ការ៉ុតជាប្រភេទបន្លែដែលសម្បូរទៅដោយវីតាមីន សារធាតុរ៉ែ និងជាតិសរសៃ។ មនុស្សភាគច្រើនចាត់ទុកវាជាបន្លែមួយប្រភេទដែលអាចយកទៅប្រើប្រាស់ច្រើនក្នុងការចម្អិនម្ហូបអាហារប្រចាំថ្ងៃ ដោយមិនបានដឹងអំពីសារធាតុចិញ្ចឹមដ៏សម្បូរបែបនៅក្នុងនោះឡើយ។
ខាងក្រោមនេះជាសារៈប្រយោជន៍ដែលការ៉ុតអាចជួយដល់សុខភាពរបស់មនុស្សយើងបាន ៖
1. ជំនួយដល់ឆ្អឹង និងគំហើញរបស់ភ្នែក
ការ៉ុតមានផ្ទុកទៅដោយវីតាមីន A និង K។ សម្រាប់ការខ្វះមីតាមីន A វាបណ្តាលឱ្យគំហើញរបស់ភ្នែកចុះខ្សោយ ជាពិសេសនៅពេលដែលខ្វះពន្លឺ។
ការ៉ុតក៏ផ្ទុកដោយសារធាតុ lutein និង zeaxanthin ដែលស្ថិតក្នុងក្រុមវីតាមីនA ដែលពួកវាមានតួនាទី ប្រឆាំងនឹងរ៉ាឌីកាលសេរី និងពន្យាការងាប់របស់កោសិកាភ្នែក ធ្វើឱ្យភ្នែកមានសុខភាពល្អ។
ចំពោះវីតាមីនK បូកផ្សំដោយការផ្ទុកបរិមាណកាលស្យូម និងផូស្វាតសមល្មម វាធ្វើឱ្យឆ្អឹងរបស់យើងមានសុខភាពល្អ និងចៀសផុតពីជំងឺពុកឆ្អឹងផងដែរ។
2. បង្កាជំងឺមហារីក
រ៉ាឌីកាលសេរីជាច្រើននៅក្នុងធម្មជាតិ វាអាចបង្កជាផលប៉ះពាល់ទៅដល់សុខភាពរបស់មនុស្ស ដែលជាកត្តារួមផ្សំក្នុងការកើតចេញជាជំងឺមហារីក។ ការ៉ុតផ្ទុកទៅដោយសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម សម្រាប់ការពារយើងពីរ៉ាឌីកាលសេរីពីខាងក្រៅ ដោយក្នុងនោះការ៉ូតែន ដែលបង្ហាញពីធាតុពណ៌លឿង ទឹកក្រូច ក្រហម លើការ៉ុត វាអាចកាត់បន្ថយហានីភ័យពី រ៉ាឌីកាលសេរីទាំងនោះបាន។
3. រក្សាទម្ងន់ និងជំនួយដល់ប្រព័ន្ធរំលាយអាហារ
ការ៉ុតមានរសជាតិផ្អែម ដែលនៅក្នុងនោះវាផ្ទុកទៅដោយស្ករធម្មជាតិ ដែលពួកវាច្រើនជាស្ករសាំញុំា ឬគេហៅម្យ៉ាងទៀតថា Carbohydrates ដែលមានវាដល់ទៅ 5.8g នៃមើមការ៉ុតធម្យមមួយ ស្ករទាំងនេះវារំលាយយឺតនៅក្នុងខ្លួនរបស់យើង និងមិនងាយបណ្តាលឱ្យយើងឡើងទម្ងន់ឡើយ។
ម្យ៉ាងទៀតការ៉ុតក៏សម្បូរទៅដោយជាតិសរសៃ ដែលនៅក្នុងមើមការ៉ុតជាមធ្យមមានជាតិសរសៃ 1.7g ជាតិសរសៃនេះហើយដែលវាជួយដល់ការរំលាយអាហាររបស់យើងផងដែរ។
4. ជួយដល់ប្រព័ន្ធភាពស៊ាំរបស់មនុស្ស
មិនត្រឹមតែផ្ទុកមីតាមីនA ការ៉ុតក៏មានផ្ទុកនូវវីតាមីន C ដែរ វាមានតួនាទីមួយដែលចូលរួមក្នុងការផលិត collagen។ collagen វាជាសារធាតុដែលប្រើសម្រាប់ផ្សាភ្ជាប់ជាលិកានៅក្នុងសរីរៈរបស់មនុស្ស វាមានតួនាទីសម្រាប់ផ្សះរបួសនៅលើស្បែករបស់មនុស្សយើង។ វីតាមីននេះដែរ វាក៏ជាធាតុជំនួយដល់កោសិកាឈាមស សម្រាប់ការពាររាងកាយប្រឆាំងនឹងជំងឺពីខាងក្រៅថែមទៀតផង៕
ប្រែសម្រួល ៖ Mythicle Bird / ក្នុងស្រុករក្សាសិទ្ធិ