មិត្តម្នាក់តែងយល់ថា ប្រពន្ធរបស់ខ្លួនកាន់តែអាត្មានិយម ចរិតពីមួយថ្ងៃទៅមួយថ្ងៃកាន់តែឆេវឆៅទៅៗ ពួកគេទាំងពីរនាក់ចាប់ផ្តើមឈ្លោះគ្នាគ្មានលស់ថ្ងៃ។
បុរសនោះក៏លួចទៅមានស្រីក្រៅ ក្រោយមកគេទាំងពីរនាក់ក៏លែងលះគ្នា។ ដោយសារតែមិនមានកូនគេទាំងពីរអាចរកដៃគូថ្មីបានយ៉ាងងាយ។
បុរសនោះយកស្រីកំណាន់មកធ្វើជាប្រពន្ធខ្លួនម្តង ប៉ុន្តែរៀបការមិនបានប៉ុន្មានផង ក៏ចាប់ផ្តើមមានបញ្ហាជាមួយប្រពន្ធក្រោយទៀត នាងប្រែជាមិនផ្អែមល្ហែមដូចមុន ស្ថានភាពក្នុងផ្ទះចាប់ផ្តើមមានបញ្ហាដូចប្រពន្ធមុនអ៊ីចឹង!
នៅមិននៅក៏ឈ្លោះគ្នា ប្រពន្ធក្រោយចាប់ផ្តើមមិនធ្វើការងារផ្ទះ បុរសនោះយល់ថាខ្លួនឯងមានវាសនាមិនល្អ ប្រពន្ធមួយអន់ជាងមួយ គិតតែដកដង្ហើមធំរអ៊ូរទាំដាក់មិត្តភក្តិ។
ស្រាប់តែមានថ្ងៃមួយបានជួបប្តីក្រោយរបស់ប្រពន្ធមុនដោយចៃដន្យ បុរសពីរនាក់បាននិយាយគ្នា តែក្រោយផឹកស្រាបន្តិច បុរសនោះក៏ទ្រាំមិនបានសួរនាំរឿងជីវិតរៀបការរបស់ប្រពន្ធមុន។
ប្តីក្រោយគេរូបរាងសាមញ្ញ និយាយស្តីមានសុជីវធម៌ តបថា ៖ "នាងជាមនុស្សស្រីល្អម្នាក់ ចេះមើលថែយកចិត្តទុកដាក់ ការងារផ្ទះទាំងក្នុងទាំងក្រៅធ្វើបានល្អឥតខ្ចោះ ហើយស្រលាញ់ខ្ញុំ និងគោរពប៉ាម៉ាក់បងប្អូនមិត្តភក្តិខ្ញុំទាំងអស់។
នាងផ្តល់ពេលវេលាគ្រប់គ្រាន់ដល់ខ្ញុំ មនុស្សស្រីល្អបែបនេះពិបាករកបានណាស់ សម័យនេះមានមិនច្រើនទេ"។
បុរសនោះភ្ញាក់ព្រឺត "នាងពិតជាល្អអ៊ីចឹងមែន??? ហេតុអីខ្ញុំមើលមិនដឹង? ប្រហែលជានិយាយព្រោះចង់បានមុខមាត់ហើយមើលទៅ!"
ក្រោយមកបុរសនោះបានឃើញប្តីប្រពន្ធកំពុងដើរផ្សារទំនើប មើលពីចម្ងាយ ឈរលួចមើលយ៉ាងយូរ ទើបប្រាកដចិត្តថា ពួកគេពិតជាមានសុភមង្គលពិតមែន។ សុភមង្គលនោះ គ្រាន់តែឃើញស្នាមញញឹមប្រពន្ធមុននាងនៅក្នុងរង្វង់ដៃប្តីក្រោយដ៏កក់ក្តៅក៏ដឹង។
តាមពិតពេលខ្លះប្រពន្ធជាទេពអប្សរ ឬក៏ជាបិសាច គឺសុទ្ធប្តីជាអ្នកបង្កើតឡើងទាំងអស់។
នារីម្នាក់ដែលរៀបការតាមប្តីហើយ គឺនាងប្រាថ្នារស់នៅសុខសាន្តជាមួយប្តីរហូត ទោះជាការអត់ទ្រាំជាចរិតល្អ តែបើស្រលាញ់គឺគ្មានពាក្យថាទ្រាំនោះទេ គឺមានតែការសន្តោសប្រណីប៉ុណ្ណោះ។ នៅពេលដែលអ្នកមើលឃើញប្រពន្ធខ្លួនទាស់ភ្នែកគ្រប់យ៉ាង នាងក៏មិនខ្វល់ថាត្រូវក្លាយជាបិសាចដែរ។
ដូច្នេះបើចង់ឱ្យប្រពន្ធខ្លួនជាទេពអប្សរ អ្នកខ្លួនឯងគួររក្សានាងឱ្យដូចជាទេពអប្សរក្នុងដៃសិន ពីព្រោះគ្រប់ "ប្រពន្ធ"ទាំងអស់សុទ្ធតែអាចក្លាយជាទេពអប្សរទាំងអស់។ នៅពេលអ្នកធ្វើដូចនេះ ចរិតអ្នកផ្លាស់ប្តូរ អ្នកបង្កើតបានទេពអប្សរពិតប្រាកដមួយ។
ក្តីស្រលាញ់របស់មនុស្សស្រី គឺមនុស្សប្រុសថ្នាក់ថ្នមមក!
ការស្អប់របស់មនុស្សស្រី គឺមនុស្សប្រុសកុហកមក!
ការធុញទ្រាន់របស់មនុស្សស្រី គឺមនុស្សប្រុសព្រងើយកន្តើយមក!
ភាពរីករាយរបស់មនុស្សស្រី គឺបានមកពីភាពកក់ក្តៅរបស់មនុស្សប្រុសផ្តល់ឱ្យ!
ភាពស្រស់ស្អាតរបស់មនុស្សស្រី គឺមនុស្សប្រុសថ្នាក់ថ្នមមើលថែនាង!
ភាពទ្រុឌទ្រោមរបស់មនុស្សស្រី គឺមកពីភាពខ្វះខាតរបស់មនុស្សប្រុសផ្តល់ឱ្យនាង!
មនុស្សស្រីប្រៀបដូចជា ព្យាណូមួយ ជួបអ្នកយកចិត្តទុកដាក់លេង វានឹងអាចបញ្ចេញនូវចម្រៀងល្បីមួយបទ បើជួបមនុស្សធម្មតាលេង វាអាចជាចម្រៀងទាន់សម័យមួយ តែបើជួបអ្នកមិនដឹងអី ខ្លាចតែមិនអាចចេញជាចម្រៀងមួយបទផង។
ដូច្នេះ សូមសុភាពបុរសទាំងឡាយ ស្រឡាញ់ ថ្នាក់ថ្នម មើលថែប្រពន្ធរបស់ខ្លួនឱ្យបានល្អ អ្វីដែលអ្នកទទួលបានគឺច្រើននឹកស្មានមិនដល់៕
បកប្រែដោយ ៖ សុខ គឹមទៀវ👸
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក