លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និង បរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះថា សត្វភេចំ នួន៤ក្បាល ដែលអាជ្ញាធរជាតិអប្សរាបានយកមកលែងឱ្យរស់បែបធម្មជាតិនៅតំបន់ខ្លោងទ្វារ ខ្មោចជិតប្រាសាទបាយ័ន ឥឡូវនេះវារស់នៅបានល្អនៅក្នុងតំបន់នេះ និងបានចេញដើរ ឆ្ងាយៗជាងមុន ដែលពេលខ្លះដើររហូតទៅដល់បារាយណ៍ទឹកថ្លា ប៉ុន្តែពួកវាមិនដែលភ្លេច កន្លែងដែលវារស់នៅទេ គឺពួកវាតែងតែត្រឡប់មកវិញ។
លោកបានបន្តថា នៅពេលដែលសត្វភេនេះចេញដើរឆ្ងាយៗដែល ពេលខ្លះត្រូវឆ្លងកាត់ជិតផ្ទះអ្នកភូមិរស់នៅ ដូច្នេះនៅពេលបងប្អូនឃើញពួកវាកុំធ្វើបាបវា ហើយកុំឱ្យចំណីវាស៊ី។ ដោយលោកបានពន្យល់ថា សត្វភេនេះគឺអាជ្ញាធរអប្សរា ឱ្យរស់នៅបែបធម្មជាតិរបស់វា ដោយឱ្យវាដើររកចំណីដោយខ្លួនឯង ព្រោះបើយើងឱ្យចំណីវាស៊ីវានឹងធ្លាប់ ហើយវាក៏អាចបង្កគ្រោះថ្នាក់ដល់មនុស្សដែរ។
ដូចជាករណីសត្វស្វានៅក្នុងតំបន់អង្គរបច្ចុប្បន្ននេះចឹងដែរ ពេលភ្ញៀវទេសចរទៅលេង អង្គរតែងតែឱ្យចំណីវា ដូច្នេះពេលវាឃើញមនុស្សមកតែងតែរត់ ទៅរកមនុស្ស និងដណ្តើមរបស់នេះ របស់នោះពីមនុស្ស ដែលពេលខ្លះធ្វើឱ្យយើងបាត់ទ្រព្យសម្បត្តិ និងគ្រោះថ្នាក់ដោយសារវាផងដែរ។
ដូច្នេះហើយ បានជាលោកសូមអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ដែលបានជួបនឹងសត្វភេ ដែលកំពុងរស់នៅក្នុងតំបន់ អង្គរកុំទៅជិតវាកុំឱ្យចំណីវាស៊ីឱ្យសោះ ព្រោះថា បើយើងឱ្យវាស៊ីថ្ងៃក្រោយពេលវាឃើញ មនុស្សវានិងរត់មករកមនុស្ស ហើយយើងគ្មានអ្វីឱ្យវាស៊ីទៀតវាអាចបង្កគ្រោះថ្នាក់ ដល់យើងដូចជាតាមខាំដណ្តើមរបស់ដែលនៅជាប់ខ្លួនយើង ដែលអាចធ្វើឱ្យយើងមាន របួសផងដែរ។ ប៉ុន្តែអ្វីដែលសំខាន់បើយើងស្រឡាញ់វាមែន យើងត្រូវរួមគ្នា ការពារកុំឱ្យមានអ្នកធ្វើបាបវាទៅបានហើយ៕