ជាការពិតណាស់ មានពាក្យរៀបរាប់ជាច្រើនដែលពោលពីឪពុកម្ដាយ ហើយក្នុងនោះដែរជាឪពុកម្ដាយ តែងតែហៅខ្លួនឯងថា "ជាមនុស្សដែលឆោតល្ងង់ ល្ងីល្ងើជាងគេបំផុតនៅលើពិភពលោកនេះ" តើហេតុអ្វី បានជាឪពុកម្ដាយ ក្លាយជាមនុស្សដែលឆោតល្ងង់ និងល្ងីល្ងើជាងគេ?
១. មនុស្សល្ងីល្ងើជាងគេបំផុតពីរនាក់នៅលើពិភពលោកគឺ អ្នកដែលជាឪពុកម្តាយ
មិនថាឪពុកម្តាយរបស់ពួកគេពូកែ ឆ្លាត និងខ្លាំងកម្រិតណាទេ ប៉ុន្តែនៅពេលដែលប្រឈមមុខនឹងកូនៗ ពួកគាត់ទាំងពីរនឹងនឹងក្លាយជាមនុស្សល្ងីល្ងើជាងគេ។
ពួកគាត់អាចមិនមែនជាឪពុកម្ដាយដែលខ្លាំងពូកែ ឬមានទេពកោសល្យគ្រប់យ៉ាងទេ ប៉ុន្តែពួកគាត់នឹងព្យាយាមធ្វើគ្រប់បែបយ៉ាង មិនថាលំបាកយ៉ាងណា ក៏នៅតែធ្វើដើម្បីផ្ដល់ឱ្យកូនៗរបស់ពួកគាត់។
ក្នុងនាមជាឪពុកម្ដាយ ក៏មានចំណង់ចំណូលចិត្ត និងចង់បានរបស់មួយចំនួន តែចុងក្រោយ ពួកគាត់នៅតែលះបង់ចំណង់របស់ខ្លួន ព្រោះតែត្រូវការសន្សំសំចៃដើម្បីយកមកផ្គត់ផ្គង់ និងចិញ្ចឹមកូនៗទាំងឡាយ។
ពួកគាត់ខំប្រឹងអស់មួយជីវិត បរិភោគ និងផឹកតិចៗ ទោះបីពេលថ្ងៃ ឬពេលយប់ទោះបីឈឺសព្វពេញរាងកាយក៏ដោយ ក៏ពួកគាត់នៅតែខាំធ្មេញ សង្កត់ចិត្តព្រោះតែប្រយោជន៍កូនៗដែរ។
ឪពុកម្តាយមិនយំសោកនូវទុក្ខវេទនារបស់ពួកគាត់ទេ តែផ្ទុយទៅវិញ ពួកគាត់បែរជាឺឈឺចាប់យ៉ាងខ្លាំង ប្រសិនបើឃើញកូនៗត្រូវលំបាក។
មានចម្រៀងកុមារដែលនិយាយថា “ មានម្តាយគឺល្អបំផុតនៅលើពិភពលោក អ្នកមានម្តាយដូចជាមានកំណប់នៅក្នុងជីវិត។ ហើយឪពុកជាដំបូលការពារ បើគ្មានឪពុកផ្ទះនឹងដួលរលំ។ ឪពុកម្តាយសុខចិត្តធ្វើ“ ក្របី និងសេះ” ដោយសារតែគ្រួសារ ទោះបីត្រូវឡើងលើភ្នំភ្លើងក៏ដោយ ក៏ពួកគាត់មិនស្លាប់ដែរ។ ដូច្នេះមនុស្សពីរនាក់ដែលពិបាកបំផុតនៅលើពិភពលោកគឺឪពុកម្តាយរបស់យើង” ។ ពាក្យទាំងនេះពិតជាមិនខុសអ្វីនោះឡើយ។
២. ពេញមួយជីវិតនេះអ្នកដែលយើងត្រូវទទួលខុសត្រូវបំផុតគឺឪពុកម្តាយរបស់យើង
ឪពុកម្តាយតែងតែត្រៀមខ្លួនសម្រាប់កូន ៗ របស់ពួកគាត់ ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីតែកូន ប៉ុន្តែគាត់មិនដែលត្អូញត្អែរ ឬមានការទាមទារអ្វីពីកូនៗដើម្បីតបស្នងគាត់វិញឡើយ។
កំណើតគឺជាព្រះគុណ ការចិញ្ចឹមបីបាច់គឺជាព្រះគុណ ព្រះគុណរបស់ឪពុកម្តាយមិនអាចត្រូវបានសងត្រឡប់មកវិញអស់នោះទេ។
ជោគវាសនារវាងកូនៗ និងឪពុកម្តាយគឺមានតែម្តងគត់ក្នុងមួយជីវិតនេះ។ ដូច្នេះដោយការគោរព នៅក្នុងជីវិត អ្នកត្រូវតែបំពេញតួនាទី និងកាតព្វកិច្ចឱ្យបានល្អប្រសើរ ក្នុងមើលថែទាំងអ្នកមានគុណ ព្រោះបើបាត់បង់ហើយ អ្នកមិនអាចមានឱកាសជាលើកទីពីរឡើយ។
ព្យាយាមបង្ហាញគុណធម៌ចំពោះឪពុកម្តាយរបស់អ្ន កព្យាយាមទៅជួបឪពុកម្តាយរបស់អ្នកបន្តិច ទោះបីជាអ្នករវល់ ឬមមាញឹកយ៉ាងណាក៏ដោយ។
ក្នុងភ្នែក ក្នុងចិត្តឪពុកម្ដាយគ្រប់រូប មិនថាកូនធំធាត់ លូតលាស់ ដឹងក្ដីយ៉ាងណាទេ តែកូននៅតែជាក្មេងតូចដែលគាត់នៅតែគិត នៅតែបារម្ភគ្រប់ពេលវេលានៃដង្ហើមចេញចូលរបស់គាត់។ ជីវិតឪពុកម្ដាយ បើមាន១០០ឆ្នាំ គាត់ប្រាកដជាបារម្ភពីកូន ៩៩ឆ្នាំហើយ៕
ប្រភព ៖ Phunutoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)