ក្នុងមុខរបរជាគ្រូពេទ្យ ទម្រាំអាចចេញប្រកបមុខរបរដោយមានចំណេះដឹង វិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ប្រាកដជាប្រើរយៈពេលសិក្សាច្រើនឆ្នាំមែនទែន ពិសេសថ្លៃសិក្សាក៏ខ្ពស់ទៀត តែមុខរបរនេះបែរជាត្រូវមនុស្សគ្រប់គ្នាយល់ថាជាមុខរបរងាយរកស៊ី និងរកប្រាក់ទៅវិញ។ តែក្នុងនោះមានគ្រូពេទ្យជាច្រើនក៏មានក្រមសីលធម៌ និងមេត្តាធម៌ច្រើនដល់អ្នកជំងឺគួរឱ្យសរសើរ
ក្រឡេកមកមើលលោកវេជ្ជបណ្ឌិតមួយរូបវិញ ត្រូវបានគេដាក់ងារថាជាគ្រូពេទ្យក្រីក្រជាងគេលើលោក នោះក៏ដោយសារតែលោកគ្រូ តែងតែជួយទុក្ខធុរៈអ្នកជំងឺ ពិសេសថែមទាំងជួយព្យាបាលអ្នកជំងឺធ្ងន់ៗដោយមិនយកប្រាក់កម្រៃទៀតផង ពិតជាទង្វើគួរឱ្យស្ញប់ស្ញែងណាស់។
តាមរយៈគណនីហ្វេសប៊ុក Kim Yan Saing បានរៀបរាប់ថា៖ «ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។ ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ មានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន បងប្អូនអាចឃើញបន្ទប់ចំនួន ២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង ២ នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បានដើម្បីទុកឲ្យអ្នកជម្ងឺមហារីកឈាមឈ្មោះ Leukemia and Cml មកសំរាកព្យាបាល តែខ្ញុំពុំដែលគឹតថ្លៃបន្ទប់ពីអ្នកជម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹកភ្លើង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក។អ្នកក្រ ក៏ស្រឡាញ់ជីវិតដូចអ្នកមានដែរ ខ្ញុំខំប្រឹងប្រែង ព្យាបាលពួកគាត់ដោយមិនគិតសេវាព្យាបាល ខ្ញុំមានទីតាំងស្ថិតនៅ ឃុំច្រេស ស្រុក កំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ទូរស័ព្ទលេខ ០៧១២៨២៥៣៣៩ យើងចូលរួមសង្រ្គោះជីវិតអ្នកក្រ។»។
នេះពិតជាទឹកចិត្ត និងជាគំរូល្អមែនទែន ចំពោះលោកវេជ្ជបណ្ឌិត នៅក្នុងខេត្តកំពង់ឆ្នាំងមួយនេះដែលសុខចិត្តអត់ខ្លួនឯង ឱ្យតែបានព្យាបាលអ្នកជំងឺខ្លួនឱ្យជាសះស្បើយ៕