ដល់វ័យ40ឆ្នាំ មិនត្រូវរវល់នឹងរឿងពីរយ៉ាង!
ដល់វ័យ50ឆ្នាំ មិនត្រូវរវល់នឹងមនុស្សពីរប្រភេទ!
ក្នុងវ័យ40ឆ្នាំដូចអ្នក ជាមនុស្សឋិតក្នុងវ័យពាក់កណ្តាលជីវិតទៅហើយ នៅក្នុងពេលនេះ មានទំនួលខុសត្រូវក៏ច្រើន សម្ពាធផ្លូវចិត្តក៏ធ្ងន់។ ពួកយើងតែងលះបង់ពេលវេលា និងចិត្តគំនិតទាំងអស់ទៅលើគ្រួសារ យកអស់កម្លាំងកាយចិត្តដាក់ក្នុងការងារ។
អ្នកមានអាយុ40ឆ្នាំហើយ រាល់ថ្ងៃព្រលឹមចេញព្រលប់ចូល មួយថ្ងៃៗកន្លងផុតទៅយ៉ាងលឿន ឋិតក្នុងពេលវេលាដែលមមាញឹកបំផុត។ មានរឿងចង់ខ្វាយខ្វល់រហូត ពីរឿងតូចតាចដល់រឿងធំដុំ។
ចិត្តហត់នឿយ តែមិនអាចបរិយាយបាន។
មនុស្សក៏ហត់នឿយ តែមិនហ៊ានសម្រាក។
ក្នុងវ័យ40ឆ្នាំដូចអ្នក រឿងដែលមិនគួររវល់ខ្វាយខ្វល់អ្នកមិនត្រូវលូកដៃរវល់ជាមួយទៀតឡើយ។
មនុស្សដល់វ័យកណ្តាលហើយ គួរតែចៀសវាងឱ្យឆ្ងាយពីរឿងមិនល្អ ហើយយកពេលមកធ្វើរឿងដែលមានប្រយោជន៍វិញ។
ទី1 ៖ គឺរឿងរបស់អ្នកដទៃ
នៅក្នុងជីវិតឯកជនរបស់គេ រឿងកំប៉ិចកំប៉ុករបស់គេ អ្នកកុំរវល់ច្រើន។ អ្នកខ្លះមួយថ្ងៃៗអត់មានរឿងអីទេ តែចូលចិត្តបង្កើតឱ្យទៅជារឿង ហើយពង្រីកឱ្យរឿងកាន់តែធំ ប្រសិនបើអ្នកបានចូលរួមចំណែកជាមួយ អ្នកនឹងត្រូវបានគេនាំទុក្ខឱ្យហត់នឿយជាមួយដែរ ដល់យូរៗទៅ អ្នកក៏មានឈ្មោះមិនល្អ ជាមនុស្សដែលចេះដឹងរឿងគេច្រើន។ កាត់បន្ថយការចេះដឹងរឿងគេ ហើយយកពេលមកកំដរមនុស្សជាទីស្រឡាញ់ក្បែរខ្លួនអ្នក អប់រំប្រៀនប្រដៅកូនចៅអ្នក កតញូជាមួយអ្នកមានគុណ នោះជីវិតនឹងកាន់តែមានន័យបរិបូណ៍។
ទី2 ៖ រឿងដែលដឹងថាខុសហើយនៅតែប្រព្រឹត្ត
អ្នកខ្លះ ដឹងថាខ្លួនឯងជាអ្នកធ្វើខុស តែនៅតែចង់ប្រព្រឹត្តខុសទៀត ដឹងថាទង្វើរបស់ខ្លួននឹងធ្វើឱ្យអ្នកដទៃខូចប្រយោជន៍ តែនៅតែបន្តទៀត។ មនុស្សប្រភេទនេះគេមិនស្តាប់អ្នកណាហាមឃាត់ឡើយ ហើយក៏មិនចេះគោរពអ្នកដទៃដែរ។ បើអ្នកទៅឈឺឆ្អាលក្នុងរឿងនេះ មិនត្រឹមតែប៉ះពាល់អ្នកដទៃប៉ុណ្ណោះទេ ហើយអាចនឹងនាំគ្រោះដាក់ខ្លួនទៀតផង។
យើងឋិតក្នុងវ័យកណ្តាលទៅហើយ គួរតែរៀនចៀសវាងពាក់ព័ន្ធ និងទំនាក់ទំនងក្នុងសង្គមដែលឥតន័យ ទស្សនៈបីយ៉ាងមិនដូចគ្នា គឺមិនរួមគ្នាឡើយ ហើយក៏មិនចាំបាច់ហែកមុខគ្នាដែរ។
ចូលដល់វ័យ50ឆ្នាំ អ្នកត្រូវចេះថែរក្សាចិត្តខ្លួនឯង កុំគិតតែលះបង់ទៀត កុំចំណាយការយកចិត្តទុកដាក់របស់យើងឱ្យទៅមនុស្សមិនដឹងគុណមិនយល់តម្លៃទៀតអី វានាំឱ្យយើងរឹតតែរបួសផ្លូវចិត្តតែប៉ុណ្ណោះ។ ក្នុងដំណាក់កាលនេះ មានមនុស្ស2ប្រភេទ អ្នកមិនត្រូវរវល់ឈឺឆ្អើលជាមួយដាច់ខាត វានឹងនាំភាពរញ៉េរញ៉ៃមកឲ្យអ្នកមិនខាន។
ទី1 ៖ មនុស្សដែលចូលចិត្តប្រើល្បិច
អ្នកខ្លះល្អនៅនឹងមុខ ចាក់រុកក្រោយខ្នង មាត់សម្តីផ្អែមណាស់ពីរោះណាស់ តែក្រោយខ្នងប្រើល្បិច មនុស្សបែបនេះ មានចិត្តចង្អៀតចង្អល់ ចិត្តចងគំនុំ អ្នកនឹងមិនដឹងទេថាគេគុំកួនអ្នកតាំងពីពេលណានោះឡើយ ត្រូវតែឃ្លាតឱ្យឆ្ងាយពីគេបន្តិច បើមិនដូច្នោះទេ គេប្រៀបបានទៅនឹងគ្រាប់បែកដែលមិនកំណត់ម៉ោង គង់មានថ្ងៃណាមួយ នឹងធ្វើឱ្យជីវិតអ្នកប្រឡាក់អាប់អួរមិនខាន។
ទី2 ៖ មនុស្សដែលមើលឃើញគេល្អជាងខ្លួនមិនបាន
នៅលើលោកនេះមានមនុស្សមួយប្រភេទ គឺមិនអាចឱ្យអ្នកដទៃល្អជាងគេបានឡើយ ជាពិសេសឋិតក្នុងវ័យនេះ អ្នកខ្លះតែងមានចិត្តប្រៀបធៀបគ្នាខ្លាំង។ ចូលចិត្តប្រៀបធៀបលក្ខខណ្ឌជីវភាពរស់នៅ ចូលចិត្តប្រៀបធៀបការស្លៀកពាក់តុបតែងខ្លួន ចូលចិត្តប្រៀបធៀបកូនចៅ។ ចំពោះមនុស្សប្រភេទនេះ អ្នកគ្រាន់តែនៅឱ្យឆ្ងាយមិនប៉ះពាល់ទៅបានហើយ។ ប្រសិនបើអ្នកមានលក្ខខណ្ឌល្អជាង ចៀសមិនផុសពីការឃ្នើសចិត្តនឹងចង់ឈ្នះអ្នកកាន់តែខ្លាំង ហើយមានការគុំកួន ធ្វើឱ្យរំខានចិត្តអ្នក។ ទំនាក់ទំនងសង្គមដែលអត់បានការ អាចបោះចោលបានក៏បោះចោលទៅ មនុស្សដែលធ្វើឱ្យអ្នកឈឺចាប់ អាចបំភ្លេចបានក៏បំភ្លេចចោលទៅ។
មិនថាអ្នកវ័យ40ឆ្នាំ ឬក៏50ឆ្នាំទេ យើងរស់នៅក្នុងភាពជាក់ស្តែងបន្តិច ទម្លាក់រឿងអត់បានការចោលឱ្យអស់ ហើយចេះថែរក្សាមនុស្សដែលធ្វើល្អនឹងយើង។ មើលរំលងរបស់ដែលបានមក និងរបស់ដែលបាត់បង់ កាត់បន្ថយរឿងរញ៉េរញ៉ៃចោល ទើបឆាកជីវិតចុងក្រោយយើងមានសុភមង្គលពិតប្រាកដ៕
👸បកប្រែត្រៀមទុកមើលខ្លួនឯង សម្រាប់វ័យឈានចូល40ឆ្នាំ
ប្រភព ៖ 美篇
https://youtu.be/epnx6BvoM-U
បកប្រែ ៖ សុខ គឹមទៀវ
DATE 28 12 2019