៏ត្រូវមានទម្លាប់សម្អាតឲ្យបានញឹកញាប់ផងដែរ នៅលើបរិវេណគ្រែ ដែលមានដូចជាកម្រាលពូក ស្រោមខ្នើយ ឬភួយអ្វីជាដើម។ ថ្ងៃនេះយើងបង្ហាញពីផលប៉ះពាល់ ៥ ចំណុចប្រសិនអ្នកមិនបានសម្អាតកម្រាលពូកឲ្យបានទៀងទាត់៖
១) ធ្វើឲ្យកើតមុននិងស្បែកឡើងកន្ទួល
អ្នកធ្លាប់កត់សម្គាល់ឃើញទេ ងើបមកមានស្នាមកន្ទួលក្រហមលើស្បែក នោះក៏ដោយសារតែកម្រាលពូកដ៏កខ្វក់របស់អ្នកហើយ។ នៅពេលអ្នកទៅននាលគេងរាល់ថ្ងៃដោយមិនចាប់អារម្មណ៍ យូរទៅបាក់តេរីកាន់តែកើនឡើង ធ្វើឲ្យហប់រន្ធញើស ទើបនាំឲ្យកើតមុនឬស្បែកឡើងក្រហម។ បើចង់ដឹង អ្នកសាកល្បងផ្លាស់ប្តូរស្រោមខ្នើយនិងកម្រាលពូក រៀងរាល់ ២-៣ ថ្ងៃម្តង ឬ ១ សប្តាហ៍ម្តង នោះអ្នកប្រាកដជាឃើញចម្លើយ។
២) អាឡែរហ្សីមិនល្អកើតចេញពីធូលីដី
ធ្លាប់កណ្តាសនិងរមាស់ភ្នែកនៅពេលយប់ដែរឬទេ? នោះគឺមកពីអ្នកទទួលរងផលប៉ះពាល់ពីអាឡែរហ្សី ដោយវាកើតចេញពីលំអងនិងធូលី ដែលវារស់នៅក្នុងគ្រែរបស់អ្នក។ លុះត្រាតែយើងប្រើមីក្រូទស្សន៍មកឆ្លុះមើលទើបឃើញ ហើយបើទុកយូរៗទៅវាអាចបង្កឲ្យអ្នកកើតជំងឺហឺតថែមទៀតផង។
៣) ផលប៉ះពាល់ធ្ងន់ធ្ងរប្រសិនអ្នកគេងជាមួយសត្វចិញ្ចឹម
អ្នកស្រលាញ់សត្វចិញ្ចឹម ភាគច្រើនចូលចិត្តយកវាមកគេងឱបឬគេងជាមួយនៅលើគ្រែ តែអ្នកត្រូវដឹងវាក៏មានហានិភ័យមួយចំនួនធំផងដែរ។ សត្វចិញ្ចឹមខ្លះ មិនថាឆ្កែឬឆ្មា នៅពេលផ្នែករោមរបស់វាធ្លាក់មកលើគ្រែជាប់ទៅនឹងធូលី យូរៗទៅអាចឲ្យអ្នកកើតជំងឺម្យ៉ាងហៅថា "Lyme"។ ប្រសិនចង់ឲ្យវាគេងជាមួយ ត្រូវប្រាកដថាអ្នកបានងូតទឹកសម្អាតវាឲ្យបានទៀងទាត់ និងថែរក្សាអនាម័យរបស់វាជានិច្ច។
៤) ស្បែកក្បាលឡើងរមាស់
ស្រោមខ្នើយ និងកម្រាលពូក នៅពេលជាប់សំណើមយូរទៅវាបង្កើតជាផ្សិត dermatophytes។ ប្រភេទផ្សិតនេះ អាចធ្វើឲ្យស្បែកក្បាលអ្នករមាស់ឆាប់រហ័សបំផុត ហើយក៏ងាយឡើងអង្គែលើក្បាលលឿនផងដែរ។
៥) ការធ្វើឲ្យភ្នែកឡើងពណ៌ផ្កាឈូក
ដោយសារបាក់តេរីដែលមាននៅក្នុងភួយ កម្រាលពូក ជាពិសេសខ្នើយ ហើយប្រសិនមានអ្នកមករួមដំណេកជាមួយអ្នក ក៏ងាយឲ្យពួកគេឆ្លងជំងឺភ្នែកឡើងពណ៌ផ្កាឈូកនេះដែរ។ ដំណោះស្រាយគឺមានតែការសម្អាតឲ្យបានទៀងទាត់ ហើយសូមប្រើទឹកក្តៅដើម្បីបោកសម្អាតវាឲ្យបានល្អ៕